កម្ពុជា
កម្ពុជា-ច្បាប់
13/03/2025 – 09:42
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅថ្ងៃទី១៤ មីនា សាលាឧទ្ធរណ៍បើកសវនាការរបស់ទណ្ឌិត ស្រី ស៊ីណា ជាលើកទី១ លើបណ្ដឹងពីបទឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ តែគ្រួសារជនរងគ្រោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ មីនាថា ពួកគេមានក្តីបារម្ភចំពោះការប្រែប្រួលតិចតួចលើរឿងក្តីមួយនេះ និងសង្ឃឹមថា សាលាឧទ្ធរណ៍នៅតែបន្តសម្រេចតម្កល់សាលក្រមកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។
គ្រួសារជនរងគ្រោះបារម្ភចំពោះការប្រែប្រួលតិចតួចសំណុំរឿង ស្រី ស៊ីណានៅឧទ្ធរណ៍
យោងតាមដីកាកោះហៅរបស់អយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញចុះថ្ងៃទី១៣ មីនា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍បានបង្គាប់ឲ្យក្រុមគ្រួសារជនរងគ្រោះក្នុងសំណុំរឿងឃាតកម្មដែលបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណាចូលសវនាការនៅព្រឹកថ្ងៃទី១៤ មីនា ដើម្បីជំនុំជម្រះលើបណ្តឹងពីបទឃាតកម្ម និងការប្រើប្រាស់អាវុធខុសច្បាប់។ គួររម្លឹកថា ទណ្ឌិតស្រី ស៊ីណា បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ដោយមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងសេចក្តីសម្រេច សាលាដំបូងបានតម្រូវឲ្យស្រី ស៊ីណាសងសំណងខូចខាតជាង ២លាន៥០ម៉ឺនដុល្លារ និងចោទប្រកាន់ពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម ការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី១៣ មីនានេះ អ្នកស្រី ស៊ីន សុខគីម ម្តាយជនរងគ្រោះនៅតែរក្សាជំហរទាមទារសំណងពីទណ្ឌិត ស្រី ស៊ីណា ដូចមុន។ ក្នុងភាពជឿជាក់ថា សាលាឧទ្ធរណ៍នៅតែបន្តសម្រេចតម្កល់សាលក្រមកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញដដែល អ្នកស្រី ស៊ីន សុខគីម បារម្ភតិចតួចណាស់ថារឿងក្តីនេះនឹងមានការប្រែប្រួល។ អ្នកស្រី ស៊ីន សុខគីមក៏បានបញ្ជាក់ទៀតថា គ្រួសារជនរងគ្រោះមិនចង់អូសបន្លាយរឿងក្តីក្តាំងនេះយូរទៀតទេ ពោលគឺចង់បិទបញ្ចប់សំណុំរឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរជ្រាបថា កាលពីខែមករា ឆ្នាំ២០២៥ គ្រួសារជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្រោយអតីតឧកញ៉ាស្រី ស៊ីណាប្តឹងទៅសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឲ្យ ស្រី ស៊ីណា ជាប់ក្នុងពន្ធនាគាររយៈពេល ៣១ឆ្នាំ និងបង់សំណងជំងឺចិត្តឲ្យគ្រួសារជនរងគ្រោះជាង២លាន៥០ម៉ឺនដុល្លារ។ នៅក្នុងការបន្តប្តឹងទៅសាលាឧទ្ធរណ៍នេះ គ្រួសារជនរងគ្រោះបានទារសំណងជំងឺចិត្តបន្ថែមម្នាក់៥០ម៉ឺនដុល្លារ និងស្នើឱ្យតុលាការកាត់ទោសដាក់ទណ្ឌិតស្រី ស៊ីណាមួយជីវិត។

បើសាលាឧទ្ធរណ៍សម្រេចដូចការទាមទាររបស់អ្នកស្រី ស៊ិន សុខគីមមែន ទណ្ឌិតស្រី ស៊ីណា ត្រូវសងសំណងទៅឱ្យគ្រួសារខាងស្រីចំនួន ១លាន៥០ម៉ឺនដុល្លារ និងគ្រួសារខាងប្រុសចំនួន ១លាន៥២ម៉ឺនដុល្លារ។ ចំណែកជនរងគ្រោះ ២នាក់ផ្សេងទៀតនៅបន្តទាមទារសំណងម្នាក់ចំនួន ២០ម៉ឺនដុល្លារ និងម្នាក់ទៀតចំនួន ៣០ម៉ឺនដុល្លារដដែល។ គួររម្លឹកថា អតីតឧកញ៉ាស្រី ស៊ីណាត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ មិថុនា បន្ទាប់ពីបានព្យាយាមរត់គេចពីកន្លែងប្រព្រឹត្តអំពើឃាតកម្មបាញ់សម្លាប់គូដណ្តឹង ២នាក់ គឺលោកឡុង លីសុង អាយុ២៧ឆ្នាំ និងកញ្ញាឃិន កញ្ចនា អាយុ២៦ឆ្នាំ ខណៈមនុស្ស ២នាក់ផ្សេងទៀតរងរបួសនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ហេតុការណ៍បាញ់ប្រហារដ៏ឃោរឃៅរបស់អតីតឧកញ៉ាស្រី ស៊ីណាកាលណោះត្រូវបានចែកចាយពាសពេញបណ្តាញសង្គម និងបានញ៉ាំងឱ្យមហាជនចាប់អារម្មណ៍ ហើយចាំតាមដានឃ្លាំមើលដំណើរការប្រព័ន្ធយុត្តិធម៌ រួមទាំងចំណាត់ការរបស់តុលាការកម្ពុជា៕