អង្គារ 12 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
មេធាវីអន្តរជាតិទាំង៣នាក់របស់ នួន ជា អតីតបងធំទី២ នៃរបបខ្មែរក្រហមបានឲ្យដឹងថា ពួកគេកំពុងពិចារណាលាឈប់ពីតួនាទីរបស់ខ្លួន ព្រោះតែសាលាក្តីខ្មែរក្រហមកំពុងត្រូវជ្រៀតជ្រែកដោយរដ្ឋាភិបាលកម្ពុជានោះ។
លោក មីឆែល ផេសមែន (Michiel Pestman) មេធាវីមួយរូបរបស់ នួន ជា ហើយដែលតំណាងឲ្យមេធាវីអន្តរជាតិចំនួនពីររូបទៀត បានថ្លែងប្រាប់ទីភ្នាក់ងារបារាំង AFP ថា «យើងកំពុងចោទសួរខ្លួនឯងយ៉ាងខ្លាំងថា ហេតុអ្វីបានជាយើងនៅទីនេះ»។ ដោយបន្តថា «លទ្ធផលនឹងចេញមកតាមអ្វីដែលរដ្ឋាភិបាលចង់បាន។ ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយថា កូនក្តីរបស់ខ្ញុំជាឃាតករក្នុងអំពើប្រល័យពូជសាសន៍នោះ ក្រុមចៅក្រមជាតិនឹងដឹងភ្លាមថា អ្វីដែលពួកគេត្រូវធ្វើ។ ឥឡូវនេះបញ្ហានៅត្រង់ថា តើរយៈពេលប៉ុណ្ណាដែលវត្តមានរបស់ខ្ញុំនៅទីនេះ វាសមរម្យហើយនោះ?»។
គួររំលឹកថា កន្លងទៅនេះ ក្រុមមេធាវីអន្តរជាតិរបស់ នួន ជា ធ្លាប់បានដាក់បណ្តឹងប្រឆាំងទៅនឹងលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ទៅកាន់តុលាការក្រុងភ្នំពេញ ចំពោះការថ្លែងរបស់លោកអំឡុងទស្សនកិច្ចនៅប្រទេសយួនដោយហៅ នួន ជា ថា ជាឃាតករ ដែលវាជាការជាការរំលោភទៅលើសិទ្ធិរបស់កូនក្តីខ្លួនក្នុងការទទួលបានការកាត់ក្តីដោយយុត្តិធម៌ និងចាត់ទុកថា ជាការជ្រៀតជ្រែកក្នុងកិច្ចការតុលាការ។ ប៉ុន្តែបណ្តឹងនោះពុំត្រូវបានចាត់ការឡើយ។
តាមមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា បានចែងថា «ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ» និងយោងតាមវិធាន៣៥(១) នៃវិធានផ្ទៃក្នុង «អង្គជំនុំជម្រះអាចដាក់ទណ្ឌកម្ម ឬបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ច នូវជនណាម្នាក់ ដែលជ្រៀតជ្រែកដោយចេតនាពិតប្រាកដ ក្នុងកិច្ចការរដ្ឋបាលរបស់អង្គជំនុំជម្រះ»៕

The Khmer rouge trail it is the game of Cambodia government