មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

ដោយ មណ្ឌល កែវ
2012-06-12
​វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​មាន​ដី​ស្រែ​នៅ​ក្នុង​សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់ បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​ការ​ជំរិត​ទារ​តម្លៃ​សេវា​របស់​មន្ត្រី​សុរិយោ​ដី ដើម្បី​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ប្លង់​ដី​ស្រែ​ដែល​គេ​បាន​ធ្វើ​ជា​ប្រព័ន្ធ​រួច​ហើយ​នោះ​មក​ឲ្យ​អ្នក​ភូមិ។

ពលរដ្ឋ​នាំ​គ្នា​មក​ពឹង​ឲ្យ​អង្គការ​លីកាដូ នៅ​ខេត្ត​ពោធិ៍សាត់ ជួយ​ពួកគាត់​អំពី​រឿង​សុរិយោដី​តម្រូវ​ឲ្យ​គាត់​បង់​ថ្លៃ​សេវា​សុរិយោដី​ក្នុង​ការ​ធ្វើ​ប្លង់​ដី​ស្រែ​របស់​ពួក​គាត់​ថ្លៃ​ហួសហេតុ កាល​ពី​ថ្ងៃ​១១ មិថុនា ឆ្នាំ​២០១២។ (RFA/Mondulkeo)

ពលរដ្ឋ នាំ គ្នា មក ពឹង ឲ្យ អង្គការ លីកាដូ នៅ ខេត្ត ពោធិ៍សាត់ ជួយ ពួកគាត់ អំពី រឿង សុរិយោដី តម្រូវ ឲ្យ គាត់ បង់ ថ្លៃ សេវា សុរិយោដី ក្នុង ការ ធ្វើ ប្លង់ ដី ស្រែ របស់ ពួក គាត់ ថ្លៃ ហួសហេតុ កាល ពី ថ្ងៃ ១១ មិថុនា ឆ្នាំ ២០១២។ (RFA/Mondulkeo)

មន្ត្រី​សុរិយោដី​ក្រុង​ពោធិ៍សាត់ រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​តម្រូវ​ឲ្យ​គាត់​បង់​ថ្លៃ​សេវា​ធ្វើ​ប្លង់ដី​ស្រែ​ជា​ប្រព័ន្ធ​ក្នុង ១​ហិកតារ ២០​ម៉ឺន​រៀល។

ស្ត្រី​អ្នក​ភូមិ​ក្រាំងតាសែន សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់ អ្នកស្រី សុខ វ៉ាត បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា មន្ត្រី​សុរិយោដី​ក្រុង​ពោធិ៍សាត់ បាន​ចុះ​មក​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មក​យក​ប្លង់​ដី​ស្រែ​របស់​ពួក​គាត់ តែ​ត្រូវ​បង់​ថ្លៃ​សេវា​សុរិយោដី​ក្នុង​មួយ​ហិកតារ ២​សែន​រៀល (ប្រហែល​៥០​ដុល្លារ)។

ស្ត្រី​រូប​នេះ​បន្ត​ថា ពួកគាត់​សុទ្ធ​តែ​ជា​អ្នក​ក្រីក្រ​រក​បាន​ថ្ងៃ​ណា​សម្រាប់​ដោះស្រាយ​ថ្ងៃ​នោះ តើ​គាត់​បាន​ប្រាក់​ឯ​ណា​បង់​ដើម្បី​យក​ប្លង់​ដី​ស្រែ​របស់​គាត់?

ស្ត្រី​ដដែល​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​បន្ធូរបន្ថយ​តម្លៃ​ឲ្យ​ដូច​នៅ​សង្កាត់​ផ្សេង​ទៀត​ក្នុង​ក្រុង​ពោធិ៍សាត់ ដូច​ជា​នៅ​សង្កាត់​បន្ទាយដី ជា​ដើម​នោះ៖ «ភូមិ​ក្រាំង​តាសែន ខ្ញុំ​នេះ លេង​គាត់​គិត​ថា ១​ម៉ែត្រការ៉េ គិត​ទៅ​មួយ​ហិកតារ​ដល់​ទៅ ២០​ម៉ឺន​រៀល។ ខ្ញុំ​ឆ្ងល់​ថា ភូមិ​គេ​ម៉េច​ក៏​តម្លៃ​ផ្សេង?បើ​ភូមិ​គេ ១​ម៉ឺន​៥​ពាន់ ភូមិ​ខ្ញុំ​ក៏​សុំ​ឲ្យ​ដូច​គេ​ដែរ​ទៅ​ឲ្យ​មាន​តម្លាភាព…»

បុរស​អ្នក​ភូមិ​ឈ្មោះ សន ស៊ុំ ដែល​មាន​ដី​ស្រែ​នៅ​ខាង​សង្កាត់​បន្ទាយដី និង​ទទួល​បាន​ប្លង់​រួច​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា គាត់​បង់​តែ ១​ម៉ឺន​រៀល​ក្នុង​មួយ​ហិកតារ​ប៉ុណ្ណោះ។ ស្រាប់​តែ​ឥឡូវ​ដី​ស្រែ​គាត់​នៅ​ជិត​គ្នា​សោះ តែ​នៅ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រៃញី គេ​ទារ​ឲ្យ​គាត់​បង់​ដល់​ទៅ ២​សែន​រៀល​ទៅ​វិញ៖ «ប្លង់​ដី​ខ្ញុំ​នៅ​ភូមិ​តាកុយ​ជាប់​គ្នា​នឹង​ដី​ខាង​ព្រៃញី​នេះ​ដែរ រំលង​តែ​អូរ​ប៉ុណ្ណោះ​ខ្ញុំ​បង់​យក​ប្លង់​រួច​ហើយ តែ​១​ម៉ឺន​រៀល​ទេ។ តែ​ដី​ខ្ញុំ​នេះ​បែរ​ជា​ត្រូវ​បង់ ២០​ម៉ឺន​រៀល វា​ដូច​ជា​ខុស​គ្នា​ឆ្ងាយ​ពេក…»

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត​បន្ថែម​ថា ដី​តំបន់​នេះ​មាន​តម្លៃ​ប្រមាណ ៣ ឬ ៤​លាន​រៀល។ ថ្លៃ​ពន្ធ​សេវា​សុរិយោ​ដី​តម្លៃ ២​សែន​រៀល​ក្នុង ១​ហិកតារ គឺ​ស្មើ​ជាង ៥% នៃ​តម្លៃ​ដី​ទៅ​ហើយ៖ «ខ្ញុំ​ថា​យក​ហ្នឹង​វា​ហួសហេតុ​ពេក បើ​ថា ពី​មុន​យក​មួយ​ម៉ឺន ឥឡូវ​យក ៥​ម៉ឺន​ចុះ​ក្នុង​មួយ​ហិកតារ។ គេ​មិន​គិត​ថា ដី​ហ្នឹង​ជា​ដី​ស្រែ​ទេ គេ​បែរ​ជា​គិត​តែ​ពី​យក​លុយ​តែ​ម្ដង គេ​អត់​គិត​ថា ដី​តំបន់​នេះ​មិន​បាន ១​ពាន់​ដុល្លារ​ក្នុង​មួយ​ហិកតារ​ផង​ហ្នឹង យក​ថ្លៃ​សេវា​អី​យ៉ាង​នេះ ប្រជាជន​ទៅ​រក​អី​បាន…»

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា លោក​អនុវត្ត​តាម​សេចក្ដី​ប្រកាស​អន្តរក្រសួង និង​តាម​សេចក្ដី​ណែនាំ​ដែល​ចេញ​ដោយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី​នៃ​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ មិន​មែន​ធ្វើ​តាម​ការ​នឹក​ឃើញ​របស់​មន្ទីរ​នោះ​ឡើយ។

លោក ចេង ឡៃ៖ «យើង​ចែក​ចេញ​ជា ៥​ប្រភេទ គឺ​ទី​១ ដី​នៅ​ជនបទ ២​ដី​លំនៅឋាន​នៅ​ជនបទ​តម្លៃ​ផ្សេងៗ​គ្នា ហើយ​ទី​៣ ដី​នៅ​ទីប្រជុំជន​ស្រុក ខណ្ឌ ក្រុង និង​ជាយ​ទី​រួម​ខេត្ត។ អា​ហ្នឹង​ហើយ​គឺ​ត្រូវ​បង់ ២០​ម៉ឺន​រៀល​ជា​ទូទៅ ហើយ​ដោយ​មិន​គិត​ថា ដី​លំនៅឋាន ឬ​ដី​កសិកម្ម​នោះ​ទេ ដោយ​រដ្ឋាភិបាល​គិត​ថា ដី​តំបន់​នេះ​ជា​ដី​ដែល​មាន​តម្លៃ…»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា ការ​គំរាម​ថា នឹង​ដក​ហូត​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ ប្រសិន​បើ​គ្មាន​ប្រាក់​បង់​ថ្លៃ​សេវា​សុរិយោដី​នោះ គឺ​ជា​ប្រការ​ខុស​ច្បាប់។ ឯ​ការ​ដំឡើង​ថ្លៃ​ពន្ធ​សេវាកម្ម​ផ្នែក​សុរិយោ​ដី​ចំពោះ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយ​ក្រុង ក៏​ពុំ​ត្រូវ​អនុវត្ត​នៅ​ពេល​នេះ​ដែរ ។លោក​ថា អាជ្ញាធរ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ជីវភាព​ជា​អ្នក​នៅ​ជាយ​ក្រុង​នៅ​ឡើយ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយ​ក្រុង​ពុំ​ទាន់​មាន​ទឹក​ស្អាត និង​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នៅ​ឡើយ ដូច្នេះ​រដ្ឋ​ពុំ​គួរ​ដំឡើង​ថ្លៃ​ពន្ធ​សេវា​ចំពោះ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជាយ​ក្រុង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ"

  1. Xman says:

    មីងអើយ! មីង! ពួកខ្ញុំដើរវាស់ស្ទង់អោយមីងឯងទាំងកណ្តាលថ្ងៃក្តៅ ដូច្នេះត្រូវតែយកថ្លៃអញ្ចឹងហើយ!​នេះខ្ញុំយល់ថាមីងឯងអត់លុយ បើដូចពួកអ្នកមានវាស់ដីកាត់ជាប្លង់វិញខ្ញុំយករាប់រយដុល្លារ​ឯណោះ! ម៉្យាងទៀតមីងឯងដឹងទេ មុននឹងខ្ញុំបានចូលធ្វើការក្នុងគំរោងរៀបចំដីធ្លីនេះហាស៎ ខ្ញុំសូកលុយគេច្រើន​ណាស់ទំរាំបានចូល! ដូច្នេះខ្ញុំសុំស្រងដើមហើយណាស៎ ! ម៉្យាងទៀតមេខ្ញុំគាត់អោយពួកខ្ញុំខំរកលុយ​អោយគាត់ថែមទៀត បើមិនបានចប់ហើយការងារខ្ញុំ សូមមីងយល់ខ្ញុំផងណា! ស្រុកយើងឥឡូវវា អញ្ចឹងឯង។

  2. visal says:

    ខ្ញុំក៏ត្រូវបានពួកលោកមន្រ្តីខាងសុរិយោដីខេត្តពោធិសាត់ ទៀមទារអោយបង់រហូតដល់ទៅ​ 500$ បើសិន​អោយគាត់រត់ការ ហើយបើមិនព្រមគេអោយរត់ការខ្លួន​​​​​​​​​​​​​​​​​​​ឯង​ តែដល់ខ្ញុំរត់ការ គ្រប់កន្លែងគឺបង់លុយទាំងអស់ជាពិសេសកន្លែងលោកពន្ធដា គាត់ទារខ្ញុំរហូត100$ និងមន្ទីទារ 100$ ទៀតសរុបអស់ជាង 300$ ហើយនៅមិនទាន់គ្រប់កន្លែងអស់លោកចុះហត្តលេខាទៀត។ខ្ញុំសូមបញ្ជាក់ថា​ដីដែលខ្ញុំបានទិញនោះគឺមាន បណ្តោយ/ទទឹង 19m X 12m តម្លៃ=1150$ ហើយប្រាក់នេះខ្ញុំបានសន្សំពីរនាក់ប្រពន្ធខ្ញុំ ដោយខ្ញុំធ្វើការរោងចក្រកាត់ដេរជាច្រើនឆ្នាំ ទើបបានលុយប៉ុណ្ណឺង ហើយសង្ឃឹមថាទៅអនាគត់នឹងអាចសង់ខ្ទមមួយនៅនឺងគេ តែអស់លោកមន្ត្រីទាំងនោះហាក់ដូចជាគ្មានមេត្តសោះ សូមបញ្ជាក់ ដីនោះស្ថិតក្នុង ឃុំ រលាប ខេត្ត ពោធិសាត់។​ ខ្ញុំសង្ឃឹមថាក្រសួងដែនដីនរគរូបនីយកម្មនិងមានចំណាត់ការក្នុងបញ្ហានេះដើម្បីពិនិត្រអោយបានច្បាស់។​សូមអរគុណ

  3. Chet Meta says:

    ១- គួរឲ្យអាសូរ – រាស្រ្តខ្មែរស្រែកថ្ងូរ – ស្ទើរពេញរដ្ឋា
    ឯមន្រ្តីខ្មែរ – ធ្វើឫកសង្ហា – អួតបរទេសថា
    ​ ​​ ស្រុកខ្មែរសន្តិភាព។
    ២- កោតមន្រ្តីខ្មែរ – រាស្រ្តយំឥតល្ហែ – ចេះស្រែកអួតរួច
    បិទបាំងការពិត – មាយាទខ្លួនខូច – ជាជនកំហូច
    ដូចជ្រៃឈ្លើងច្រេះ។

  4. Chet Meta says:

    បើនិយាយ​ពីនីតិវិធីក្នុងការធ្វើការងាររបស់មន្រ្តីរាជការសព្វថ្ងៃមិនត្រឹមតែមិនបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញរឹតតែបង្កការលំបាកយ៉ាងខ្លាំងដើម្បីជាហេតុផលគោះយកលុយ (សូមទោស មិនមែនលុយ​ទេ គេហៅថាថ្លៃសេវាដោយស្ម័គ្រចិត្ត)។ អ្នកត្រូវរត់ឯកសារពីតុមួយទៅតុមួយ ពីមេមួយទៅមេមួយមិនចេះអស់។ ខ្ញុំមិនសូវហត់ក្នុងការកាន់ឯកសារពីកន្លែងមួយទៅកន្លែងមួយទៀតទេ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំហត់នោះគឺហុចលុយថ្លៃសេវា (មិនមែនពុករលួយទេណាកុំច្រឡំ) ឲ្យពួកមន្រ្តីទាំងនោះ។ បើគ្មានថ្លៃសេវាបន្ថែមទេកុំសង្ឃឹមថាគេស៊ីញេ៉អោយ ពួកបឲមន្រ្តីទាំងនោះប្រាកដជានិយាយថា ឯកសារនេះមិនត្រឹមត្រូវ ខុសនេះខុសនោះ ឫពួកគាត់និយាយថាអោយរង់ចំាយូរទៀតទើបបានព្រោះគាត់រវល់ណាស់ ជាពិសេសមេហៅប្រជុំ។
    ចំជានីតិវិធីធ្វើការទារថ្លៃសេវាបន្ថែមមានប្រសិទ្ធិភាពមែន!!!