ថ្ងៃទី 27 មិថុនា 2012
ដោយ: ចៅចិត្រ
CEN
ភ្នំពេញ: អ្នកចម្រៀង រ៉េប មួយរូប ដែលបានក្លាយពីអ្នករាំ និងមានឈាមជ័រ ជាអ្នកសិល្បៈផងដែរនោះ ពេលនេះចាប់ផ្តើមល្បី ជាមួយបទ រ៉េប ជាច្រើន ដែលបានចូលរួមសម្តែងជាមួយពូឃ្លាំងនោះ នេន ទុំ មានឈ្មោះពិត ទី ទុំ មានបងប្អូន៤នាក់ ស្រី៣នាក់ ទុំជាបងគេបង្អស់ មានម្តាយ ឈ្មោះ តូច ម៉ាច ជាអ្នកសិល្បៈ ផ្នែកល្ខោនបាសាក់។ នេន ទុំ មានស្រុកកំណើត ភូមិវិហារហ្លួង ស្រុកត្បូងឃ្មវ ខេត្តកំពង់ចាម។ នេន ទុំ មិនបានរៀននៅសាលា ត្រឹមត្រូវ ដូចគេទេ គឺទុំបានទៅស្នាក់វត្ត បំរើព្រះសង្ឃផង និងរៀនផង។
នេន ទុំ បានដើរចូលសិល្បៈតាំងពីអាយុ៨ឆ្នាំ ពីព្រោះម្តាយជាអ្នកលេងល្ខោន ដូច្នេះបានធ្វើទុំ ចេះសិល្បៈផ្នែកល្ខោនខ្លះ ពីម្តាយ។ ក្រោយពី ទុំ មានឈ្មោះបោះសំលេង ផ្នែកចម្រៀង រ៉េប ក៏ទុំមិនដែលគិតថាចង់បោះបង់ សិល្បៈបុរាណចោលដែរ ទុំនៅតែសញ្ជឹងគិត ថានៅថ្ងៃណាមួយ លោកនឹងចូលសម្តែង ទាំងល្ខោនបាសាក់ និងចម្រៀង រ៉េប នេះដែរ។ ក្រៅពីចេះច្រៀង ចម្រៀង រ៉េប ចេះសម្តែងល្ខោន នេន ទុំ ក៏ចេះ ច្រៀង ចាប៉ីដែរ។
នេន ទុំ បានរៀបរាប់ពីអនុស្សាវរីយ៍ខ្លះៗ ពាក់ព័ន្ធជាមួយនឹងការសម្តែងល្ខោនបាសាក់ ដោយលោកបានលើកឡើងថា ការសម្តែងល្ខោនបាសាក់ ធ្វើឲ្យមានភាពអត់ងងុយខ្លាំង ព្រោះល្ខោនគេសម្តែង នៅពេលយប់ៗ ត្រូវការលាបម្ស៉ៅ ក្រាសៗ ដើម្បីដេកចាំសម្តែង និងទទួលបានកម្រៃតិច ហត់ច្រើន ជិះឡានទៅតាមខេត្តឆ្ងាយៗ ប៉ុន្តែនេន ទុំ ថា សប្បាយចិត្តក្នុងការសម្តែង ថ្វីត្បិតតែការសម្តែងល្ខោនមានផលលំបាកខ្លះក៏ដោយ តែក្រោយពីយើង បានស្លៀកពាក់ គ្រឿងល្ខោនរួចហើយ បានជំរុញចិត្តចង់សម្តែងតែម្តង។
ដោយសារ នេន ទុំ ស្រលាញ់នឹងចូលចិត្តសិល្បៈ ចម្រៀង បច្ចុប្បន្ន ទុំ ក៏បានចូលរួមក្នុងកិច្ចការសង្គម តាមអង្គការផ្សេងៗផងដែរ។ ទុំ ក៏បានឆ្លៀតពេល ធ្វើការយប់ នៅតាម Club ធ្វើជា DJ តាមពិធីបុណ្យផ្សេងៗផងដែរ។ ទុំ បានចូលរួមសម្តែងច្រៀង ជាមួយ ផលិតកម្ម New Song ជាមួយក្លឹប Hip Hop ក្លាបយ៉ាហ៊ែន (Klap YaHandz) នឹងបានចូលរួមសម្តែង ជាមួយពូឃ្លាំង ជាច្រើនបទផងដែរ។ ក្នុងនោះ នេន ទុំ ក៏បានសម្តែងជាច្រៀង កាយវិការ ជាមួយពូឃ្លាំង បានជាច្រើនបទផងដែរ៕

.jpg?1340758281)
.jpg?1340758282)
.jpg?1340758282)