លោក ហ៊ុន ម៉ាណែត អរគុណចិនដែលបានរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជារាប់ពាន់លានដុល្លារ

កម្ពុជា
12/04/2025 – 11:32
ដោយ៖ ជួប នរក្សា
RFI

នៅព្រឹកថ្ងៃសៅរ៍ទី១២ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញមុខអរគុណចិនចំពោះការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានរបស់កម្ពុជាក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ សម្រាប់លោកនាយករដ្ឋមន្ត្រី ចិនជាមិត្តដែលកម្ពុជាមិនអាចខ្វះបានក្នុងការផ្តល់កម្ចី និងជំនួយឥតសំណងដល់ការកសាងផ្លូវ ថ្នល់ក្នុងប្រទេសកម្ពុជា។

លោក ហ៊ុន ម៉ាណែត អរគុណចិនដែលបានរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជារាប់ពាន់លានដុល្លារ


គិតមកដល់ពេលនេះ មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារអាមេរិកដែលចិនបានផ្តល់ឲ្យកម្ពុជាសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាមនាថ្ងៃទី១២ មេសា។ លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា ចិនជាដៃគូលំដាប់ទី១ ដែលបានផ្តល់ហិរញ្ញប្បទាន សម្បទាន និងជំនួយឥតសំណងជាច្រើនសម្រាប់អភិវឌ្ឍហេដ្ឋារចសម្ព័ន្ធផ្លូវ ស្ពាន នៅកម្ពុជា។ ការចេញមុខអរគុណ និងបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជា និងចិនរបស់លោក ហ៊ុន ម៉ាណែត ពេលនេះ គឺជាការឆ្លើយតបចំពោះការធ្វើអត្ថាធិប្បាយរបស់សារព័ត៌មានអន្តរជាតិដែលលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ចាប់ផ្តើមមានភាពសោះអង្គើយ ក្រោយរដ្ឋាភិបាលនីតិកាលទី៧ចូលកាន់តំណែង។

លោក ហ៊ុន ម៉ាណែត បានឆ្លើយតបដោយចោទជាសំណួរថា តើសារព័ត៌មានអន្តរជាតិបានទិន្នន័យពីណាដែលហ៊ានលើកឡើងយ៉ាងដូចនេះ។ តែអ្វីដែលលោកអាចបញ្ជាក់បានគឺថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែលចិនរួមចំណែកអាចបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តរឹងមាំ។ ដោយឡែក អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ និងអភិបាលកិច្ច បានមើលឃើញថា ទឹកប្រាក់ជាង ៣ពាន់លានដុល្លារដែលចិនរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាគឺជានយោបាយការបរទេសរបស់ចិនដែលចិនអាចមើលឃើញផលប្រយោជន៍ណាមួយនាពេលខាងមុខ។ លោក វ៉ន ចាន់ឡូត អ្នកជំនាញផ្នែកអភិបាលកិច្ចកត់សម្គាល់ថា ការផ្តល់ជំនួយរបស់ចិនឲ្យកម្ពុជាធ្វើឡើងក្នុងរូបភាពដ៏ងាយស្រួល។ ចំណែកការប្រើប្រាស់ជំនួយនោះហាក់ធ្វើឡើងដោយគ្មានតម្លាភាព ឬមានការក្លែងបន្លំ បើធៀបនឹងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដែលសាងសង់ដោយប្រទេសដទៃ។

លោក ហ៊ុន ម៉ាណែតអរគុណចិនដែលបានរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជារាប់ពាន់លានដុល្លារ
លោក ហ៊ុន ម៉ាណែត អរគុណចិនដែលបានរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជារាប់ពាន់លានដុល្លារ © STPM

លោក វ៉ន ចាន់ឡូត មើលឃើញនៅក្នុងន័យនេះថា ជំនួយ និងកម្ចីដែលចិនផ្តល់ឲ្យកម្ពុជារមែងផ្សារភ្ជាប់ទៅនឹងរឿងនយោបាយជាងការរួមចំណែកអភិវឌ្ឍន៍ដោយស្មោះត្រង់។ គួរបញ្ជាក់ថា ទិន្នន័យស្តីពីព្រឹត្តិបត្របំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញថា បំណុលដែលកម្ពុជាជំពាក់ចិនបានថយចុះចំនួន ២% គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ តែទោះជាយ៉ាងនេះក្តី ចិននៅតែជាប្រទេសម្ចាស់បំណុលធំទី១របស់កម្ពុជាដែលមានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក ឬស្មើ៣៤% នៃកម្ចីក្រៅប្រទេសសរុបរបស់កម្ពុជា៕

What Next?

Recent Articles

Leave a Reply

Submit Comment