លោក សុខ ហាច៖ យើងអាចទៅជំនួសបក្សកាន់អំណាចសព្វថ្ងៃបានដោយមធ្យោបាយបោះឆ្នោត

កម្ពុជា
14/03/2025 – 11:10
ដោយ៖ ញឹម សុផល
RFI

ក្រុមមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ពួកគេមិនមែនជាគណបក្សជ្រុលនិយមទេ និងថា សម្ព័ន្ធគណបក្សរបស់ពួកគេអាចផ្តួលគណបក្សកាន់អំណាចសព្វថ្ងៃដោយមធ្យោបាយបោះឆ្នោត។ ការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងដូច្នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរកាលពីចុងសប្តាហ៍កន្លងទៅនៅខេត្តកំពត។

លោក សុខ ហាច៖ យើងអាចទៅជំនួសបក្សកាន់អំណាចសព្វថ្ងៃបានដោយមធ្យោបាយបោះឆ្នោត


នៅចំពោះមុខសមាជិក និងអ្នកគាំទ្រជាច្រើន លោកបណ្ឌិត សុខ ហាច ប្រធានគណបក្សឆន្ទៈខ្មែរបានថ្លែងថា គណបក្សរបស់លោក គឺជាអ្នកប្រកួតប្រជែងដែលមិនត្រូវខ្ទាស់ជើងគេឲ្យដួល ហើយគេក៏មិនត្រូវខ្ទាស់ជើងពួកលោកឲ្យដួលដែរ។ ក្នុងន័យនេះ លោក សុខ ហាច ចង់ឲ្យមានការប្រណាំងប្រជែងគ្នាប្រកបដោយសេរីភាព១០០% និងរង់ចាំមើលថា តើអ្នកណាជាអ្នកឈ្នះ។

ប្រធានគណបក្សប្រឆាំងដដែលរូបនេះក៏បានបញ្ជាក់ផងដែរថា គណបក្សរបស់ពួកលោក ដែលក្នុងនោះមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សសម្ព័ន្ធភាព ៣ផ្សេងទៀត គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយមអាចនឹងទៅជំនួសគណបក្សដែលកំពុងកាន់អំណាចសព្វថ្ងៃ គឺគណបក្សប្រជាជនកម្ពុជា។ ការជំនួសនេះត្រូវបានលោក សុខ ហាច បញ្ជាក់ថា ជាការជំនួសដោយប្រើវិធីបោះឆ្នោត ការប្រើច្បាប់ និងមិនឆុងឆាំងខុសរឿងជ្រុលនិយមឡើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការលើកឡើងរបស់លោកបណ្ឌិត សុខ ហាច ថាជាសិទ្ធបញ្ចេញមតិ និងលំហនយោបាយទូលំទូលាយដែលមិនមានអ្វីប៉ះពាល់ ឬថ្នាំងថ្នាក់ដល់គណបក្សកាន់អំណាចឡើយ។ តាមលោក សុខ ឥសាន ប្រធានគណបក្សប្រឆាំង លោក សុខ ហាច ដែលជាសមាជិកព្រឹទ្ធសភាផងនោះបានបង្ហាញពីការបំពេញការងារនៅក្នុងស្ថាប័នកំពូលនេះប្រកបដោយការចុះសម្រុងគ្នា។

គួរកត់សម្គាល់ថា ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ មក ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាបានឡើងកំដៅជាបន្តបន្ទាប់រវាងអ្នកនយោបាយ និងសកម្មជនដែលគាំទ្រគណបក្សប្រឆាំង និងគណបក្សប្រជាជន។

មេដឹកនាំបក្សប្រឆាំងជួបសកម្មជននៅខេត្តកំពត
មេដឹកនាំបក្សប្រឆាំងជួបសកម្មជននៅខេត្តកំពត © ភ្លើងទៀន

ក្រោមហេតុផលនៃការអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល អ្នកនយោបាយ និងសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់បានរងបណ្តឹង ជាប់ពន្ធនាគារ រងការពិន័យជាប្រាក់ ខ្លះចុះចូលបក្សកាន់អំណាច ហើយបក្សប្រឆាំងមិនត្រូវបានចូលរួមបោះឆ្នោតសកលនៅឆ្នាំ២០២៣ ទៀតផង។ រូបភាពទាំងអស់នេះបានជំរុញឲ្យមានសន្ទុះប្រឆាំងរដ្ឋាភិបាលកាន់តែស្រួចស្រាល់ ពិសេសចរន្តប្រឆាំងពីក្រៅប្រទេស។ និន្នាការប្រឆាំងស្រួលស្រាល់នេះ ធ្វើឲ្យគណបក្សកាន់អំណាចចាត់ទុកជាការប្រឆាំងបែបជ្រុលនិយម ដែលត្រូវតែកំចាត់ចោល។

ទោះយ៉ាងណា ក្រុមមេដឹកនាំបក្សប្រឆាំងដែលសេសសល់នៅក្នុងប្រទេសពេលនេះត្រូវបានគេមើលឃើញថា បានបង្ហាញនូវភាពប្រយ័ត្នប្រយែងក្នុងការធ្វើសកម្មភាព និងការធ្វើអត្ថាធិប្បាយនយោបាយផ្សេងៗ៕

What Next?

Recent Articles