អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​គួរតែ​ជំរុញ​ឱ្យ​អ្នកនយោបាយ​បក្ស​កាន់អំណាច ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស

ដោយ សុខ ម​នោហត្ថា
2025.03.12
RFA

(ពីឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង កាលពីថ្ងៃទី៨ មិថុនា ២០២៤។

(ពីឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង កាលពីថ្ងៃទី៨ មិថុនា ២០២៤។ (រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន)


អ្នកឃ្លាំមើល​លើកឡើង​ថា ព្រះមហាក្សត្រ​គួរតែ​ជំរុញ​ឱ្យ​អ្នកនយោបាយ​បក្ស​កាន់អំណាច ដែល​ដោយ​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន ព្រោះថា​បញ្ហា​ទាំងនេះ គឺជា​ក្ដី​ប្រាថ្នា​របស់​ប្រជារាស្ត្រ​គ្រប់រូប​ជា​យូរ​មក​ហើយ​។ ការ​លើកឡើង​នេះ ស្រប​ដែល​រដ្ឋាភិបាល​កំពុង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបួងសួង របស់​ព្រះមហាក្សត្រ នៅមុខ​ប្រាសាទអង្គរវត្ត នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​សុំ​សេចក្ដីសុខ​ចម្រើន​ដល់​ប្រជារាស្ត្រ​ខ្មែរ។

ស្របពេល​ប្រជារាស្ត្រ​កំពុង​ជួប​ទុក្ខ​លំបាក ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់ គ្មាន​ការងារ​ទៀងទាត់​ជំពាក់​បំណុល​វ័ណ្ឌក​និង បញ្ហា​ជាប់​គាំង​នយោបាយ​ជាដើម ប្រជារាស្ត្រ​តែងតែ​សញ្ជឹង​ចង់​ឃើញ ព្រះមហាក្សត្រ មាន​ព្រះរាជ​បន្ទូល និង​ធ្វើ​ព្រះរាជ​អន្តរាគមន៍ ឱ្យ​អ្នកនយោបាយ​ផ្សះផ្សា​គ្នា​ឡើងវិញ ទាំង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ដើម្បី​ឆ្ពោះ​ទៅ​រក​ការដឹកនាំ​ប្រទេស​តាម​គន្លង​ទសពិធរាជធម៌​ពិតប្រាកដ ដើម្បី​ប្រជាពលរដ្ឋ មាន​នូវ​សេចក្ដីសុខ​សាន្តត្រាណ ។​

​ព្រះរាជ​តួនាទី​ដ៏​សំខាន់ព្រះមហាក្សត្រ គឺ​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ

អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែមីនា ថា ការ​ត្រៀម​រៀបចំ​ពិធីបួងសួង របស់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ខាង​មុខ ប្រាសាទ​អង្គរវត្ត នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ គឺជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ព្រះមហាក្សត្រ​មុនៗ ដែល​តែងតែ​ប្រារព្ធ​ឡើង​ដើម្បី​បួងសួង​សុំ​សិរីសួស្ដី និង សេចក្ដីសុខ​ចម្រើន​ជូន​ប្រជារាស្ត្រ​។ លោក​បន្ត​ថា លើស​ពី​នោះ​ព្រះមហាក្សត្រ ក៏​មាន​ព្រះរាជ​តួនាទី​ដ៏​សំខាន់ គឺ​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ ដើម្បី​ជំរុញ​ឱ្យ​អ្នកនយោបាយ​ចេះ​សាមគ្គី និង​រួបរួម​គ្នា​ឡើង ដែល​ព្រះអង្គ​គួរតែ​មាន ព្រះរាជ​បន្ទូល​ដែរ។

លោក ប៉ោ មករា៖ «នៅក្នុង​មាត្រ​៨ ព្រះមហាក្សត្រ ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះអង្គ​មាន​ព្រះរាជ​សិទ្ធិ​ក្នុង​ការ​បង្រួបបង្រួម​នយោបាយ បង្រួបបង្រួម​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ស្រុះស្រួល​គ្នា ឱ្យ​មានការ​សាមគ្គី​គ្នា​ឡើង​។ បញ្ហា​ទាំងនេះ ព្រះអង្គ​អាច​ជំរុញ​ឱ្យ រាជរដ្ឋាភិបាល ឱ្យ​អ្នក​អនុវត្ត​ច្បាប់ ឱ្យ​តុលាការ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​។ ក្នុង​ការ​បើក​លំហ លទ្ធិប្រជាធិបតេយ្យ និង​ឱ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ស្ថានភាព​នយោបាយ ដោយ​ពេញលេញ និង​គ្មាន​ការភ័យខ្លាច»។

នៅ​ថ្ងៃទី​១១ ខែ​មីនា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គុយ សុផល រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យមើល​ទីតាំង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបួងសួង​របស់​ព្រះមហាក្សត្រ ដើម្បី​សុំ​សេចក្ដីសុខ​ចម្រើន​ដល់​ប្រជារាស្ត្រ និង​ប្រទេសជាតិ​។ លោក​គុយ សុផល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ដដែល​នេះ​ថា ព្រះរាជ​ពិធី​នេះ គឺជា​ការ​បង្ហាញ​អំពី​សីលធម៌​របស់​ប្រជាជន​ខ្មែរ​ដែល​មាន​ការគោរព​ដឹងគុណ​ចំពោះ​ម្ចាស់​ទឹកដី​ទេវតា​រក្សា​លោក និង​បុព្វបុរស​ខ្មែរ។ ទន្ទឹម​នោះ​លោក​ថា នេះ​គឺជា​ទំនៀមទម្លាប់​ប្រពៃណី​នៃ​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ដែល​ប្រជាពលរដ្ឋ គ្រប់រូប​បាន​រក្សា និង​គោរព​មក​ជា​យូរហើយ​។​

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គុយ សុផល ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១១ ខែមីនា។

អ្នកឃ្លាំមើលរំពឹង​ថា ព្រះមហាក្សត្រដើរតាមលំនាំ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧

ទោះជា​យ៉ាងណា ការ​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបួងសួង​របស់​មហាក្សត្រ ប្រជារាស្ត្រ និង​អ្នកឃ្លាំមើល រំពឹង​ថា ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​គួរតែ ឆ្លៀត​ក្នុង​ឱកាស​នោះ ជំរុញ​ឱ្យ​អ្នកនយោបាយ ងាក​មក​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន និង ចាត់ទុកទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ​ជាធំ ជាជាង​ច្បាមអំណាចដើម្បី​តែ​បក្សពួកនិយម ។ ការណ៍​នេះ គឺ​ដើម្បី រំលឹក​និង​ដើរ​តាម​លំនាំ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ព្រះអង្គ​ធ្លាប់​បាន​ផ្ដាំ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ប្រជារាស្ត្រ​ឱ្យ​ដឹង​តៗ​គ្នា​មក​ថា «ទុក្ខ​របស់​ប្រជារាស្ត្រ ជា​ទុក្ខ​របស់​ព្រះអង្គ»។

ទាក់ទិន​រឿង​នេះ​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ហាក់​ស្ទាក់ស្ទើរ ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ លើ​ករណី​នេះ ប៉ុន្តែ​លោក​ថា ការរៀបចំ​ព្រះរាជ​ពិធីបួងសួង​សុំ​សិរី​សួស្ដី​ដល់​ប្រទេសជាតិ និង​ប្រជារាស្ត្រ របស់​ព្រះមហាក្សត្រ នៅពេល​ខាង​មុន​នេះ គឺជា​ព្រះរាជសារ​មួយ​សំខាន់​ដើម្បីជំរុញ​ឱ្យ​អ្នកនយោបាយ គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ ព្រោះថា បច្ចុប្បន្ន ព្រះអង្គ​មានតែ​មធ្យោបាយ​មួយ​នេះ​ទេ ដែល​ព្រះអង្គ មាន​ព្រះរាជកិច្ច​អាច​ធ្វើ​បាន។

លោក ឯម សុវណ្ណារ៉ា៖ «ខ្ញុំ​គិតថា ទោះជា​យ៉ាងណា ជា​សារ ជា​ការ​ដាស់​ស្មារតី​ឱ្យ​អ្នកនយោបាយ ឱ្យ​ពិចារណា ឱ្យ​គិត​លើ​រឿង​សុខ​សន្តិភាព សេរី​មង្គល ដល់​ពលរដ្ឋ​នៅក្នុង​ប្រទេស។ ថ្វីត្បិត​តែ អត់​មាន​មធ្យោបាយ​អី​ផ្សេង តែ​លោក​មាន​តែម​មធ្យោបាយ​នេះ​ទេ តាម​ទស្សនៈ​ខ្ញុំ​។ យើង​ឃើញ យើង​ដឹង​ទាំងអស់គ្នា​។ យើង​ពិបាកធ្វើ​ការ​អត្ថាធិប្បាយ​ណាស់ កិច្ចការ​ហ្នឹង»។


អត្ថបទ​ដែលទាក់ទង៖ 

ព្រះមហាក្សត្រ ដាស់តឿន​ពលរដ្ឋ​កុំឱ្យ​បារម្ភ​ពី​ការ​គាបសង្កត់​ណាមួយ​ពេល​ទៅ​បោះឆ្នោត

១៨​ឆ្នាំ​ក្រោម​ការ​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពី​អតីត​អ្នក​រាំ​របាំ​បាឡេ ទៅជា «ស្តេចប្រថាប់ត្រា»?

អង្គ​ព្រះមហាក្សត្រ សម្ដេច នរោត្តម សីហមុនី ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការរិះគន់​មិនចេះចប់​​ពី​ក្រុម​អ្នក​នយោបាយ​ខ្មែរ


សេចក្ដីប្រកាស​របស់​រដ្ឋាភិបាល ចុះ​នៅ​ថ្ងៃទី​៤ ខែ​មីនា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ព្រះរាជ​ពិធីបួងសួង​នៅ​មុខ​ប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១១ ដល់​១២ ខែ​មេសា។ ក្នុង​នោះ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គុយ សុផល ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក ហ៊ុន ម៉ានី គឺជា​អនុប្រធាន ចំណែក ​អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​រៀបចំ​រៀបចំ​បុណ្យជាតិ លោក ឈិន កេតនា គឺជា​អនុប្រធាន​អចិន្ត្រៃយ៍។ ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​លើកឡើង​ថា ការរៀបចំ​ព្រះរាជ​ពិធីបួងសួង របស់​ព្រះមហាក្សត្រ នៅ​ឆ្នាំនេះ គឺ​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ ខណៈ​ដែល​កន្លងមក ពិធី​នេះ គេ​សង្កេតឃើញ​ភាគច្រើន​មានតែ​មន្ត្រី​រដ្ឋាភិបាល និង កូនចៅ​គ្រួសារ​ត្រកូល​«​ហ៊ុន​»​ប៉ុណ្ណោះ ជា​អ្នក​រៀបចំ​បួងសួង នៅពេល ជិត​ចូលឆ្នាំ​ខ្មែរ​ម្ដងៗ​។ ជាមួយគ្នា​នោះ កន្លងមក​ព្រះសង្ឃ និង​អ្នកឃ្លាំមើល យល់ថា​ ​សេចក្ដីសុខ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប មិនមែន​កើតឡើង​ដោយសារតែ​ការ​បន់ស្រន់​នោះ​ទេ។ ក៏ប៉ុន្តែ​សេចក្ដីសុខ និង​ស្ថិរភាព​យូរអង្វែង កើតមានឡើង​ពិតប្រាកដ​តាមរយៈ​ទង្វើ​ល្អ​ដែល​មេដឹកនាំ​ជា​អ្នក​ប្រព្រឹត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment