ថ្ងៃទី 11 មិថុនា 2012
ដោយ: កូឡាប
CEN

ភ្ញៀវទេសចរ បរទេស ពេញ ចិត្តនឹង ការដើរឡើងចុះកាំជណ្តើរ ឡើង ទៅទស្សនា កំពូល ប្រាសាទអង្គរវត្ត (រូបថត : កាសែតរស្មីកម្ពុជា)
សៀមរាប: ទោះបីជាញើសហូររហាមពេញផ្ទៃមុខ និងពេញរាងកាយក៏ដោយ ក៏ភ្ញៀវទេសចរ រួមមាន ជនជាតិចិន កូរ៉េ វៀតណាម ជប៉ុន និងអឺរ៉ុប ជាដើម បានបង្ហាញទឹកមុខរីករាយ នៅពេលដែលពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈរបស់កម្ពុជា។
ភ្ញៀវទេសចរទាំងនោះ បានបង្ហាញទឹកចិត្តរីករាយខ្លាំងណាស់ នៅពេលបានឡើងជណ្តើរទៅទស្សនាដល់កំពូលប្រាសាទអង្គរវត្ត។ ជណ្តើរឈើពីរ ដែលនៅចម្ងាយពីគ្នាប្រហែលមួយម៉ែត្រ គឺជណ្តើរមួយសម្រាប់ឡើង និងជណ្តើរមួយទៀតសម្រាប់ចុះ ស្ថិតក្នុងកម្ពស់ប្រមាណ ៣០ ម៉ែត្រ ភ្ញៀវទេសចរបន្តកន្ទុយគ្នាឡើងចុះឥតដាច់។ ទីនេះ គឺជាកំពូលប្រាសាទមួយ ក្នុងចំណោមកំពូលប្រាសាទអង្គរវត្តទាំង ៥ ដែលមានកាំជណ្តើរប្រមាណ ៥០ កាំ ធ្វើពីឈើ និងបង្កាន់ដៃដែក ដែលអាជ្ញាធរអប្សរា ទើបបានកសាងនាសម័យបច្ចុប្បន្ន ជំនួសជណ្តើរថ្មបុរាណ ដោយមានសភាពចោទខ្លាំង និងសឹករេចរឹល។
មគ្គុទ្ទេសក៍នាំភ្ញៀវមានឯកសណ្ឋានអាវពណ៌លឿងខ្លី ជាមួយនឹងមានសញ្ញាសម្គាល់ផង លោក ខិល សំរិទ្ធ និយាយឲ្យដឹងថា បើទោះបីរដូវវស្សា បានឈានមកដល់ ក៏ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត កាន់តែមានចំនួនកើនឡើងជាងរៀងរាល់ឆ្នាំ។
លោក សំរិទ្ធ បន្តថា គ្រាន់តែជិតពាក់កណ្តាលឆ្នាំ២០១២នេះ ភ្ញៀវទេសចរមានចំនួនជាងមួយលាននាក់ហើយ។ ឆ្នាំទៅមិញ ភ្ញៀវទេសចរកើនដល់ជិតបីលាននាក់ ដែលជាចំនួនកើនលើសបណ្តាឆ្នាំកន្លងមក។
មគ្គុទ្ទេសក៍ ខិល សំរិទ្ធ បានឲ្យដឹងទៀតថា បើតាមចំនួន ភ្ញៀវទេសចរបរទេសកើនច្រើនយ៉ាងនេះ នៅឆ្នាំ២០១២ ចំនួនភ្ញៀវទេសចរចូលមកកាន់ប្រាសាទអង្គរវត្ត នឹងកើនដល់ជាងបីលាននាក់ពុំខាន។
លោក សំរិទ្ធ បន្ថែមថា ភ្ញៀវទេសចរបរទេសនាំមុខគេពេលនេះ គឺជនជាតិវៀតណាម បន្ទាប់មកចិន កូរ៉េ និងជប៉ុន។ ឯជនជាតិអឺរ៉ុប មានបារាំង ជាដើម។
ចំពោះសួរថាតើភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត តើគេពេញចិត្តអ្វីខ្លះ? ភ្លាមនោះ មគ្គុទ្ទេសក៍ សំរិទ្ធ ឆ្លើយភ្លាមៗថា ភ្ញៀវទេសចរបរទេសពេញចិត្តខ្លាំងណាស់ ក្នុងការឡើងតាមជណ្តើរឈើទៅទស្សនាកំពូលប្រាសាទអង្គរវត្ត។ ពេលឡើងទៅក្នុងកំពូលប្រាសាទហើយ ពួកគេបានទស្សនាទិដ្ឋភាពប្រាសាទពីលើ គួរឲ្យកោតស្ញប់ស្ញែង។
ភ្ញៀវទេសចរបរទេសគ្រប់គ្នា ពេលឡើងដល់កំពូលប្រាសាទហើយ ហាក់មានអារម្មណ៍រំភើបរីករាយ ភ្លេចអស់នូវការហត់នឿយ បន្ទាប់ពីពួកគេដើរគយគន់ និងពិនិត្យក្បាច់រចនានៅលើចម្លាក់ច្រើនប្រភេទ ពីកន្លែងមួយទៅកន្លែងមួយ ពុំចេះអស់រួចមក។
មគ្គុទ្ទេសក៍ សំរិទ្ធ បញ្ជាក់ថា ភ្ញៀវទេសចរបរទេសខ្លះ មកម្តងហើយម្តងទៀត ប៉ុន្តែពួកគាត់នៅតែចង់ឡើងជណ្តើរទៅទស្សនាកំពូលប្រាសាទអង្គរវត្ត ដោយមិនគិតដល់ការហូរញើស ហេវហត់ឡើយ។ នៅលើកំពូលនេះ មានខ្យល់បរិសុទ្ធធម្មជាតិបរិបូរណ៍ ជាមួយអារម្មណ៍រីករាយពេលបានឃើញទេសភាពធម្មជាតិ និងកំពូលប្រាសាទទាំងឡាយនៅជិតនោះ បានគ្របដណ្តប់នូវការហេវហត់ទាំងអម្បាលម៉ានដែលមានពីមុនមក៕ S
ការជួសជុលផ្លូវច្រកចូលខាងមុខប្រសាទឃើញធ្វើយូហើយតែនៅមិនទាន់បានសម្រេចមិនដឹងពេលណាជើបជួសជុលហើយ!!!
មនុស្សមកលេងអង្គរវត្តច្រើន,ក្រុមហ៊ុនកូរ៉េក៏រិតតែចំណេញប្រាក់កាន់តែច្រើនុ។