កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
12/03/2025 – 11:25
ដោយ៖ ជួប នរក្សា
RFI
លោក Tull Traisorat ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាបានសន្យាពង្រឹងទំនាក់ទំនងលើគ្រប់វិស័យជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរ។ ការសន្យារបស់លោក Tull Traisorat យ៉ងដូចនេះធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែននាថ្ងៃអង្គារទី១១មីនាដើម្បីប្រគល់សារតាំង។
លោក Tull Traisorat ឯកអគ្គរាជទូតថៃថ្មីសន្យាពង្រឹងទំនាក់ទំនងគ្រប់វិស័យជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរ
នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ឯកអគ្គរាជទូតថៃថ្មី លោក Tull Traisorat បានអះអាងថា លោកនឹងធ្វើឲ្យទំនាក់ទំនងកម្ពុជាថៃល្អប្រសើរថែមទៀតនៅលើគ្រប់វិស័យ។ នេះបើតាមសំណេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុន សែន ដោយបញ្ជាក់ទៀតថា ភាគីកម្ពុជា និងថៃបានបង្ហាញចេញនូវសាមគ្គីភាពដើម្បីអបអរដល់ខួប ៧៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរក្នុងឆ្នាំ២០២៥ នេះ។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានលើកសរសើរពីកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា ថៃក្នុងឆ្នាំ ២០២៤ ដែលមាន ១០ពាន់លានដុល្លារ ពោលកើនឡើងជាង២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។
ក្នុងន័យនេះ លោក ហ៊ុន សែន ចាត់ទុកថា កម្ពុជា និងថៃកំពុងដើរទៅមុខជាមួយគ្នានៃទំនាក់ទំនងនយោបាយកាន់តែល្អប្រសើរ។ សម្រាប់ភាគីថៃ លោក Tull Traisorat បានប្តេជ្ញាបំពេញបេសកកម្មការទូតក្នុងប្រទេសកម្ពុជា ពិសេសគៀរគរអ្នកវិនិយោគថៃឲ្យចូលបោះទន់រកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ពីទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃក្នុងពេលបច្ចុប្បន្នថា មានភាពវិជ្ជមានលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
តែអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិដដែលរូបនេះក៏មិនភ្លេចកត់សម្គាល់ថា នៅមានបញ្ហាខ្លះដែលប្រទេសទាំងពីរហាក់មិនសូវចុះសម្រុងគ្នា ដូចជាបញ្ហាប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងជាពិសេស គឺបញ្ហាព្រំដែន។ តាមលោកបណ្ឌិត គិន ភា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃតែងតែលេចឡើងនៅពេលដែលថៃជួបវិបត្តិនយោបាយផ្ទៃក្នុង។ ជាក់ស្តែង ដូចជាការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ ក្នុងឆ្នាំ២០០៨ ជុំវិញបញ្ហាប្រាសាទព្រះវិហារ។ គួរកត់សម្គាល់ថា នៅប៉ុន្មានខែចុងក្រោយនេះ បញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានអ្នកនយោបាយក្រៅប្រទេសលើកមកវែកញែកជាថ្មី ជាពិសេសការទាមទារចំណែកគ្រប់គ្រងកោះគុត និងការប៉ះទង្គិចគ្នានៅឯប្រាសាទតាមាន់ធំ។

តែបញ្ហាប្រាសាទតាមាន់ធំហាក់បានស្ងប់ស្ងាត់ទៅវិញមួយរយៈ ខណៈដែលបញ្ហាទាមទារចំណែកគ្រប់គ្រងកោះគុតត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ទុកឲ្យគណៈកម្មាការកិច្ចការព្រំដែននៃប្រទេសទាំងពីរចរចាគ្នាសិន៕