កម្ពុជា
កម្ពុជា-នយោបាយ
12/04/2025 – 11:53
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃទី១១ មេសា គណបក្សកម្លាំងជាតិបានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដោយបានឆ្លៀតស្នើសុំរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយឲ្យមានសេរីភាពដើម្បីជួបជុំគ្រួសារ។ សំណើរបស់គណបក្សកម្លាំងជាតិដូចនេះធ្វើឡើង ក្នុងពេលដែលក្រសួងយុត្តិធម៌បានត្រៀមបន្ធូរបន្ថយទោសដល់ទណ្ឌិតជាង ៩០០នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
បក្សកម្លាំងជាតិស្នើដោះលែងអ្នកទោសនយោបាយ ខណៈក្រសួងយុត្តិធម៌ត្រៀមបន្ថយទោសទណ្ឌិត ៩០០នាក់
នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គណបក្សកម្លាំងជាតិបានផ្ញើសារជូនពរពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឲ្យជួបតែសេចក្តីសុខចម្រើន។ តែគណបក្សប្រឆាំងមួយនេះមិនភ្លេចស្នើសុំឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំ រួមមានលោក កឹម សុខា លោក ស៊ុន ចន្ធី លោក ថាច់ សេដ្ឋា លោក ជិន ប៊ុណ្ណារ័ត្ន លោក មី សេងហ៊ លោក អេង ស្រួយ លោក ចៅ វាសនា រួមទាំងសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី និងលោក កើត សារ៉ាយ ជាដើម។ តាមគណបក្សកម្លាំងជាតិ អ្នកទោសដែលកំពុងជាប់ឃុំ រួមទាំងអ្នកនយោបាយដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគួរតែបានជួបជុំគ្រួសារនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងអាចចូលរួមចំណែកស្តារលទ្ធិប្រជាធិបតេយ្យដើម្បីឆ្ពោះទៅរកផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ។
សំណើដូចនេះរបស់បក្សប្រឆាំងធ្វើឡើងក្នុងពេលដែលក្រសួងយុត្តិធម៌ តាមរយៈរដ្ឋមន្រ្តីលោក កើត រិទ្ធិបានបើកការប្រជុំមួយកាលពីថ្ងៃអង្គារ ទី៨ មេសាដើម្បីពិនិត្យមើលពីលទ្ធភាពនៃការបន្ធូរបន្ថយទោសដល់ទណ្ឌិតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យវិសាខបូជា។ តាមក្រសួងយុត្តិធម៌ គណៈកម្មការថ្នាក់ជាតិបានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសចំនួន ៩០០នាក់ ក្នុងនោះ មាន ៤៩៤នាក់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីដោយមានស្រ្តី ៣៥នាក់ និង ៤០៦នាក់ក្នុងពិធីបុណ្យវិសាខបូជាដោយមានស្រ្តី ៤១នាក់។ អ្នកទោសទាំង ៩០០នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារចំនួន២១រាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែចំនួន៤។

យោងតាមព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជាប់ពន្ធនាគារត្រូវធ្វើឡើងចំនួន ៥លើកក្នុងមួយឆ្នាំ ពោលក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។ តែគេបានកត់សម្គាល់ឃើញថា អ្នកទោសនយោបាយកម្រនឹងត្រូវបានរាប់បញ្ចូលនៅក្នុងគោលការណ៍បន្ធូរបន្ថយទោសដែលធ្វើឡើង៥លើកក្នុងមួយឆ្នាំនេះណាស់៕