ការដំឡើងពន្ធរបស់អាមេរិកលើកម្ពុជា និងប្រទេសនានាត្រូវចូលជាធរមានថ្ងៃទី៩ មេសា

កម្ពុជា
09/04/2025 – 13:47
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្រឹត្យ​ដំឡើង​ពន្ធ​របស់​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ដាក់​ទៅ​លើ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជ​កម្មរបស់​អាមេរិក​ត្រូវ​ចូល​ជា​ធរមាន​នៅថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ២០២៥ ​ក្នុង​នោះ ចិន​រង​ទណ្ឌកម្ម​បន្ថែម​ពន្ធ​ពី​អាមេរិក​ធ្ងន់​ជាង​គេ​រហូត​ដល់​ទៅ ១០៤%​។ តែ​បើ​និយាយ​ពី​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​ ប្រទេស​វិញ​ កម្ពុជា​ស្ថិត​នៅលេខ​រៀង​ទី​១ ដែល​រង​ការ​ដំឡើង​ពន្ធ​ខ្ពស់​ជាង​គេ​ពី​រដ្ឋបាល​អាមេរិក​រហូត​ដល់ ​៤៩% លើ​ទំនិញ​កម្ពុជា​នាំ​ចូល​ទីផ្សារ​អាមេរិក​។

ការដំឡើងពន្ធរបស់អាមេរិកលើកម្ពុជា និងប្រទេសនានាត្រូវចូលជាធរមានថ្ងៃទី៩ មេសា


សារព័ត៌មាន CNBC បានដកស្រង់សម្តីអ្នកជំនាញពាណិជ្ជកម្មថា កម្ពុជាត្រូវបានអាមេរិកដំឡើងអត្រាពន្ធខ្ពស់បំផុត ពោលដល់ទៅ ៤៩% នៅក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលបញ្ឆេះដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទោះបីជាអតិរេកពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកមានកម្រិតទាប ធៀបនឹងប្រទេសដទៃទៀតក៏ដោយ។ នៅចំពោះមុខនេះ អ្នកជំនាញព្រមានថា កម្មករកម្ពុជាកំពុងស្ថិតក្នុងការប្រយុទ្ធដើម្បីការរស់រានមានជីវិតផ្នែកហិរញ្ញវត្ថុ ប៉ុន្តែទំនិញរបស់កម្ពុជានឹងពិបាកនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាត្រូវបានសារព័ត៌មាន CNBC ស្រង់សំដីមកចុះផ្សាយនៅថ្ងៃទី៨ ខែមេសា ពោលមួយថ្ងៃមុនក្រឹត្យរបស់លោក ដូណាល់ ត្រាំ ចូលជាធរមានថា ក្រុមហ៊ុនផលិតមួយចំនួននៅកម្ពុជាកំពុងសម្លឹងមើលប្រទេសផ្សេងទៀតដើម្បីបោះទីតាំងថ្មី ពិសេសប្រទេស អេហ្ស៊ីប អនុតំបន់សាហារ៉ាអាហ្វ្រិក ឥណ្ឌា និងឥណ្ឌូណេស៊ីដែលអាមេរិកយកពន្ធទាបជាងកម្ពុជា។ យោងតាមលោក Barnett រោងចក្រនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងស្វែងរកមធ្យោបាយដើម្បីរស់រានសម្រាប់ប៉ុន្មានខែខាងមុខ។

លោក ដូណាល់ ត្រាំ បង្ហាញតារាងប្រទេសដែលអាមេរិកតម្លើងពន្ធនាំទំនិញចូលអាមេរិក
លោក ដូណាល់ ត្រាំ បង្ហាញតារាងប្រទេសដែលអាមេរិកតម្លើងពន្ធនាំទំនិញចូលអាមេរិក © Reuters

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា លោកនៅមិនទាន់បានទទួលព័ត៌មានអ្វីជុំវិញការចូលជាធរមាននៃការដំឡើងពន្ធរបស់អាមេរិកនេះនៅឡើយទេ។ សូមបញ្ជាក់ថា នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ កម្ពុជាត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ទៅ ៤៩% លើទំនិញនាំចូលទីផ្សារអាមេរិក និងតាមពីក្រោយដោយឡាវ ៤៨% វៀតណាម ៤៦% ភូមា ៤៤% ថៃ ៣៦% ឥណ្ឌូណេស៊ី ៣២% ប៊្រុយណេ និងម៉ាឡេស៊ីចំនួន ២៤% ហ្វីលីពីន ១៧% ខណៈសិង្ហបុរីត្រូវបានអាមេរិកដំឡើងពន្ធតែ ១០%ប៉ុណ្ណោះ៕

What Next?

Recent Articles

Leave a Reply

Submit Comment