អាមេរិក​គាំទ្រ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន

ដោយ សុខ សេរី
2012-06-12
​វិទ្យុ​អាស៊ីសេរី

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​តួនាទី​របស់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ក្នុង​ការ​រិះរក​មធ្យោបាយ​នានា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​ជំលោះ​រវាង​ប្រទេស​សមាជិក​អាស៊ាន ជាមួយ​ប្រទេស​ចិន នៅ​តំបន់​សមុទ្រ​ចិន ខាង​ត្បូង​កន្លង​មក​នេះ។

ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អាស៊ាន លោក ដេវីត ខាឌិន (David Carden) ធ្វើ​សន្និសីទ​កាសែត​នៅ​សណ្ឋាគារ ឡឺ រ៉ាស់ហ្រ្វល រូយ៉ាល់ (Le Raffle Royal) នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១២។ (RFA/Sok Serey)

ឯក អគ្គ រដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ នៅ អាស៊ាន លោក ដេវីត ខាឌិន (David Carden) ធ្វើ សន្និសីទ កាសែត នៅ សណ្ឋាគារ ឡឺ រ៉ាស់ហ្រ្វល រូយ៉ាល់ (Le Raffle Royal) នៅ ថ្ងៃ ទី ១២ ខែ មិថុនា ឆ្នាំ ២០១២។ (RFA/Sok Serey)

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អាស៊ាន លោក ដេវីត ខាឌិន (David Carden) នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១២ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​សាទរ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សំខាន់​មួយ ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី បើ​ទោះ​បី​ជា​សេចក្ដី​ព្រាង​នេះ​ត្រូវការ​ពិភាក្សា​បន្ថែម​ទៀត​ក៏ដោយ។

លោក ដេវីត ខាឌិន ដែល​កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ក្រម​ប្រតិបត្តិ​នោះ គឺ​ជា​ឧបករណ៍​ដ៏​សំខាន់៖ «ច្បាស់​ហើយ​ថា វា​ជា​ផលប្រយោជន៍​នៅ​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក ដើម្បី​ធានា​ឲ្យ​មាន​ភាព​រុងរឿង និង​ភាព​ល្អ​ប្រសើរ ដោយសារ​តែ​ក្រម​ប្រតិបត្តិ​នេះ។ ដូច​អស់​លោក​អ្នក​បាន​ដឹង​ហើយ​ថា សហរដ្ឋ​អាមេរិក​កំពុង​តែ​ចាប់​អារម្មណ៍​លើ​គោលការណ៍​នានា ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ខាង​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន និង​ពិភពលោក»

ក្រុម​ឧត្ដម​មន្ត្រី​អាស៊ាន​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ១០ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​មក​នេះ បាន​បញ្ចប់​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ ស្ដីពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រោយ​មក​ទៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ចំនួន ១០​ប្រទេស បាន​ជួប​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​មក​នេះ។ ជា​រួម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំង​នោះ បាន​យល់​ព្រម​លើ​គោលការណ៍​នានា​នៃ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា អ្នកស្រី សឿង រដ្ឋចាវី បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ថា៖ ក្រសួង​ការបរទេស​កម្ពុជា នឹង​ដាក់​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​នេះ ជូន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន អនុម័ត​នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ខាង​មុខ​នេះ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ នៅ​ពេល​នោះ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ក៏​មក​ចូល​រួម​ដែរ

អ្នកស្រី​បាន​បញ្ជាក់​ថា៖ ក្រោយ​ពី​បាន​អនុម័ត​រួច​ហើយ គឺ​ជា​ការ​ចាប់​ផ្ដើម​ចរចា​រវាង​អាស៊ាន ជាមួយ ​ប្រទេស​ចិន ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ

ប្រទេស​ជា​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន ៤ ដែល​មាន​ជំលោះ​ជាមួយ​ប្រទេស​ចិន ដណ្ដើម​កាន់កាប់​ជា​កម្មសិទ្ធិ​នៅ​ប្រជុំ​កោះ​ស្ត្រាតលី (Spratly) និង​ប្រជុំ​កោះ​ប៉ារ៉ាសែល (Paracel) នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ មាន​ប្រទេស​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ប្រុយណេ។

ដោយ​ឡែក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន និង​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក ប៊ីនីកនូ អាគីនូ (Benigno Aquino) បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​មក​នេះ នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ជុំវិញ​រឿង​នេះ​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​ថា យើង​សុំ​អំពាវនាវ​ឲ្យ​អាស៊ាន និង​ប្រទេស​ចិន ឈាន​ទៅ​រក​ការ​ព្រមព្រៀង​មួយ​លើ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ខាង​ត្បូង​នោះ។

សហរដ្ឋ​អាមេរិក​ជំទាស់​រាល់​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ ហើយ​សហរដ្ឋអាមេរិក​បន្ត​តាម​ដាន​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles