អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតករណីបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ស្លាប់ក្នុងក្រុងប៉ោយប៉ែត

កម្ពុជា
13/04/2025 – 12:36
ដោយ៖ សាំ ឧត្តម
RFI

គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា អាជ្ញាធរកម្ពុជាកំពុងបើកការស៊ើបអង្កេតលើករណីបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលស្លាប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះត្រូវបានរដ្ឋាភិបាលឥណ្ឌូណេស៊ីសង្ស័យជាករណីជួញដូរមនុស្ស និងជួញដូរសេរីរាង្គ។ ការស៊ើបអង្កេតនេះធ្វើឡើងភ្លាមៗ ក្រោយស្ថានទូតឥណ្ឌូណេស៊ីជូនដំណឹងមកអាជ្ញាធរកម្ពុជាអំពីករណីស្លាប់ពលរដ្ឋខ្លួន។ ចំណែកក្រសួងការពារពលករចំណាកស្រុកឥណ្ឌូណេស៊ីក៏កំពុងបើកការស៊ើបអង្កេតករណីនេះដូចគ្នា។

អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតករណីបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ស្លាប់ក្នុងក្រុងប៉ោយប៉ែត


លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានថ្លែងមកវិទ្យុបារាំងអន្តរជាតិ RFI នាព្រឹកថ្ងៃទី១៣ ខែមេសាថា ករណីស្លាប់បុរសជនជាតិឥណ្ឌូណេស៊ីក្នុងក្រុងប៉ោយប៉ែតត្រូវបានសមត្ថកិច្ចកម្ពុជាកំពុងចុះស្រាវជ្រាវ និងស៊ើបអង្កេត តែនៅមិនទាន់ទាន់ទទួលបានព័ត៌មានថា ការស្លាប់របស់ជនរងគ្រោះខាងលើអាចជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ឬក៏ចាប់បង្ខាំងទេ។ លោកស្រី ជូ ប៊ុនអេងបានឲ្យដឹងទៀតថា បច្ចុប្បន្ន សំណើរបស់ស្ថានទូតឥណ្ឌូណេស៊ីឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតលើករណីនេះកំពុងស្ថិតក្នុងដៃរបស់អគ្គស្នងការនគរបាលរាជធានីភ្នំពេញ និងថា ភាគីឥណ្ឌូណេស៊ីក៏កំពុងស៊ើបអង្កេតដូចគ្នាដែរ តែជាការស៊ើបអង្កេតនៅប្រទេសឥណ្ឌណេស៊ី។

ត្រង់ចំណុចនេះត្រូវបានលោកស្រី ជូ ប៊ុនអេងពន្យល់ថា គឺដោយសារតែជនរងគ្រោះមកធ្វើការនៅកម្ពុជាគ្មានឯកសារត្រឹមត្រូវ ពោលគឺមកខុសច្បាប់។ ដូច្នេះភាគីកម្ពុជាត្រូវស៊ើបអង្កេតនៅត្រឹមកម្ពុជា ហើយឥណ្ឌូណេស៊ីស៊ើបអង្កេតនៅឥណ្ឌូណេស៊ី តែក៏ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានឲ្យគ្នាទៅវិញទៅមកដែរ។ យោងតាមការចុះផ្សាយដោយសារព័ត៌មានឥណ្ឌូណេស៊ី ANTARA NEWS នៅថ្ងៃទី១១ ខែមេសា រដ្ឋមន្ត្រីក្រសួងការពារពលករចំណាកស្រុកឥណ្ឌូណេស៊ីបានស្នើឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតជុំវិញការស្លាប់បុរសជនជាតិឥណ្ឌូណេស៊ីឈ្មោះ Soleh Darmawan បន្ទាប់ពីសាកសពរបស់ជនរងគ្រោះបានបញ្ចូនទៅដល់ប្រទេសកំណើតវិញកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងដំណាក់កាលស៊ើបអង្កេត រដ្ឋមន្ត្រីក្រសួងការពារពលករចំណាកស្រុកឥណ្ឌូណេស៊ីលោក Abdul Kadir Karding បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបន្តស៊ើបអង្កេតពាក់ព័ន្ធលើការសង្ស័យថា ការស្លាប់របស់ជនរងគ្រោះអាចទំនងជាទាក់ទិននឹងអំពើជួញដូរមនុស្ស ចាប់បង្ខាំង ឬលក់សេរីរាង្គ។ តែយ៉ាងណា លោករដ្ឋមន្ត្រីបានអះអាងថា ក្រោយធ្វើកោសល្យវិច្ច័យរួច គឺពុំឃើញមានស្នាមវះកាត់អ្វីនៅលើដងខ្លួនរបស់ជនរងគ្រោះទេ។ ចំណែកគ្រួសារជនរងគ្រោះដែលបានផ្តល់បទសម្ភាសឲ្យកាសែតក្នុងស្រុកបានអះអាង មុននឹងទទួលដំណឹងពីការស្លាប់របស់លោក Soleh Darmawan ពួកគេបានកត់សម្គាល់ពីភាពមិនប្រក្រតីមួយចំនួន។

ម្តាយរបស់ជនរងគ្រោះកាន់រូបថតលោក Soleh Darmawan ដែលបានស្លាប់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ម្តាយរបស់ជនរងគ្រោះកាន់រូបថតលោក Soleh Darmawan ដែលបានស្លាប់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ © Tribun Jakarta

ម្តាយរបស់ជនរងគ្រោះបានរៀបរាប់ថា មុនថ្ងៃកើតហេតុមួយថ្ងៃ អ្នកស្រីបានទូរស័ព្ទជាមួយកូនដែលជាជនរងគ្រោះ តែគេមិនបាននិយាយតបតអ្វីច្រើនទេ ព្រមទាំងមានទឹកមុខស្លេកស្លាំង និងឱនក្បាលចុះក្រោម។ លុះនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ មិត្តរួមការងារបានប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ជួលដែលមានទីតាំងក្នុងក្រុងប៉ោយប៉ែត៕

What Next?

Recent Articles

Leave a Reply

Submit Comment