ថ្ងៃទី 11 មិថុនា 2012
ដោយ: សុផល
CEN
ភ្នំពេញ: អ្នកអាចចាត់ទុកបាយក្តាំងជាសំណល់ដែលអាចនឹងត្រូវចោល ប៉ុន្តែសម្រាប់ ធាម ធី ស្ត្រីវ័យ៥០ឆ្នាំ បាយក្តាំងជាប្រភពចំណូលដ៏សំខាន់ ដែលចិញ្ចឹមគ្រួសាររបស់គាត់។
ក្នុងសម្លៀកបំពាក់ខោជើងវែង អាវដៃវែង ពណ៌ប្រផេះ កំពុងតែឱនលើកយកបាវមួយចំណុះ ប្រហែល ជា៥០ គីឡូក្រាម ហើយលើកយកមកដាក់ថ្លឹងលើជញ្ជីង បងស្រីធាម ធី បាននិយាយថា “ខ្ញុំរកស៊ីដើរទិញ និងលក់បាយក្តាំងអស់រយៈពេលជាង២០ឆ្នាំ មកហើយ បន្ទាប់ពីប្តីរបស់គាត់បានស្លាប់បាត់បង់ជីវិតចោលកូន ប្រុសស្រីតូចៗ៦នាក់”។
បាយក្តាំងបានធ្វើឲ្យប្រែប្រួលជីវិតគ្រួសារស្ត្រីមេម៉ាយស្នាក់នៅភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ដោយគ្រាន់តែដើរប្រមូលទិញបាយក្តាំងតាមហាងនិងកន្លែងផ្សេងៗយកទៅលក់បន្ត បងស្រីអាចរកប្រាក់ចំណេញយ៉ាងតិច២០ដុល្លារនៅក្នុងមួយថ្ងៃ។
បងស្រីបាននិយាយថា ការទិញបាយក្តាំងពីម៉ូយនៅតាមទីសាធារណៈ ម៉ូយខ្លះលក់ក្នុងមួយគីឡូក្រាមតម្លៃពី ៨០០រៀល ទៅ១៥០០រៀល តែប៉ុណ្ណោះ និងក្នុងមួយថ្ងៃទិញបានចាប់ពី ១៥០ គីឡូក្រាម ទៅ ៣០០ គីឡូក្រាម។គាត់អាចយកមកបោះឲ្យថៅកែក្នុង មួយគីឡូក្រាម បាន២៥០០រៀល។ ចំណេញយ៉ាងតិច១០០០រៀលក្នុងមួយគីឡូក្រាម។
ចំណែកថៅកែគេនឹងយកបាយក្តាំងនោះទៅធ្វើផ្សំគ្រឿងលាយសាច់ជ្រូកផាត់ ហើយលក់តម្លៃ៧ ម៉ឺនរៀលក្នុង១០០កញ្ចប់តូចៗ។
កាលពីមុនដើរទិញបាយក្តាំងគឺជិះតែកង់កញ្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប្រហែល៥ឆ្នាំចុងក្រោយនេះបងស្រីអាចមានលទ្ធភាពទិញបានម៉ូតូ សង់កូរ៉េ សម្រាប់ជិះដើរទិញបាយក្តាំងពីម៉ូយនៅគ្រប់ច្រកល្ហក ឃើញថាវាបានបង្កនូវការងាយស្រួលច្រើន ហើយក៏មិនខាតពេវេលាច្រើនដូចពេលមុនៗនោះទេ។
បងស្រីបានបន្តថា “ការរកស៊ីក្នុងមុខរបរនោះ បើមើលពីក្រៅវាមិនល្អមើលប៉ុន្មានទេ តែវាល្អស៊ី ។គ្មានអ្នកណាគេចាប់អារម្មណ៍មុខរបរនេះទេ”។
បងស្រីបាននិយាយថា គាត់រកស៊ីជាមួយថៅកែវៀតណាមនៅច្រាំងបាក់ ក្នុងសង្កាត់ច្បារអំពៅ អស់រយៈពេលជាច្រើនឆ្នាំ ហើយគេទុកចិត្តទុកថ្លើម។ ក្នុងនោះដោយសារតែមានភាពស្មោះត្រង់ក្នុងមុខរបរ ថៅកែបានឲ្យលុយដើមចំនួន ១០ម៉ឺនរៀល គឺសម្រាប់ដើរទិញបាយក្តាំងយកមកបោះឲ្យថៅកែ ដើរទិញបានប៉ុន្មានគឺទទួលយកទាំងអស់ តែបើដើរទិញខ្វះលុយគេឲ្យបន្ថែម។ ដូច្នេះគ្មានរឿងអ្វីដែលឲ្យខ្វល់ ដែលផលបានហើយ មិនដឹងជាយកទៅលក់នៅទីណា។
បាយក្តាំងបានចិញ្ចឹមបងស្រីនិងកូន៦នាក់។ បាយក្តាំងធ្វើឲ្យគាត់មានលទ្ធភាពចិញ្ចឹមនិងបញ្ជូនកូនៗទៅសាលារៀន។ កូន៤នាក់ បានមានប្តីប្រពន្ធ កូនអស់ទៅហើយ រហូតដល់ទៅមានចៅប្រុសស្រីទៀតផង។ឥឡូវបងស្រីនៅសល់តែកូនពីរនាក់ប៉ុណ្ណោះនៅក្នុងបន្ទុក។
បងស្រីបាននិយាយថា “បាយក្តាំងធ្វើឲ្យខ្ញុំមានជីវភាពធូរធារជាងមុន”៕ S