ដោយ លាង ដឺលុច
RFI
កម្ពុជាកំពុងបន្តរក្សាជនជាតិបារាំង Patrick Devillers នៅក្នុងនាយកដ្ឋានអន្តោប្រវេសន៍ដោយរង់ចាំទទួលព័ត៌មានបន្ថែមពីអាជ្ញាធរចិនដែលស្នើអោយឃាត់ខ្លួនស្ថាបត្យករបារាំងរូបនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃស្នើអោយរដ្ឋាភិបាលចិន និងបារាំងយោគយល់ដល់កម្ពុជាដែលស្ថិតនៅចំកណ្តាលមហាមិត្តទាំងពីរ។
ជនជាតិបារាំង Patrick Devillers ដ៏ចម្រូងចម្រាសដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួនកាលពីថ្ងៃទី១៣មិថុនា កំពុងស្ថិតនៅបន្តក្នុងនាយកដ្ឋានអន្តោប្រវេសន៍។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃសុក្រនេះ។
គ្មានអ្វីប្រែប្រួលច្រើនឡើយ កម្ពុជានៅរង់ចាំទទួលភស្តុតាងបន្ថែមពីអាជ្ញាធរចិនដែលបានស្នើអោយចាប់ខ្លួនជនជាតិបារាំងរូបនេះ។ ជនជាតិបារាំងរូបនេះដែលមានទំនាក់ទំនងជាមួយប្តីប្រពន្ធអ្នកនយោបាយអស់ឥទ្ធិពលរបស់ចិនម្នាក់គឺលោក ប៉ូ ស៊ីឡៃ។
យោងតាមការបញ្ជាក់របស់លោក ខៀវ សុភ័គ អាជ្ញាធរកម្ពុជានៅបន្តធ្វើការជាមួយស្ថានទូតទាំងពីរ គឺចិន និងបារាំងប្រចាំនៅកម្ពុជា ក្នុងសំណុំរឿងស្ថាបត្យករបារាំងដ៏ចម្រូងចម្រាសនេះ។ មន្ត្រីស្ថានទូតបារាំងបានចូលជួបលោក Patrick Devillers បាន២ ឬ៣ដងរួចហើយ។
ដោយយោងទៅលើកិច្ចព្រមព្រៀងបត្យាប័នរវាងកម្ពុជានិងចិន កម្ពុជាបានចាប់ខ្លួនជនជាតិបារាំងលោក Patrick Devillersតាមសំណើរបស់ភាគីចិន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលនិយាយបន្តថា កម្ពុជាមានរយៈពេល៦០ថ្ងៃដើម្បីឃុំខ្លួនជនជាតិបារាំងរូបនេះ ដើម្បីរង់ចាំភស្តុតាងជាក់លាក់ពីអាជ្ញាធរចិន។ ប្រសិនបើគ្មានភស្តុតាងច្បាស់លាស់ទេ លោក Patrick Devillers នឹងត្រូវដោះលែង។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកខៀវ កាញារីទ្ធបានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជាមិនអាចបញ្ជូនបុរសជនជាតិបារាំងទៅប្រទេសចិនបានឡើយពីព្រោះ គាត់មិនទាន់ត្រូវបានកាត់ទោសនៅឡើយទេ។ ទំនងជាយ៉ាងដូច្នេះហើយ ទើបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុងបានបញ្ជាក់ក្នុងពេលកន្លងមកថា រដ្ឋាភិបាលកម្ពុជាសម្រេចរក្សាលោក Patrick Devillers នៅក្នុងប្រទេសកម្ពុជា។
សំណុំរឿងជនជាតិបារាំងរូបនេះ បានធ្វើអោយកម្ពុជាស្ថិតនៅក្នុងស្ថានភាពលំបាកមួយរវាងមិត្តចាស់ទាំងពីរកម្ពុជាចិន-កម្ពុជាបារាំង។ លោកខៀវ សុភ័គស្នើអោយរដ្ឋាភិបាលទាំងពីរយល់យោគដល់កម្ពុជា៕
——————————————-

