កម្ពុជា
កម្ពុជា-នយោបាយ
11/04/2025 – 12:01
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃសុក្រទី១១ មេសានេះ មេដឹកនាំមួយរូបរបស់គណបក្សឆន្ទៈខ្មែរ គឺលោក សេង ម៉ារឌី បានចេញមកបដិសេធចំពោះការបែកបាក់ផ្ទៃក្នុងគណបក្សប្រឆាំងមួយនេះដោយសារតែការចងក្រងសៀវភៅរបស់លោក សុន ឆ័យ។ ការបដិសេធនេះធ្វើឡើង បន្ទាប់ពីមានការទម្លាយខ្លឹមសារសៀវភៅដែលលោក សុន ឆ័យ បានចងក្រងអំពីជីវិត និងនយោបាយរបស់លោកដែលថា លោក សេង ម៉ារឌី ជាមនុស្សរបស់លោក សម រង្ស៊ី ប្រើឲ្យមកទប់ឥទ្ធិពលលោក សុន ឆ័យ។
មេដឹកនាំគណបក្សឆន្ទៈខ្មែរ ថាគ្មានការបែកបាក់ផ្ទៃក្នុងដោយសារសៀវភៅរបស់លោក សុន ឆ័យ ទេ
ក្នុងនាមជាសមាជិកព្រឹទ្ធសភា និងជាមេដឹកនាំមួយរូបរបស់គណបក្សឆន្ទៈខ្មែរ លោក សេង ម៉ារឌី បានបដិសេធយ៉ាងដាច់អហង្ការចំពោះខ្លឹមសារដែលចោទថា លោកជាមនុស្សរបស់លោក សម រង្ស៊ី ដែលប្រើដើម្បីទប់ប្រជាប្រិយភាពរបស់លោក សុន ឆ័យ ក្នុងនាមជាសហជីវិនក្នុងគណបក្សប្រឆាំងតែមួយ។ ឆ្លើយតបនឹងខ្លឹមសារក្នុងសៀវភៅរបស់លោក សុន ឆ័យ លោក សេង ម៉ារឌី បានអះអាងថា លោកជាបុគ្គលឯករាជ្យ និងសន្តិវិធីនិយមដែលមិនស្ថិតក្រោមបង្គាប់បញ្ជាដោយផ្ទាល់ ឬប្រយោលពីបុគ្គលណាម្នាក់ឡើយ និងថា លោកក៏បានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់កម្ពុជាដែរ។

ប្រតិកម្មដូចនេះរបស់លោក សេង ម៉ារឌី ធ្វើឡើង បន្ទាប់ពីមានការបង្ហោះខ្លឹមសារនៅក្នុងសៀវភៅដែលលោក សុន ឆ័យ ចងក្រងថា លោក សម រង្ស៊ី ព្រួយបារម្ភខ្លាចលោក សុន ឆ័យ ពង្រីកឥទ្ធិពលដណ្តើមយកគណបក្សភ្លើងទៀនទើបប្រើលោក សេង ម៉ារឌី ឲ្យមកហាមលោក សុន ឆ័យ មិនឲ្យធ្វើការអ្វីផ្សេង ក្រៅតែពីធ្វើជាអ្នកនាំពាក្យគណបក្ស និងជួបជាមួយបណ្តាទូតបរទេស។ ខ្លឹមសារនៃសៀវភៅមានចំណងជើង «ជីវិតនិងនយោបាយ» ដែលលោក សុន ឆ័យ បានចងក្រងនៅមិនទាន់បោះពុម្ពជាសាធារណៈនៅឡើយទេ។ តែខ្លឹមសារដែលបានបែកធ្លាយចេញពីសៀវភៅនេះត្រូវបានក្រុមអ្នកនយោបាយប្រឆាំងផ្សេងទៀតយកមកអត្ថាធិប្បាយថា លោក សុន ឆ័យ មានគោលបំណងវាយប្រហារលោក សម រង្ស៊ី និងលោក រ៉ុង ឈុន។
ប្រតិម្មភ្លាមៗក្នុងជានាមជាអនុប្រធានគណបក្សឆន្ទៈខ្មែរសព្វថ្ងៃ លោក សុន ឆ័យ បានចេញមកបដិសេធចំពោះការបែកធា្លយខ្លឹមសារសៀវភៅរបស់ខ្លួនដែលជាការផ្សព្វផ្សាយមិនត្រឹមត្រូវក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រឆាំង។ តាមលោក សុន ឆ័យ សៀវភៅរបស់លោកនៅមិនទាន់អនុញ្ញាតឲ្យផ្សព្វផ្សាយនៅឡើយ ព្រោះត្រូវពិនិត្យ និងកែសម្រួលខ្លឹមសារមួយចំនួនបន្ថែមទៀត។ សូមបញ្ជាក់ថា លោក សុន ឆ័យ និងលោក សេង ម៉ារឌី ជាសមាសភាពក្បាលម៉ាស៊ីនរបស់គណបក្សភ្លើងទៀន។ តែក្រោយមក អ្នកទាំង២ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សឆន្ទៈខ្មែរដែលជាគណបក្សមានសម្ព័ន្ធភាពជាមួយគ្នាដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភាកន្លងមក។
ជាលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ លោក សេង ម៉ារឌី ស្ថិតក្នុងចំណោមអ្នកនយោបាយប្រឆាំង ៣រូបដែលជាប់ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ ខណៈលោក សុន ឆ័យ មិនបានកៅអីក្នុងព្រឹទ្ធសភា៕