EnerCam ទទួលបានសិទ្ធិ៣០ឆ្នាំក្នុងការបូមប្រេង និងឧស្ម័នក្នុងប្លុក៨លើទឹកដីកម្ពុជា

កម្ពុជា
14/03/2025 – 09:35
ដោយ៖ សាំ ឧត្តម
RFI

រដ្ឋាភិបាលកម្ពុជាបានសម្រេចចុងក្រោយឲ្យក្រុមហ៊ុន EnerCam Resource បន្តគម្រោងអភិវឌ្ឍន៍បូមយកប្រេង និងឧស្ម័នលើច្រាំងសមុទ្រប្លុក៨ (Block VII) ក្នុងបាសាំងកំពង់សោម ស្ថិតក្នុងខេត្តភាគនិរតីប្រទេសកម្ពុជា។ នេះបើតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន​ Angkor Resource ដែលជាក្រុមហ៊ុនមេ ចុះផ្សាយដោយគេហទំព័រ Offshore Technology នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ តាមនាយកប្រតិបត្តិក្រុមហ៊ុន Angkor Resource រដ្ឋាភិបាលកម្ពុជាបានផ្តល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន EnerCam Resource  រយៈពេល៣០ឆ្នាំ។

EnerCam ទទួលបានសិទ្ធិ៣០ឆ្នាំក្នុងការបូមប្រេង និងឧស្ម័នក្នុងប្លុក៨លើទឹកដីកម្ពុជា


លោកស្រី Delayne Weeks នាយកប្រតិបត្តិក្រុមហ៊ុន​ Angkor Resource បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមឲ្យក្រុមហ៊ុន EnerCam Resource ដែលមកពីប្រទេសកាណាដាទទួលបានសិទ្ធិបន្តអភិវឌ្ឍន៍រយៈពេល៣០ឆ្នាំ ដើម្បីរុករកប្រេង និងឧស្ម័នលើច្រាំងសមុទ្រប្លុក៨ ប្រវែង៧ ៣០០គីឡូម៉ែត្រការ៉េ ក្នុងទឹកដីខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប។ 

តែជាដំបូង ក្រុមហ៊ុន EnerCam Resource ត្រូវចាប់ផ្តើមវាយ​តម្លៃពីកម្រិតផលប៉ះពាល់ដល់បរិស្ថាន ដោយធ្វើការវិភាគទិន្នន័យខ្សែរញ្ជួយដីកម្រិត​ 2D ចំនួន៣៥០គីឡូម៉ែត្រនារដូវប្រាំង។ ចំណែកការវិភាគទិន្នន័យទាំងមូលនឹងធ្វើឡើងក្នុងរដូវ​វស្សា ហើយបន្ទាប់មក​ ក្រុមហ៊ុននឹងអាចសម្រេចចិត្តបានថាតើត្រូវខួងអណ្តូងរុករក ឬក៏ត្រូវការវិភាគទិន្នន័យ រញ្ជួយដីកម្រិត​ 3D បន្ថែមទៀត​ឬអត់។

ទោះយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុន Angkor Resource  សន្យាផ្តល់ផលប្រយោជន៍ដល់កម្ពុជា​ តាមរយៈការប្រែក្លាយពីប្រទេសដែលពឹងផ្នែកលើការនាំចូលប្រេង​ និងឧស្ម័នទៅជាប្រទេសដែលឯករាជ្យថាមពល និងអាចឈានដល់ការនាំចេញទៅលក់នៅក្រៅប្រទេសថែមទៀតផង។ ក្នុងកុងត្រារយៈពេល​៣០ឆ្នាំ ក្រុមហ៊ុន EnerCam Resource នឹងក្លាយជាក្រុមហ៊ុនតែមួយគត់ដែលកាន់កាប់លើប្រតិបត្តិការរុករកប្រេង និងឧស្ម័នរហូតដល់ការផលិត។

តែលោកស្រី Delayne Weeks មិនបានបញ្ជាក់លម្អិតលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរដ្ឋាភិបាលនោះទេ​ ដោយគេពុំដឹងច្បាស់ថា តើក្នុងមួយឆ្នាំ រដ្ឋាភិបាលកម្ពុជាតម្រូវឱ្យក្រុមហ៊ុន EnerCam Resource ប្រូមប្រេង និងឧស្ម័នក្នុងកម្រិតបរិមាណប៉ុន្មាន និងត្រូវបែងចែកគ្នាដោយរបៀបណា។ ជុំវិញការផ្តល់សិទ្ធិរយៈ៣០ឆ្នាំឲ្យក្រុមហ៊ុន EnerCam Resource ពេលនេះ​ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅពុំទាន់ឆ្លើយតបយ៉ាងណាទេ​ គិតត្រឹមរសៀលថ្ងៃទី១៤ ខែមីនា។

សកម្មភាពបូមប្រេង (រូបតំណាង)
សកម្មភាពបូមប្រេង (រូបតំណាង) © Enercam Resource

គួរជម្រាបថា នៅកម្ពុជា តំបន់សម្រាប់រុករកប្រេងត្រូវបានបែងចែកជា២៥ប្លុក ក្នុងនោះ៦ប្លុកនៅក្នុងសមុទ្រ និង១៩ប្លុកផ្សេងទៀតនៅលើដីគោក។ ក្នុងនោះ បាសាំងកំពង់សោមត្រូវបានកំណត់អត្តសញ្ញាណជាបាសាំងដីគោកលើកដំបូងក្នុងឆ្នាំ ២០១៦ ដោយក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រដាណឺម៉ាកដែលគ្របដណ្តប់លើខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប លើផ្ទៃដី៧ ៣០០គីឡូម៉ែត្រ។ បាសាំងកំពង់សោម គឺជាទីតាំងមួយដែលក្រុមអ្នកជំនាញសង្ស័យថា មានប្រេង និងឧស្ម័នច្រើន ដែលមិនខុសពីអណ្តូងប្រេងអប្សរា ឬហៅថា ប្លុកអប្សារនោះទេ៕

What Next?

Recent Articles