អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ការចាប់ខ្លួន លោក អ៊ុក ម៉ៅ ធ្វើឡើងដោយបំពាន

កម្ពុជា
17/05/2025 – 09:25
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អង្គការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែន ​(RSF) បាន​បញ្ចេញ​ប្រតិ​កម្ម​ភ្លាមៗ​ទៅ​នឹង​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌​មាន​បរិស្ថាន​ប្រ​ចាំ​ខេត្ត​ស្ទឹង​ត្រែង គឺ​លោក អ៊ុក ម៉ៅ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២៥ ដោយ​ទាម​ទារឲ្យ​ដោះ​លែង​ជា​បន្ទាន់​។​ នាយក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក នៃ​អង្គការ​អ្នក​សារព័ត៌​គ្មាន​ព្រំ​ដែន ​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «ការ​ចាប់​ខ្លួន​ដោយ​បំពាន​ទៅ​លើ ​អ៊ុក ម៉ៅ ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ដី​កា ​គឺ​ជា​ការ​កើន​ឡើង​នៃ​ការ​យាយី​ផ្នែក​តុលាការ​ដ៏ធ្ងន់​ធ្ងរ​ដែល​អ្នក​កាសែត​បាន​ស៊ូ​ទ្រាំជា​យូរ​មក​ហើយ​»​

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ការចាប់ខ្លួន លោក អ៊ុក ម៉ៅ ធ្វើឡើងដោយបំពាន


មាន​អាយុ​៥៧​ឆ្នាំ ​លោក អ៊ុក ម៉ៅ គឺ​ជា​អ្នក​សារ​ព័ត៌​មាន​របស់​អង្គ​ភាព «​ឥន្ទ្រី​ផ្លើស ញូស៍»​ ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​។​ នៅ​មុន​ចាប់​ខ្លួន​ លោក អ៊ុក ម៉ៅ ដែល​មាន​កូន​ក្នុង​បន្ទុក​ចំនួន​៧​នាក់ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ឧសភា​ថា ​លោក​ត្រូវ​បាន​គេ​ប្តឹង​ចំនួន​១៥​ករណី​ បន្ទាប់ពី​លោក​បាន​រាយ​ការណ៍​ពីការ​កាប់​ឈើ​នៅ​ខេត្ត​ស្ទឹង​ត្រែង​។​ ករណីថ្មី​ចុង​ក្រោយ​ដែល​លោក​ទទួល​បាន​ដីកា​ គឺ​តម្រូវ​ឲ្យ​លោក​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ស្ទឹង​ត្រែង ​នៅ​ថ្ងៃ​ទី​២០ ​ឧសភា​២០២៥ ​ពីប​ទ​កាប់គាស់​ រុករាន​ដី​ព្រៃ​យក​ធ្វើជា​កម្ម​សិទ្ធិ និង​ពី​បទញុះញង់​ឲ្យប្រ​ព្រឹត្តិ​បទ​ឧក្រិដ្ឋ​អាទិ៍។

តែ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​Mongabay  និង ​Camboja បានឲ្យដឹងថា លោក អ៊ុក ម៉ៅ ត្រូវបាន​បុរស៣នាក់​ដែលស្លៀកពាក់ស៊ីវិល​ចាប់​ខ្លួនតាំងពីរំលង​អាធ្រាត្រ ថ្ងៃទី១៦ ខែឧសភា ដោយ​ដឹកតាម​រថយន្ត​ម៉ាក​ Luxus ចេញទៅ​ដោយ​មិនមានដីកាបង្ហាញនោះទេ។​

តែលោក ម៉ែន គង់អ្នក​នាំ​ពាក្យសាលា​ខេត្ត​ស្ទឹង​ត្រែងប្រាប់វិទ្យុ​បារាំងអន្តរជាតិ RFI ថា លោក​ក្តាប់មិនទាន់​បាន​ពីករណី​ចាប់​ខ្លួន លោក អ៊ុក ម៉ៅ​ នៅឡើយទេ។

សារព័ត៌មាន Mongabay បានផ្សាយនៅថ្ងៃទី១៦ ឧសភា ដោយ​ដកស្រង់​សំដី លោក Cédric Alviani នាយកការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអ្នកសារព័ត៌គ្មានព្រំដែន បាននិយាយនៅក្នុងសេច​ក្តីថ្លែងការណ៍មួយថា «ការចាប់ខ្លួនដោយបំពានទៅលើ អ៊ុក ម៉ៅ ដែលធ្វើឡើងដោយគ្មានដីកា គឺជាការកើនឡើងនៃការយាយីផ្នែកតុលាការដ៏ធ្ងន់ធ្ងរដែលអ្នកកាសែតបានស៊ូទ្រាំជាយូរមកហើយ»

លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានផ្នែកបរិស្ថានប្រចាំខេត្តស្ទឹងត្រែង
លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានផ្នែកបរិស្ថានប្រចាំខេត្តស្ទឹងត្រែង © Mongabay

តាម ​Mongabay លោក អ៊ុក ម៉ៅ ចាប់​ផ្តើម​មានបញ្ហាតាំងពីក្នុងខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលគាត់ត្រូវបានសួរដោយកងរាជអាវុធហត្ថអំពីការស៊ើបអង្កេតរបស់គាត់អំពីការឈូសឆាយដីនៅក្នុងព្រៃសហគមន៍​ក្នុងខេត្តស្ទឹងត្រែង។ នៅខែសីហា ឆ្នាំ ២០២៤ ដដែល អ្នកសារព័ត៌មានបរិស្ថាន​រូបនេះ បានជួយ Mongabay ដោយរកឃើញថា ក្រុមហ៊ុនរុករករ៉ែ ដែលមានទំនាក់​ទំនងនឹងយោធារបស់កម្ពុជាកំពុងកាប់ឈើក្នុងខេត្តស្ទឹងត្រែង។ បន្ទាប់ពី Mongabay បានចុះផ្សាយរឿងនេះ លោក អ៊ុក ម៉ៅ ក៏ត្រូវបានចោទប្រកាន់ពីបទកាប់រានព្រៃរដ្ឋដោយខុសច្បាប់ បើទោះជាលោកមានប្រវត្តិជាអ្នកការពារព្រៃឈើនៅកម្ពុជាយ៉ាងត្រឹមត្រូវក៏ដោយ។

ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ​ RFI នៅថ្ងៃទី១៣ ខែឧសភា អ្នកសារព័ត៌មានដែលគ្មានប្រាក់ខែរូបនេះ បានអះអាងថា លោកបានរងបណ្តឹងនៅតុលាការសរុប១៥ករណីដោយសារតែលោកបានរាយការណ៍ពីការឃុបឃិតគ្នារវាងមន្ត្រី និងក្រុមអ្នកកាប់ឈើនៅតំបន់នោះ។ ក្រៅពីជាប់​បណ្តឹងលោក អ៊ុក ម៉ៅ អះអាងថាលោកធ្លាប់ត្រូវបានគេវាយដំ គេបោកទូរសព្ទចោល និងដុតផ្ទះចោល។ តែថា នៅពេលលោកដាក់ពាក្យបណ្តឹងដើម្បីរកយុត្តិធម៌ មន្ត្រីមួយចំនួនទាត់ចោលពាក្យបណ្តឹងរបស់លោក ហើយនៅពេលដែលភាគីម្ខាងទៀតប្តឹងលោកវិញ គឺបែរជាមន្ត្រីមានចំណាត់ការលឿនទៅវិញ៕

What Next?

Recent Articles