លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​វគ្គ​ពេល​ព្រឹក​ថ្ងៃ​ទី​៩​កក្កដា

ថ្ងៃទី 9 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

រដ្ឋមន្ត្រីការបរទេសអាស៊ាន ថតរូបរួមគ្នា ក្នុងពេលបើកកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៩កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ (រូបថត៖ ស៊ីវ ចាន់ណា)

រដ្ឋមន្ត្រីការបរទេសអាស៊ាន ថតរូបរួមគ្នា ក្នុងពេលបើកកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៩កក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ (រូបថត៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: បន្ទាប់ពី​បើក​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​៩​កក្កដា ឆ្នាំ​២០១២ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​​ជួបប្រជុំ​ពេញអង្គ ដោយ​បិទទ្វារ នៅ​វិមាន​សន្តិភាព​។ បន្ទាប់ពី​កិច្ចប្រជុំ​វគ្គ​ពេល​ព្រឹក លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ពេញអង្គ លើក​ទី​៤៥​។​

​ក្នុង​សន្និសីទកាសែត លោក កៅ គឹមហួន បាន​លើកឡើង​ថា “​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​អនុម័ត​ទៅលើ​ឯកសារ​គោល​នៅក្នុង​ការបង្កើត និង​ការ​ដាក់ឲ្យ​ប្រើប្រាស់​នៃ​វិទ្យាស្ថាន​អាស៊ាន ដើម្បី​សន្តិភាព និង​សម្របសម្រួល​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏​បាន​ពិភាក្សា​ជា​ច្រើន ជាពិសេស​ជុំវិញ​ទំនាក់ទំនង​ក្រៅ​តំបន់​អាស៊ាន និង​ជុំវិញ​តួនាទី​ស្នួល​របស់​អាស៊ាន បានន័យថា អាស៊ាន ត្រូវ​រក្សា​តួនាទី​ស្នួល ទៅ​លើ​យន្តការ​តំបន់ ដែល​អាស៊ាន​បាន​បង្កើត ជាពិសេស​នៅក្នុង​ក្រប​ខណ្ឌ​អាស៊ាន បូក​១ អាស៊ាន បូក ៣ វេទិកា​តំបន់​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា​”​។​

​លោក កៅ គឹមហួន បាន​បន្តថា “​ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​គូសបញ្ជាក់ថា អាស៊ាន​ត្រូវតែ​សម្របសម្រួល ហើយ​និង​ធ្វើយ៉ាងណា​ឲ្យមាន​គោលជំហ​រ​រួម ពាក់ព័ន្ធ​បញ្ហា​មួយចំនួន ដូចជា ការប្រឆាំង​នឹង​ភេរវកម្ម បំរែបំរួល​អាកាសធាតុ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​ល​។ និង​។​ល​។ អីចឹង​អ្វីដែល​សំខាន់ គឺ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ជជែក​ច្រើន​លើ​បញ្ហា​នេះ ហើយ​ជា​ពិសេស​ទៀត គឺ​ការពង្រឹង​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ ៦ ប្រទេស ដែល​ជា​ដៃគូ​អាស៊ាន និង​ប្រទេស​ដែល​បាន​គាំទ្រ ជា​ពិសេស​ប្រទេស​ដែល​បាន​បណ្តាក់​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៅ​អាស៊ាន ដែល​បច្ចុប្បន្ន​មាន​៦៣ ប្រទេស​។ ដូច្នេះ​អាស៊ាន មាន​ការរីកចម្រើន និង​មាន​ការទទួលស្គាល់ មិន​ត្រឹមតែ​តំបន់ តែ​ជា​សកល​”​។​

​នៅ​ពេល​រសៀល​ម៉ោង ១ និង ៣០ នាទី ថ្ងៃទី​៩​កក្កដា ឆ្នាំ​២០១២ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​បន្ត​កិច្ចប្រជុំ ដោយ​បិទទ្វារ​។ រហូត​ដល់​ល្ងាច​ម៉ោង ៤ និង ១៥ នាទី រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស ស្តីពី ពិធីសារ លើ​សន្ធិសញ្ញា នៃ​តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​ក្រោយ​ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ នា​ល្ងាច​ថ្ងៃទី​៩​កក្កដា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន នឹង​ធ្វើ​សន្និសីទកាសែត នៅ​វិមាន​សន្តិភាព​៕​

What Next?

Recent Articles