ថ្ងៃទី 20 មិថុនា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: ជាតារាចម្រៀង ហើយក៏ជាតន្ត្រីករ លោក សុខ រក្សា បច្ចុប្បន្នកំពុងតែមមាញឹក ក្នុងការផលិតបទចម្រៀងឲ្យផលិតកម្មសាន់ដេ។ អតីតអ្នកចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស លោក សុខ រក្សា សព្វថ្ងៃត្រូវបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ដែលមានចំណងជើងថា “ស្ទាវ Ali BaBa”។
ការចូលមកច្រៀងនៅផលិតកម្មថ្មីនេះ លោក សុខ រក្សា បានមានបទថ្មីប្រហែលជា ១០បទ ដែលត្រូវបានទទួលការគាំទ្រច្រើន ដោយមានខាងក្រុមហ៊ុនជួយលើកស្ទួយគាំទ្រផង និងតាមរយៈទស្សនិកជនពេញចិត្តនូវសំនៀងរបស់លោកផងដែរ។
តារាចម្រៀងរូបនេះ បានបញ្ជាក់ថា “បទចម្រៀងដែលខ្ញុំទទួលជោគជ័យ មានដូចជា អភ័ព្វស្នេហ៍រតនគិរី ពិសេសជាងនេះទៀត គឺបទ ស្ទាវ Ali baba ដែលទទួលការគាំទ្រខ្លាំងមែនទែន”។
នៅផលិតកម្មថ្មីនេះ លោក សុខ រក្សា បាននិយាយថា គាត់មានការមមាញឹកយ៉ាងខ្លាំង ដោយសារត្រូវនិពន្ធបទភ្លេងខ្លួនឯងផង និងសារ៉ងស៊ីម៉ងផង។
លោកបន្ថែមថា ដើម្បីពង្រីកប្រជាប្រិយភាពបន្ថែមនោះ លោកបានបង្កើតហ្វេសប៊ុក ដោយមានឈ្មោះរបស់លោកផ្ទាល់តែម្ដង ហើយជាទូទៅតែងតែមានប្រិយមិត្តអ្នកគាំទ្រ ពួកគាត់តែងតែ comment ជាញឹកញាប់ដែរ។ លោកក៏បានធ្វើការឆ្លើយតបទៅវិញចំពោះទស្សនិកនូវអ្វីដែលពួកគាត់បានសួរ តាមរយៈហ្វេសប៊ុករបស់លោក។
លោក សុខ រក្សា បញ្ជាក់ថា “យើងជាសិល្បករ ត្រូវការការគាំទ្រពីមហាជន មិនអាចអត់ពួកគាត់បានទេ។ យើងបង្កើតហ្វេសប៊ុក គឺយើងចង់បានមិត្តគាំទ្រច្រើន ដូច្នេះនៅពេលដែលមានអ្នកគាំទ្រច្រើនហើយ យើងមិនអាចព្រងើយកន្ដើយជាមួយពួកគាត់បានទេ”។
ជាមួយគ្នានោះដែរ លោក សុខ រក្សា ដែលជាតារាចម្រៀង ដែលកំពុងទទួលបានការគាំទ្រពីមហាជន ជាពិសេសក្រុមយុវជននោះ លោកបានថ្លែងអំណរគុណគ្រប់យ៉ាងដល់អ្នកគាំទ្រ និងចូលចិត្តរូបលោក និងសូមជូនពរ ជាពិសេសមិត្តៗយុវវ័យ ក្នុងវ័យសិក្សាមានបញ្ញាកាន់តែឆ្លាត មានសំណាងល្អ ទាំងក្នុងការសិក្សា និងប្រកបមុខរបរ ហើយសម្រេចនូវការប៉ងប្រាថ្នាចង់បាន៕ S

