ក្រុមអ្នកអភិរក្សសត្វព្រៃរកឃើញថា ចំនួនសត្វដំរីអាស៊ីមានកំណើននៅកម្ពុជា

កម្ពុជា
កម្ពុជា-សត្វព្រៃ
14/03/2025 – 10:44
ដោយ៖ សឹម ចាន់សំណាង
RFI

ការសិក្សាហ្សែនប្រភេទសត្វដំរីអាស៊ីនៅភាគខាងជើងប្រទេសកម្ពុជាបង្ហាញថា ចំនួនសត្វដំរីអាស៊ីនៅកម្ពុជាបានកើនឡើង និងមានទំហំធំ រឹងមាំជាងកាលពីមុន។ នេះបើតាមលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកជំនាញនៃក្រុមអភិរក្សសត្វ និងរុក្ខជាតិ Fauna & Flora conservation ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ មីនា ឆ្នាំ២០២៥ ដោយបញ្ជាក់បន្ថែមថា ការសិក្សាពីកំណើនសត្វដំរីនៅភាគខាងជើងប្រទេសកម្ពុជានេះ គឺជាក្តីសង្ឃឹមរបស់ប្រភេទសត្វជិតផុតពូជដែលអាចងើបឡើងវិញបន្តិចម្តងៗ។

ក្រុមអ្នកអភិរក្សសត្វព្រៃរកឃើញថា ចំនួនសត្វដំរីអាស៊ីមានកំណើននៅកម្ពុជា


ក្រុមអ្នកស្រាវជ្រាវមកពីក្រុមអភិរក្សសត្វ និងរុក្ខជាតិ Fauna & Flora conservation បានចុះប្រមូលសំណាកពីលាមកសត្វដំរីនៅតំបន់វាលទំនាបភាគខាងជើងនៃប្រទេសកម្ពុជា និងបានទាញយក DNA របស់សត្វដំរីទាំងនោះ។ ជាមួយនឹងការវិភាគលើ DNA ដែលប្រមូលបាន ក្រុមអ្នកស្រាវជ្រាវអាចកំណត់អត្តសញ្ញាណនៃប្រភេទសត្វដំរីនីមួយៗ ដូចជាអាចប៉ាន់ស្មានពីទំហំ ការកំណត់ភេទ និងភាពចម្រុះនៃហ្សែនរបស់ដំរី។ អ្នកស្រាវជ្រាវបានរកឃើញ និងប៉ាន់ប្រមាណថា មានសត្វដំរីអាស៊ីចំនួន ៥១ ក្បាលនៅក្នុងដែនជម្រកសត្វព្រៃឡង់ ព្រះរកា និងឆែបដែលជាសត្វដំរីជាមួយភាពចម្រុះនៃហ្សែន។

តាមក្រុមអ្នកស្រាវជ្រាវ បើប្រភេទសត្វដំរីទាំងនោះមានជម្រករស់នៅសមរម្យគ្រប់គ្រាន់ និងមានការការពារត្រឹមត្រូវនៅក្នុងតំបន់ ចំនួនសត្វដំរីអាស៊ីនឹងមានចំនួនកើនឡើង។ ក្រសួងបរិស្ថានកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ខ្វៃ អាទិត្យា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៤ មីនានេះថា ការរកឃើញវត្តមានដំរីអាស៊ីនៅក្នុងព្រៃឡង់ពេលនេះ គឺជាជោគជ័យមួយដែលបានជំរុញឲ្យមានការថែរក្សាការពារដំរីអាស៊ី និងទីជម្រករបស់ពួកវាបន្ថែមទៀត។ តាមលោក ខ្វៃ អាទិត្យា ការរួមគ្នាអភិរក្សប្រភេទដំរីអាស៊ីនេះ គឺមិនត្រឹមតែមិនធ្វើឲ្យបាត់បង់ដំរីប៉ុណ្ណោះទេ តែថែមទាំងជាការរួមចំណែកមិនធ្វើឲ្យបាត់បង់នូវជីវសាស្រ្ត វប្បធម៌ និងអត្ថប្រយោជន៍ជាក់ស្តែងដែលផ្តល់ដោយសត្វដំរី និងប្រព័ន្ធអេកូឡូស៊ីនៅកន្លែងរបស់ពួកវារស់នៅទៀតផង។

លោក ខ្វៃ អាទិត្យា បន្ថែមថា ជាគោលការណ៍នៃការ ការពារដំរីអាស៊ី ក្រសួងបានដឹកនាំរៀបចំ និងអនុម័តផែនការសកម្មភាពអភិរក្សដំរីអាស៊ីនៅកម្ពុជាពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានដាក់ចេញនូវវិធានការច្បាប់ កិច្ចសហប្រតិបត្តិការ សម្ភារៈ និងបច្ចេកវិទ្យាក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការដាំស្តារព្រៃ បង្កើនគម្របបៃតង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ តាមអ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជាដដែលរូបនេះ បន្ទាប់ពីបានអនុវត្តនូវផែនការសកម្មភាពនេះជិត ៤ឆ្នាំមក ចំនួនដំរីអាស៊ីហាក់មានការកើនឡើង ហើយថ្មីៗនេះ ក្រសួងបានរកឃើញដំរីដើរជាហ្វូងចាប់ពី១០ រហូតដល់ជាង ២០ក្បាល រួមទាំងមានវត្តមានកូនដំរីដែលទើបនឹងកើតនិងមានវ័យជំទុងជាច្រើនទៀតផង។

ក្រុមអ្នកអភិរក្សសត្វព្រៃរកឃើញថា ចំនួនសត្វដំរីអាស៊ីមានកំណើនក្នុងប្រទេសកម្ពុជា
ក្រុមអ្នកអភិរក្សសត្វព្រៃរកឃើញថា ចំនួនសត្វដំរីអាស៊ីមានកំណើនក្នុងប្រទេសកម្ពុជា AP

ក្នុងន័យនេះ លោក ខ្វៃអាទិត្យអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ និងការបំផ្លាញទីជម្រកសត្វ និងងាកទៅបង្កើនភាពបៃតងឱ្យបានច្រើននៃផ្ទៃប្រទេសនៅត្រឹមឆ្នាំ២០៥០ តាមរយៈការដាំកូនឈើ និងការថែរក្សាដំណុះធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ គួរបញ្ជាក់ថាបច្ចុប្បន្ន កម្ពុជាមានដំរីអាស៊ីចំនួនពី ៤០០ ទៅ ៦០០ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានបេប្រមាណចំនួន ៧១ ក្បាល៕

What Next?

Recent Articles