ដោយ ប្រាជ្ញ ចេវ
2025.04.10
RFA
មន្ត្រីបក្សកាន់អំណាចរំពឹងថា វត្តមានមេដឹកនាំចិនលោក ស៊ី ជីនពីង (Xi Jinping) នឹងបន្ថែមជំនួយឬកម្ចីដល់កម្ពុជានៅពេលលោកមកដល់កម្ពុជា។ ទោះយ៉ាណា អ្នកវិភាគថា ចិនទំនងមិនចំណាយលុយឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ច្រើនដូចការរំពឹងទុកឡើយ តែចិនត្រឹមពង្រឹងទំនាក់ទំនងបន្ថែមជាមួយកម្ពុជាប៉ុណ្ណោះ។

អ្នកជំនាញនយោបាយការបរទេសរឭកទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថាកុំឱ្យមានសង្ឃឹមខ្ពស់លើប្រទេសចិនពេក ព្រោះពេលនេះ ប្រទេសចិន កំពុងជួបវិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ទើរងើបខ្លួនមិនរួចដែរ។
អ្នកនាំពាក្យគណបក្សកម្ពុជាលោក សុខ ឥសាន បានអះអាងថា ចិនមិនបោះបង់កម្ពុជាចោលឡើយ ហើយចំណងមិត្តភាពនៃប្រទេសទាំងពីរគឺកាន់តែរឹងមាំ។ លោករំពឹងថា នៅពេលមានវត្តមានមេដឹកនាំចិនលោក ស៊ី ជីនពីង ជាន់ដីកម្ពុជា មិត្តចិននឹងផ្ដល់ជំនួយ ឬកម្ចីឱ្យកម្ពុជាថែមទៀត។
ឱ្យតែមានវត្តមានថ្នាក់ដឹកនាំប្រទេសចិន ដែលជាមិត្តដែកថែបជាមួយគ្នា យើងសង្ឃឹមយ៉ាងរឹងមាំថា ប្រាកដជាមហាមិត្តហ្នឹង លោកនឹងផ្ដល់ជំនួយ ទោះបីតិចក្ដី ច្រើនក្ដី ត្រូវតែមានជំនួយដែរ។— លោក សុខ ឥសាន
បក្សកាន់អំណាចរំពឹងថា លោក ស៊ី ជីនពីង នឹងបន្ថែមជំនួយ ឬកម្ចីដល់កម្ពុជា
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គ្រោងបំពេញទស្សកិច្ចនៅប្រទេសក្នុងតំបន់អាស៊ាន គឺកម្ពុជា ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្ដាលខែមេសា។ លោក សុខ ឥសាន អះអាងថា លោក ស៊ី ជីនពីង នឹងចូលមកប្រទេសកម្ពុជាមុនគេ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថ្ងៃជាក់លាក់ ឬក៏ចំនួនថវិកាដែលចិនផ្ដល់មកឱ្យកម្ពុជាឡើយ។
វិទ្យុអាស៊ីសេរីមិនអាចសុំអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានទេនៅថ្ងៃទី០៩ ខែមេសា។ ចំណែករដ្ឋាភិបាលម៉ាឡេស៊ីឱ្យដឹងថា លោក ស៊ី ជីនពីង គ្រោងទៅបំពេញទស្សនកិច្ចប្រទេសម៉ាឡេស៊ីពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមេសា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងការបទេស លោក ឯម សុវណ្ណារ៉ា យល់ថា ចិនមិនអាចទម្លាក់កញ្ចប់ថវិកាដល់រាប់ពាន់លានដុល្លារ ដូចការចង់បានរបស់រដ្ឋាភិបាលកម្ពុជាឡើយ ខណៈដែលចិនកំពុងជួបវិបត្តិសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មពន្ធពីសហរដ្ឋអាមេរិក។ លោកបន្តទៀតថា នៅពេលនេះ សូម្បីគម្រោងព្រែកជីកហ្វូណនតេជោ ក៏ពិបាករំពឹងថា ចិននឹងផ្ដល់ថវិកាគ្រប់គ្រាន់ដើម្បីអាចជីកព្រែកចប់ចុងចប់ដើមឡើយ។ អ្នកជំនាញកិច្ចការនយោបាយរូបនេះ មើលឃើញទៀតថា អ្វីដែលចិនអាចធ្វើបាន គឺការពង្រឹងទំនាក់ទំនង និងចង់ឃើញកម្ពុជា ប្រកាសប្ដេជ្ញាបន្តប្រកាន់ជំហរគោលនយោបាយចិនតែមួយ។
ខ្ញុំគិតថា មិនធំដុំមិនឆ្លើយតាមការចង់បានពេញលេញរបស់រដ្ឋាភិបាលកម្ពុជាទាំងស្រុងទេ។ ឧទាហរណ៍ថា កម្ពុជាត្រូវការថវិកាសម្រាប់បំពេញការខ្វះខាតនៃឆ្នាំ២០២៥ជាង២ពាន់លានដុល្លារហ្នឹង ខ្ញុំគិតថា ប្រហែលមិនបានពេញលេញជាង២ពាន់លានដុល្លារហ្នឹងទេ ឬក៏គម្រោងឧបត្ថម្ភ ឬវិនិយោគទៅលើគម្រោងព្រែកជីកហ្វូណនហ្នឹង រហូតមកដល់ថ្ងៃនេះ យើងអត់ឃើញថា ចិននឹងជួយឬក៏វិនិយោគអីអត់មានណា។ បើទស្សនៈខ្ញុំគិតថា មិនពាក់ព័ន្ធ ឬក៏មិនវិនិយោគទៅលើព្រែកជីកហ្នឹងខ្លាំងទេ។— លោក ឯម សុវណ្ណារ៉ា
ចិនគឺជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ដែលមានទឹកប្រាក់ជាង៤ពាន់លានដុល្លារ នៃបំណុលបរទេសសរុបជាង១១ពាន់លានដុល្លារ។ តែរដ្ឋាភិបាលកម្ពុជា អះអាងថា ខ្លួននៅតែមានលទ្ធភាពខ្ចីបំណុលបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។