កម្ពុជា
កម្ពុជា-បារាំង
12/06/2025 – 12:27
ដោយ៖ ជួប នរក្សា
RFI
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថាបារាំងអាចជួយសម្របសម្រួល ក្នុងការផ្តល់ឯកសារនានាដល់ភាគីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងករណីចាំបាច់។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់កម្ពុជាដូច្នេះធ្វើឡើងក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត ចូលរួមសន្និសីទអន្តរជាតិស្តីពីមហាសមុទ្រ (UNOC3) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
មន្ត្រីជាន់ខ្ពស់៖ បារាំងត្រៀមផ្តល់ឯកសារនានាសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានស្រង់សំដីថ្លែងបញ្ជាក់របស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងថា បារាំងនឹងផ្តល់នូវឯកសារនានាដល់ភាគីកម្ពុជា និងភាគីថៃចំពោះជម្លោះព្រំដែននៃប្រទេសទាំងពីរ។ ជាការបញ្ជាក់បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅលោក ម៉ាក្រុង ពីគោលជំហររបស់កម្ពុជាចំនួន៤ចំណុច ទាក់ទិនទៅនឹងដំណោះស្រាយនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។
ជំហរទាំងបួនចំណុច ដែលកម្ពុជាបានប្រាប់ទៅបារាំងនោះ គឺ ទី១ ការប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។ ទី២គឺ កម្ពុជាបន្តរក្សាជំហរយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ឡើងទៅតុលាការយុត្តិធម៌អន្តរជាតិដដែល។ ទី៣ កម្ពុជាបន្តវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ថៃ ដោយដកចេញនូវតំបន់ទាំងបួន តាមយន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ។ និងទី៤ កម្ពុជានៅតែបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីប្រយោជន៍ទាំងសងខាង។ នេះបើតាមលោក ហ្សង់ហ្វ្រង់ស័រ តាន់។
ទោះយ៉ាងណា រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រីដដែលរូបនេះ បញ្ជាក់ថាការអះអាងពីជំហរកម្ពុជាប្រាប់ភាគីបារាំង ដើម្បីជាសក្ខីកម្មរបស់ខ្លួន ក្នុងជម្លោះព្រំដែនជាមួយថៃ នាពេលថ្មីៗនេះ គឺមិនមែនធ្វើឡើងក្នុងគោលបំណងណាផ្សេងឡើយ។ តាមលោក ហ្សង់ហ្វ្រង់ស័រ តាន់ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មិនបានឆ្លើយតបអ្វីចំពោះការបញ្ជាក់ជំហររបស់កម្ពុជាឡើយ។
តែយ៉ាងហោចណាស់ បារាំងតាមរយៈប្រធានាធិបតី ម៉ាក្រុង បានថ្លែងថា ខ្លួនអាចជួយសម្របសម្រួលផ្តល់ឯកសារនានាដល់កម្ពុជា និងថៃ ទាក់ទងទៅនឹងបញ្ហាព្រំដែន ក្នុងលក្ខខណ្ឌដែលចាំបាច់។ នេះបើតាមការអះអាងរបស់លោក ហ្សង់ហ្វ្រង់ស័រ តាន់។

គួរកត់សម្គាល់ថា ការបញ្ជាក់របស់ភាគីបារាំង ចំពោះការផ្តល់ជំនួយជាឯកសារនានា សម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើឡើងស្របពេលដែលឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានបង្ហាញចេតនាចង់ឃើញ រដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បីងាយស្រួលក្នុងការដោះស្រាយចរចាបញ្ហាព្រំដែនសមុទ្រ និងកោះជាមួយប្រទេសជិតខាង។
ពោលកាលពីថ្ងៃ៥ឧសភាឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ ថ្លែងថា រដ្ឋាភិបាលកម្ពុជាមិនដែលបានលើកបញ្ហាព្រំដែនមកជជែកជាមួយភាគីបារាំងឡើយ និងថា ផែនទីដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះគឺមានតាំងពីសម័យអាណានិគមនិយមបារាំង។ តាមលោក ហ្សាក់ ប៉ឺឡេ បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាងគឺជារឿងដ៏សំខាន់ដែលត្រូវការចរចាដោះស្រាយ៕