កម្ពុជា
15/03/2025 – 09:15
ដោយ៖ សាំ ឧត្តម
RFI
ពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានសរសេរសារប្រៀបធៀបឌឺដងលោក ហ៊ុន សែន ទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃសុក្រទី ១៤មីនានិយាយថា លោកបានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ពីខេត្តបាត់ដំបងឡើងមកភ្នំពេញ ក្រោយពីបុរសរូបនោះបង្ហោះសារប្រៀបធៀបលោកទៅនឹងលោក ឌុយទែរតេ អតីតប្រធានាធិបតីហ្វីលីពីនដែលទើបតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ខ្លួននាពេលថ្មីៗនេះ។ ថ្លែងក្នុងកម្មវិធីរៀបចំដោយសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមីនា លោក ហ៊ុន សែន បានព្រមានអ្នកដែលហ៊ានព្រហើន កុំឲ្យបន្តប្រៀបធៀបឱ្យសោះព្រោះថា យុទ្ធសាស្ត្រងើបមួយវ៉ៃមួយ នៅតែបន្ត អត់ដកថយទេ។
លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ដែលសរសេរសារធៀបលោកទៅនឹងលោក ឌុយទែរតេ
លោក ហ៊ុន សែន បានយកវេទិកាក្នុងពិធីពិសារអាហារសាមគ្គីរបស់សមាគមឧកញ៉ាកម្ពុជាមកបញ្ជាក់ជាសាថ្មីនូវយុទ្ធសាស្ត្រងើបមួយវ៉ៃមួយរបស់លោកទៅលើអ្នកដែលនិយាយព្រហើនចំពោះរូបលោក។ ក្នុងវេទិកានោះ ប្រមុខរដ្ឋស្តីទីកម្ពុជា ដែលជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជាបានអះអាងថា យុទ្ធសាស្ត្រងើបមួយវ៉ៃមួយ នៅតែបន្តឥតដកថយ ពោលគឺ បើងើបចេញពីកន្លែងណា គឺចាប់នៅកន្លែងនោះមិនឱ្យរួចខ្លួននោះឡើយ។
ដោយនិយាយព្រមានយ៉ាងដូច្នេះ លោក ហ៊ុន សែន បានភ្ជាប់ករណីបុរសម្នាក់ឈ្មោះ ឡុក អូវីដេ រស់នៅខេត្តបាត់ដំបង ដែលបានសរសេរសារបង្ហោះលើបណ្តាញសង្គម ប្រៀបធៀបលោកទៅនឹងលោក ឌុយទែរតេ អតីតប្រធានាធិបតីហ្វីលីពីនដែលទើបត្រូវបានប៉ូលិសអាំងទែរប៉ូលចូលចាប់ខ្លួននៅទីក្រុងម៉ានីល ទៅតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងទីក្រុងឡាអេ។
ក្នុងសារនោះលោក ឡុក អូវីដេ បានសរសេរថា បន្ទាប់ពីលោក ឌុយទែរតេ នឹងដល់វេនលោក ហ៊ុន សែន ហើយលោកនឹងជប់លៀង៣យប់ ៣ថ្ងៃ។ ភ្លាមៗ លោក ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចតាមរកបុគ្គលនោះ និងក្រោយមក សមត្ថកិច្ចក៏បានបញ្ចូលខ្លួនបុគ្គលរិះគន់ខាងលើពីខេត្តបាត់ដំបងមកភ្នំពេញ ដើម្បីសាកសួរ នៅស្នងការនគរបាលរាជធានីភ្នំពេញ។
វិទ្យុបារាំងអន្តរជាតិពុំទទួលព័ត៌មានអ្វីពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបាននោះទេ គិតត្រឹមរសៀលថ្ងៃទី១៥ ខែមីនា។ តែបើយោងតាមព័ត៌មានពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឡុក អូវីដេ នឹងត្រូវបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមីនា ក្រោមបទចោទប្រកាន់ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

នៅចំពោះមុខឧកញ៉ាៗ និងមន្ត្រីក្នុងជួររដ្ឋាភិបាលជាច្រើនរូប លោក ហ៊ុន សែន ក្រើនរំលឹកថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដោយគេមិនត្រូវចេះតែបញ្ចេញមតិនោះទេ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការបញ្ចេញមតិដែលមានហេតុផលត្រឹមត្រូវ នឹងមិនធ្វើឲ្យគេប្រឈមនឹងការចាប់ចងនោះទេ។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចាត់ទុកការព្រមានងើបមួយវ៉ៃមួយរបស់លោក ហ៊ុន សែន ថា ជាសារក្រើនរំលឹកដល់ពលរដ្ឋកុំឱ្យជឿពាក្យអុចអាល រហូតឈានដល់ការប្រព្រឹត្តអំពើល្មើសច្បាប់ និងការប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន ដែលធ្វើឲ្យគេអាចប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់។
ចំពោះលោក ស្រ៊ាង ចិន្តា ពលរដ្ឋគួរតែអរគុណថ្នាក់ដឹកនាំកំពូលរបស់ជាតិទៅវិញទេ ដែលតែងដាស់តឿនជារឿយៗដល់ពលរដ្ឋកុំឱ្យប្រព្រឹត្តសកម្មភាពល្មើសច្បាប់។ ទោះយ៉ាងណា លោក អំ សំអាត នាយកគ្រប់គ្រងទូទៅនៃអង្គការលីកាដូស្នើឱ្យរដ្ឋាភិបាលបើកចិត្តទទួលយកការរិះគន់ក្នុងន័យស្ថាបនា ដើម្បីជួយកែលម្អភាពខ្វះចន្លោះ។ តែលោកក៏មិនគាំទ្រឱ្យការប្រើប្រាស់សិទ្ធិបញ្ចេញមតិដែលប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលនោះដែរ។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ៕