កម្ពុជា
10/06/2025 – 12:54
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញនៅថ្ងៃទី៩ ខែមិថុនាថា រដ្ឋាភិបាលកម្ពុជានឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ តាមគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជានឹងបញ្ជូនសំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ។
លោក ហ៊ុន ម៉ាណែត ថាក្នុងករណីចាំបាច់ កម្ពុជានឹងយកបញ្ហាព្រំដែន៤ចំណុចប្តឹងទៅ ICJ
ពីទីក្រុង នីស ប្រទេសបារាំង ជាទីដែលមានជំនួបកំពូលពិភពលោកស្តីពីមហាសមុទ្រ លោក ហ៊ុន ម៉ាណែត បានឆ្លៀតបញ្ចេញសារតាមហ្វេសប៊ុករបស់លោកថា កម្ពុជាបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងជាពិសេស MOU ឆ្នាំ ២០០០។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឡើងវិញថា ក្នុងករណីចាំបាច់ ដូចជា ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជានឹងប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅពេលខាងមុខ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏នឹងបន្តរក្សាទំនាក់ទំនងរវាងកម្ពុជា និងថៃ តាមគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ លោកអំពាវនាវឲ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋខ្មែររក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី។
យ៉ាងនេះក្តី លោក សម រង្ស៊ី ប្រធានចលនាជាតិតស៊ូ បានសរសេរលើហ្វេសប៊ុកដោយប្រតិកម្មថា ទោះបីជាកម្ពុជាមានប្រៀបជាងថៃខាងផ្លូវច្បាប់យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់ដូចជាមានការស្ទាក់ស្ទើរ ក្នុងការប្រឈមមុខដោយផ្ទាល់ជាមួយប្រទេសថៃ។
អតីតប្រមុខបក្សប្រឆាំងរូបនេះ លើកឡើងទៀតថា កម្ពុជាកំពុងតែចាញ់សម្លុតថៃ និងធ្លាក់ចូលអន្ទាក់របស់គេដោយសុខចិត្តដកកងទ័ពដែលកំពុងឈរជើងលើទឹកដីខ្លួនឯង។លោកថា ឥឡូវនេះពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏មានភាពមិនច្បាស់លាស់ដែរ។

លោក សម រង្ស៊ី ក៏បានទាញភ្ជាប់ករណីឃាតកម្ម លោក លិម គិមយ៉ា ចូលទៅក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ពេលនេះដែរ ខណៈទាហានកម្ពុជាម្នាក់ត្រូវបានទាហានថៃបាញ់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់បុំបីក្នុងខេត្តព្រះវិហារដែលថៃនៅមិនទាន់ទទួលខុសត្រូវនៅឡើយ៕