កម្មករ១នាក់បានស្លាប់ និង៤០នាក់រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ

កម្ពុជា
07/05/2025 – 12:50
ដោយ៖ ញឹម សុផល
RFI

យ៉ាងហោចមានកម្មករ១នាក់ បានស្លាប់ និងជាង៤០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនាព្រលឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យកម្មករស្លាប់ និងរបួសនេះ គឺជាឧបទ្ទវហេតុដ៏កំរ ទាក់ទងទៅនឹង ការធ្វើដំណើររបស់កម្មករដោយរថយន្តក្រុងរួមគ្នា បន្ទាប់ពីផ្លាស់ប្តូរពីការធ្វើដំណើរដោយរថយន្តដឹកទំនិញ។

កម្មករ១នាក់បានស្លាប់ និង៤០នាក់រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ


គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យកម្មករម្នាក់ជាស្ត្រីបានស្លាប់ ៥នាក់រងរបួសធ្ងន់ និងជាង ៣០នាក់ផ្សេងទៀតរងរបួសស្រាល គឺដោយសាររថយន្តក្រុងដឹកកម្មករ ដែលមានចំណុះជាង៤០កៅអី បានបើកបររេចង្កូតទៅបុកដើមឈើមួយដើម ស្របពេលដែលរថយន្តគ្រួសារមួយគ្រឿង ដែលបើកបរខាងមុខបត់ឆ្វេងឆ្លងផ្លូវ។ នេះបើតាមរបាយការណ៍របស់នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ។

ក្រសួងការងារកម្ពុជាភ្លាមៗ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបង្ហាញនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ។ តាមក្រសួងការងារ ជនរងគ្រោះដែលជាកម្មករទាំងអស់ត្រូវបានយកចិត្តទុកដាក់ជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមរបស់ក្រសួង។

បន្ថែមពីនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថាកម្មករ កម្មការិនី គ្រាន់តែជាជនរងគ្រោះពីការប្រើប្រាស់សេវាដឹកជញ្ជូនប៉ុណ្ណោះ។ ចំពោះបញ្ហានេះ លោកទាមទារឲ្យអ្នកបើកបររថយន្តដឹកកម្មករត្រូវមានជំនាញ ចេះច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិមើលឃើញថាគ្រោះថ្នាក់ចរាចរណ៍នេះ នឹងមានទំហំធំធេងជាងនេះ ប្រសិនបើជាការដឹកជញ្ជូនកម្មករដោយប្រើរថយន្តដឹកទំនិញវិញ។ យ៉ាងណាក៏ដោយ មេដឹកនាំសហជីពរូបនេះ លើកឡើងថាទោះជាការប្តូរការដឹកជញ្ជូនពីរថយន្តដឹកទំនិញមកជារថយន្តក្រុងក៏នៅតែមានគ្រោះថ្នាក់ដដែល ប្រសិនបើអ្នកបើកបរមិនមានឥរិយាបទល្អ និងមិនគោរពច្បាប់ចរាចរណ៍។

រថយន្តដឹកកម្មករបុកដើមឈើនៅកំពង់ស្ពឺ(០៧.០៥.២០២៥)
រថយន្តដឹកកម្មករបុកដើមឈើនៅកំពង់ស្ពឺ(០៧.០៥.២០២៥) © នគរបាល

កន្លងទៅកម្មករដែលធ្វើការនៅតាមរោងចក្រនានានៅទូទាំងប្រទេស តែងធ្វើដំណើរតាមរថយន្តដឹកទំនិញដោយឈរប្រជ្រៀតគ្នាលើសពីទំហំផ្ទុក។ ស្ថានភាពនេះប្រឈមនឹងហានិភ័យយ៉ាងខ្លាំង។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ការដឹកជញ្ជូនកម្មករត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្លាស់ប្តូរពីការដឹកកម្មករដោយរថយន្តដឹកទំនិញមកជារថយន្តក្រុង ឬរថយន្តឃ្លុប ដែលមានសុវត្ថិភាពជាង។

សូមរំលឹកថា គិតចាប់ពីខែមករា ដល់សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករចំនួន ៣ករណី ក្នុងនោះមានជនរងគ្រោះសរុប ៨៩នាក់ ស្លាប់ ១នាក់ របួសធ្ងន់ ១០នាក់ និងរបួសស្រាលជិត៨០នាក់ ដោយអ្នកស្លាប់ និងរបួសភាគច្រើនជាស្ត្រី៕

What Next?

Recent Articles