មូលដ្ឋានទ័ពរាម៖ វៀតណាមអះអាងពីការបន្តគាំទ្រ និងគោរពអធិបតេយ្យភាពកម្ពុជា

កម្ពុជា
11/04/2025 – 12:37
ដោយ៖ សាំ ឧត្តម
RFI

វៀតណាមនៅតែបន្តគាំទ្រការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ពិសេសគោរពដល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាក្នុងនាមជាប្រទេសក្បែរខាងគ្នា។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលចុះផ្សាយដោយសារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ និងថា ជំហររបស់ក្រសួងការបរទេសវៀតណាមនេះជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញការសម្ពោធមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាដែលសាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលចិន។

មូលដ្ឋានទ័ពរាម៖ វៀតណាមអះអាងពីការបន្តគាំទ្រ និងគោរពអធិបតេយ្យភាពកម្ពុជា


លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ពីជំហររបស់វៀតណាមចំពោះកម្ពុជាថា វៀតណាមឥតងាករេផ្លាស់ប្តូរជំហររបស់ខ្លួនពីការគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាឡើយ ហើយនៅបន្តគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវការអភិវឌ្ឍដោយសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

តាមអ្នកនាំពាក្យដដែលរូបនេះ វៀតណាមតែងតែមានបំណងរក្សា និងពង្រឹងទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ លោកស្រី Pham Thu Hang បានបន្តថា រាល់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានាចាំបាច់ត្រូវរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងសន្តិសុខពិភពលោកដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News ការបញ្ជាក់ពីជំហរគាំទ្ររបស់វៀតណាមចំពោះកម្ពុជាពេលនេះធ្វើឡើង បន្ទាប់ពីអ្នកសារព័ត៌មានបានចោទសួរពីការមើលឃើញរបស់វៀតណាមចំពោះមូលដ្ឋានកងទ័ពជើងទឹករាមដែលទើបសម្ពោធជាផ្លូវការនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ និងដោយបានបើកសមយុទ្ធយោធាជាមួយចិនភ្លាមៗផងដែរ។

តែលោកស្រី Pham Thu Hang មិនបានបញ្ចេញប្រតិកម្មអ្វីចំពោះការសម្ពោធមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជាទេ ពោលបានត្រឹមបង្ហាញជំហរគាំទ្រដោយសង្ឃឹមថា កម្ពុជាបន្តរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពិសេសនៅលើពិភពលោក។

មូលដ្ឋានកងទ័ពជើងទឹករាម
មូលដ្ឋានកងទ័ពជើងទឹករាម AFP – AFPTV

ទោះបីវៀតណាមមិនបញ្ចេញប្រតិកម្មអ្វីគួរឲ្យកត់សម្គាល់ក៏ដោយក៏គេដឹងថាកន្លងមក វៀតណាមធ្លាប់បានបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហាសន្តិសុខក្នុងតំបន់ បន្ទាប់ពីចិនបានផ្តល់ជំនួយក្នុងការធ្វើទំនើបកម្ម និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីនៅមូលដ្ឋានទ័ពរាមរបស់កម្ពុជា។

ក្តីបារម្ភរបស់វៀតណាមដូចនេះក៏មកពីមូលដ្ឋានទ័ពរាមមានចម្ងាយមិនឆ្ងាយប៉ុន្មានពីព្រំដែនសមុទ្ររបស់វៀតណាម។ មួយវិញទៀត វៀតណាមបារម្ភខ្លាចក្រែងកម្ពុជាអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានទ័ពដែលប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

គួរជ្រាបថា នៅក្នុងពិធីសម្ពោធមូលដ្ឋានទ័ពរាមនាថ្ងៃទី៥ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងមិនបំពានច្បាប់ដោយអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានទ័ពក្នុងទឹកដីកម្ពុជាដែលផ្ទុយពីរដ្ឋធម្មនុញ្ញទេ និងថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះការចូលចតរបស់នាវាបរទេសទាំងអស់ មិនថាចំពោះតែប្រទេសចិន ឬប្រទេសណាផ្សេងទេ៕

What Next?

Recent Articles

Leave a Reply

Submit Comment