ក្រុមអង្គការសង្គមស៊ីវិលដែលគាំទ្ររដ្ឋាភិបាលទទូចឲ្យពលរដ្ឋប្រុងប្រយ័ត្ននឹងគណបក្សកម្លាំងជាតិ

កម្ពុជា
កម្ពុជា-នយោបាយ
16/05/2025 – 11:21
ដោយ៖ សាំ ឧត្តម
RFI

នៅថ្ងៃទី១៦ ខែឧសភា សហភាពអង្គការសង្គមស៊ីវិលដែលគាំទ្ររដ្ឋាភិបាលបានចេញញត្តិមួយអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្នរាល់ការចូលរួមជាមួយគណបក្សកម្លាំងជាតិ។ ការចេញមកអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលមួយនេះធ្វើឡើង ក្រោយពួកគេសង្កេតឃើញថា គណបក្សកម្លាំងជាតិ គឺជាគំនិតផ្តួចផ្តើមចេញពីមនោគមន៍វិជ្ជារបស់លោក សម រង្ស៊ី។

ក្រុមអង្គការសង្គមស៊ីវិលដែលគាំទ្ររដ្ឋាភិបាលទទូចឲ្យពលរដ្ឋប្រុងប្រយ័ត្ននឹងគណបក្សកម្លាំងជាតិ


នៅក្នុងញាត្តិចំនួន ៥ទំព័រ សហភាពអង្គការសង្គមស៊ីវិលបានចេញញត្តិរួមគ្នាជាមួយក្រុមអង្គការសង្គមស៊ីវិលដែលមានសមាគម សហគមន៍ រួមនឹងអង្គភាពសារព័ត៌មានសរុបចំនួន ៥០ស្ថាប័នដើម្បីទទូចឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នមិនត្រូវចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិនោះទេ។ ក្រុមអង្គការសង្គមស៊ីវិលដែលមានទំនោរទៅខាងរដ្ឋាភិបាលយល់ថា គណបក្សកម្លាំងជាតិបានបោកបញ្ឆោតពលរដ្ឋខ្មែរថាជាបក្សស្នេហាជាតិ។ តាមក្រុមអង្គការសង្គមស៊ីវិលដដែល បក្សកម្លាំងជាតិកើតចេញពីមនោគមន៍វិជ្ជារបស់លោក សម រង្ស៊ី ហើយថ្នាក់ដឹកនាំរបស់បក្សកម្លាំងជាតិក៏សុទ្ធសឹងតែជាមនុស្សស្មោះស្ម័គ្រ និងជំនិតរបស់លោក សម រង្ស៊ី។

ការណ៍នេះបានធ្វើឲ្យសង្គមស៊ីវិលដែលគាំទ្ររដ្ឋាភិបាលលើកឡើងពីក្តីព្រួយបារម្ភថា ថ្នាក់ដឹកនាំបក្សកម្លាំងជាតិនឹងបន្តនយោបាយរបស់លោក សម រង្ស៊ីដែលអាចបង្កឲ្យមានចលាចលក្នុងប្រទេស ប៉ះពាល់ដល់សន្តិភាព និងការអភិវឌ្ឍជាតិ។ ក្រៅពីក្តីកង្វល់ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះក៏បានស្នើឲ្យព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល តុលាការ និងស្ថាប័នមានសមត្ថកិច្ចបន្តស្រាវជ្រាវសិក្សាដាក់បុគ្គលមួយចំនួនដែលស្និតនឹងលោក សម រង្ស៊ីកុំឲ្យធ្វើនយោបាយបន្តទៀតដោយពួកគេយល់ថា គឺដើម្បីកុំឲ្យកម្ពុជាបាត់បង់សន្តិភាព បង្កភាពវឹកវរ អសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

រូបតំណាង
រូបតំណាង © Internet

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១៦ ខែឧសភាថា លោកមិនខ្វល់ខ្វាយចំពោះញត្តិដែលក្រុមអង្គការសង្គមស៊ីវិលខាងលើឡើយដោយលោកយល់ថា ប្រជាពលរដ្ឋខ្មែរបានដឹងច្បាស់ថា តើគណបក្សណាជាអ្នកបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ។ សម្រាប់លោក រ៉ុង ឈុន ការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលដែលមានទំនោរទៅរដ្ឋាភិបាលពេលនេះ គឺគ្មានប្រសិទ្ធភាពអ្វីឡើយ ព្រោះថា គណបក្សកម្លាំងជាតិបានធ្វើសកម្មភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងពុំដែលធ្វើទុកបុកម្នេញដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរណាម្នាក់ទេ៕

What Next?

Recent Articles