លោក សម រង្សី ថា លោក ហ៊ុន សែន អាច​ប្រឈម​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាម​ឧក្រិដ្ឋកម្ម ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​ចាប់​ពី​ទសវត្សរ៍​ទី៨០ រហូត​មក

ដោយ ទីន ហ្សាការីយ៉ា
2025.03.12
RFA

រូបឯកសារ៖ លោក ហ៊ុន សែន ថ្លែងសន្ទរកថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក ហ៊ុន សែន ថ្លែងសន្ទរកថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៣។ (រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន សែន)

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី លើក​ឡើង​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​ធ្លាប់​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម អាច​នឹង​ប្រឈម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ជាង​បួន​ទសវត្ស ចាប់​តាំង​ពី​ទសវត្សរ៍​ទី៨០ រហូត​ដល់​បច្ចុប្បន្ន។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី នៅ​ថ្ងៃ​ទី១២ ខែមីនា បាន​ បង្ហោះសា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន អាច​ប្រឈម​មុខ​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICJ) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​លើ​ករណី​ជា​ច្រើន។ លោក សម រង្ស៊ី បាន​សរសេរ​រៀបរាប់​ករណី​ទាំង​នោះ ដូចជា យុទ្ធនាការ «ក៥» ដែល​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ការ​គប់​គ្រាប់បែក និង​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ១៩៩៧ ដែល​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ការ​បាញ់​ប្រហារ​លើ​បាតុករ​ឆ្នាំ២០១៣ និង ២០១៤ ការ​សម្លាប់​បុគ្គល​ល្បីៗ មួយ​ចំនួន​មាន​អ្នកស្រី ពិសិដ្ឋ ពិលិកា បណ្ឌិត កែម ឡី លោក ជា វិជ្ជា និង​ការ​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ការ​បំផ្លាញ​ព្រៃឈើ​ជា​ដើម។

Sam_Rainsy_Hun_Sen.jpg
(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​អាំងទែប៉ូល សហការ​ជាមួយ​ប៉ូលិស ហ្វីលីពីន បាន​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីកូ ឌុយទែតេ (Rodrigo Duterte) នៅ​ទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី១១ មីនា តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។ ក្រោយ​ពី​ការ​ចាប់​ខ្លួន គេ​បាន​បញ្ជូន​អតីត​មេ​ដឹកនាំ​ហ្វីលីពីន​រូប​នេះ ទៅ​ប្រទេស​ហូឡង់ ជា​ទីតាំង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​កាត់​ទោស​អំពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ។ នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​រយៈ​ពេល ៦ឆ្នាំ គឺ​បាន​សម្លាប់​មនុស្ស ចំនួន ៦ពាន់​នាក់ ក្នុង​យុទ្ធនាការ​បង្ក្រាប និង​ប្រឆាំង​គ្រឿងញៀន។ រីឯ​ក្រុម​សិទ្ធិមនុស្ស​វិញ អះអាង​ថា បាន​សម្លាប់​មនុស្ស​ប្រមាណ ៣ម៉ឺន​នាក់។


ប្រធានាធិបតី​ហ្វីលីពីន គឺ​លោក ប៊ុង ប៊ុង ម៉ាកូស BongBong Marcos បាន​ប្រាប់​អ្នក​កាសែត​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី១១ មីនា​ថា លោក មាន​កាតព្វកិច្ច​ធ្វើ​តាម​សំណើ​របស់ Interpol ដើម្បី​ចាប់​ខ្លួន អតីត​ប្រធានាធិបតី​លោក Duterte

លោក​ថា ៖ «ប៉ូលីស Interpol បាន​សុំ​ជំនួយ​ពី​លោក ហើយ​លោក​មាន​កាតព្វកិច្ច ដើម្បី​អនុវត្ត​តាម ពីព្រោះ​លោក​មាន​ការ​ប្ដេជ្ញា​ចិត្ត ចំពោះ​ប៉ូលិស Interpol ដែល​ត្រូវ​តែ​អនុវត្ត​តាម។ ប្រសិនបើ​លោក​មិន​ធ្វើ​បែប​នេះ​ទេ ពួក​គេ​នឹង​មិន​ជួយ​រដ្ឋាភិបាល​របស់​លោក ក្នុង​ករណី​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ជន​ភៀស​ខ្លួន​ហ្វីលីពីន​នៅ​បរទេស​ទៀត​ទេ»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត បាន​បង្ហោះ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី១២ ខែមីនាថា បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធំៗ គឺ​មាន​បី ដូចជា ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក​បន្ត​ថា មាន​មេ​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ដូចជា ប្រធានាធិបតី ប្រទេសរុស្សី លោក វ្លាឌឺមៀ ពូទីន (Vladimir Putin) អតីត​មេ​ដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេសស៊ីរី លោក បាស្សា អាល់អាសាដ (Bashar Al-Assad) មេ​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា​សព្វថ្ងៃ គឺ​នាយ​ឧត្ដមសេនីយ៍ មីន អូង ហ្លាំង (Min Aung Hlaing) និង​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីកូ ឌុយទែតេ (Rodrigo Duterte) ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ដើម ។

ចំណែក​ឯ​នៅ​កម្ពុជា​វិញ លោក​បន្ថែម​ថា អ្នក​កាន់​អំណាច​អាច​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ តាម​រយៈ​អំពើ​ឃាតកម្ម​នយោបាយ ការ​ចាប់​មនុស្ស​ដាក់ពន្ធនាគារ ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខ​បុក​ម្នេញ​ក្រោម​ហេតុផល​នយោបាយ និង​ការ​ចិញ្ចឹម​ចិត្ត​បង្កើត​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ជា ភេរវករ​ជាដើម។

លោក វ៉ន ចាន់ឡូត៖ «ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ ដ៏​មាន​អត្ថប្រយោជន៍​នោះ គឺ​អ្នក​ដឹកនាំ​នៅ​ពេល ដែល​ខ្លួន​ទទួល​បាន​អំណាច​ពី​ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​អំណាច​នោះ បម្រើ​ប្រជាពលរដ្ឋ​ជៀសវាង​នូវ​ការ​បំពាន​អំណាច ហើយ​ប្រើប្រាស់​អំណាច​ក្នុង​ផ្លូវ​ខុស ដែល​ឈាន​ទៅ​ដល់​ការ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋកម្ម ដែល​អន្តរជាតិ ដែល​គេ​ស្អប់ខ្ពើម ក្នុង​នោះ​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ជា​ដើម»

វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ ខែមីនា។

ប៉ុន្តែ លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលថ្ងៃទី១១ ខែមីនា ថា រឿង ដែល​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ក្រោម​ការ​ដឹកនាំ​លោក ឌុយទែរ៍តេ និង​ស្ថានការណ៍​នៅ​កម្ពុជា​សម័យ​លោក ហ៊ុន សែន ខុស​គ្នា​ដូច​មេឃ និង​ដី។ លោក​ថា លោក ហ៊ុន សែន មិន​បាន​ប្រព្រឹត្ត​អ្វី​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នោះ​ទេ ហើយ​ថា បើ​អ្នក​ណា​មិន​អស់​ចិត្ត ពួក​គេ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក សុខ ឥសាន៖«ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន មិន​មែន​មាន​ទោស​កំហុស​អ្វី​ធ្លាក់​ទៅ​ដល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឬ​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​អី ។ល។ ទេ!មិន​ដូច​លោក ឌុយទែរ៍តេ ទេ ព្រោះ​លោក ឌុយទែរ៍តេ ខ្ញុំ​យល់​ក្នុង​នាម​ជា​ប្រធានាធិបតី​ហ្វីលីពីន​ក៏​គាត់​ប្រើ​វិធានការ​ក្ដៅ ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ហ្នឹង។ អា​ហ្នឹង​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់ ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់»។

ថ្វីបើ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ អះអាង​យ៉ាង​ដូច​នេះ​ក៏​ដោយ ក៏​មេធាវី​អាមេរិកាំង​តំណាង​ក្រុម​សម្ព័ន្ធ​អ្នក​តស៊ូ​មតិ ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស លោក ម័រតុន សក្លា (Morton Sklar) កាល​ពី​ដើម​ឆ្នាំ២០១៤ បាន​ដាក់​ បណ្ដឹងព្រហ្មទណ្ឌ លើ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​បទ​រំលោភ​សិទ្ធិមនុស្ស និង​រារាំង​ការ​ស្វែងរក​យុត្តិធម៌ សម្រាប់​ជន​រង​គ្រោះ ក្នុង​របប​ខ្មែរក្រហម។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១២ ខែមីនា​ថា លោក ហ៊ុន សែន អាច​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយសារ​តែ​អំពើ​មួយ​ចំនួន ដូច​ដែល​លោក សម រង្សី បាន​លើក​ឡើង ខណៈ​ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​លោក ហ៊ុន សែន អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ដល់​លោក ហ៊ុន សែន ហើយ​ដែល​គាត់​ធ្វើបាប​គេ​ច្រើន​មែនទែន យើង​មើល​ទៅ​តាម​រឿង​ទាំង​អស់​តាំង​ពី​សតវត្ស​ទី៨០ ដូច​ប្រធាន​ស្ដីទី លោក សម រង្សី គាត់​សរសេរ​អ៊ីចឹង​ទាំង​អស់​ហ្នឹង គឺ​ឧក្រិដ្ឋកម្ម​ច្រើន​មែនទែន ដែល​រឿង​និទ្ទណ្ឌភាព​មិន​អាច​ចៀស​ផុត​ទេ បុគ្គល​ណា​ក៏​ដោយ​ម៉េច​ចៀស​ផុត​ទេ ទោះ​អ្នក​ណា​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ក៏​ចប់​អំណាច តុលាការ​គេ​នឹង​ចាត់ចែង​ហើយ»

រដ្ឋាភិបាល​កម្ពុជា​តាំង​ពី​ជំនាន់​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​បន្ត​ដល់​កូន​ប្រុស​របស់​លោក គឺ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ជុំ​ទិស​អំពី​ការ​បង្កើត​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា តាម​រយៈ​ឃាតកម្ម​លើ​បុគ្គល​ល្បីៗ មួយ​ចំនួន ក្រៅ​ប្រព័ន្ធ​ច្បាប់ ដូចជា អ្នកស្រី ពិសិដ្ឋ ពិលិកា ព្រះសង្ឃ សំ ប៊ុនធឿន លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក លិម គិមយ៉ា រហូត​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន និង​ថ្នាក់​ដឹកនាំ​សហជីព​ជា​ច្រើន​រូប​ទៀត។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ត្រកូល ហ៊ុន នេះ ក៏​រង​ការ​រិះគន់​ដែរ អំពី​ការ​ បណ្ដេញពលរដ្ឋដោយបង្ខំរាប់​ម៉ឺន​គ្រួសារ ចេញ​ពី​លំនៅឋាន និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ រួម​ទាំង​ ព្រៃឈើ ជា​ដើម។

ប្រការ​ទាំង​នេះ​ហើយ ទើប​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​លើក​ឡើង​ថា អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អាច​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។

លោក វ៉ន ចាន់ឡូត គូស​បញ្ជាក់​ថា បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធំៗ ទាំង​បី ខាងលើ គឺ​ពុំ​មាន​អាជ្ញាយុកាល​ឡើយ ហើយ​មនុស្ស​គ្រប់​រូប​ជា​បុគ្គល ឬ​ជា​ក្រុម រដ្ឋ ឬ​អង្គការ អាច​ផ្ដល់​ព័ត៌មាន​អំពី​ឧក្រិដ្ឋកម្ម​ទៅ​ការិយាល័យ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment