មន្ត្រី​ស៊ីខាវឌូ ប្ដឹង​ជំនួយ​ការ​រោងចក្រ​ហៃយ៉ុន ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា

ដោយ វណ្ណ វិចារ
2012-07-14
​វិទ្យុ​អាស៊ីសេរី

ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​បង្គាប់​ឲ្យ​រោងចក្រ ហៃយ៉ុន ហ្គាមិន ខេមបូឌា (Hia Yon Gament Cambodia) ទទួល​តំណាង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខាវឌូ (CCAWDU) ចូល​ធ្វើ​ការ​វិញ ប៉ុន្តែ​រោងចក្រ​មិន​ធ្វើ​តាម។

មន្ត្រី​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខាវឌូ ចំនួន​៣​នាក់ ត្រូវ​បក្ស​ពួក​របស់​ជំនួយ​ការ​រោងចក្រ ហៃយ៉ុន វាយ​ប្រហារ​ឲ្យ​របួស។

អគ្គលេខាធិការ ស៊ីខាវឌូ លោក ឯក សុភក្តី មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា កម្មករ​រោងចក្រ ហៃយ៉ុន បាន​ធ្វើ​កូដកម្ម​ប្រឆាំង​ការ​សម្រេច​របស់​ភាគី​រោងចក្រ ដែល​មិន​អនុញ្ញាតិ​ឲ្យ​តំណាង​សហជីព​ចូល​ធ្វើ​ការ​វិញ។ លោក​បន្ត​ថា មន្ត្រី ស៊ីខាវឌូ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ ប៉ុន្តែ​ត្រូវ​បាន​ជំនួយ​ការ​រោងចក្រ ហៃយ៉ុន ឈ្មោះ តុប ស៊ីថា ធ្វើ​ការ​រារាំង ដោយ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រី​សហជីព។ លោក​បន្ត​ថា សហជីព​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​រក​យុត្តិធម៌៖ «ធ្វើ​ឲ្យ​គ្នា​យើង​ទាំង​បី​នាក់​ត្រូវ​បាន​គេ​វាយ បន្ទាប់​មក​យើង​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅ​កាន់​តុលាការ»

លោក ឯក សុភក្តី បន្ត​ថា មន្ត្រី​សហជីព​ទាំង​បី​នាក់​ដែល​ត្រូវ​គេ​វាយ មាន​ឈ្មោះ ណី ប៊ុនធឿន ចាន់ ពៅ និង​ជឹម ឃៀង។

មន្ត្រី​ចងក្រង​សហជីព​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្ពុជា ស៊ីខាវឌូ លោក ណី ប៊ុនធឿន មាន​ប្រសាសន៍​ថា ពេល​ដែល​លោក​ចូល​ទៅ​ដល់​មុខ​រោងចក្រ សុំ​ចូល​ជួប​កម្មករ​ដែល​កំពុង​ធ្វើ​កូដកម្ម ស្រាប់​តែ​ភាគី​រោងចក្រ​ដែល​ដឹក​នាំ​ដោយ​ឈ្មោះ តុប ស៊ីថា មក​រារាំង​មិន​ឲ្យ​ចូល​ឡើយ។ លោក​បន្ត​ថា បន្ទាប់​ពី​ជជែក​គ្នា​បាន​ពីរ​បី​នាទី ស្រាប់​តែ​បក្ស​ពួក​របស់​ជំនួយ​ការ​រោងចក្រ​ស្ទុះ​វាយ​តែ​ម្តង។

លោក ណី ប៊ុនធឿន៖ «គូកន​គេ​មួយ​ក្រុម មាន​គ្នា​ជាង​១០​នាក់ ឈរ​ព័ទ្ធ​ខ្ញុំ​ជិត។ ខ្ញុំ​រវល់​តែ​និយាយ​ជាមួយ តុប ស៊ីថា ហ្នឹង គេ​មក​វាយ​ខ្ញុំ​តែ​ម្តង។ ខ្ញុំ​មិន​សុខ​ចិត្ត​ទេ នូវ​ទង្វើ​អញ្ចឹង​មក​លើ​ខ្ញុំ។ ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ុស្តិ៍ និង​កាន់​តុលាការ ដើម្បី​ជួយ​រក​យុត្តិធម៌»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ជំនួយ​ការ​រោងចក្រ ហៃយ៉ុន លោក តុប ស៊ីថា និង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ កក្កដា ដើម្បី​សុំ​ការ​ពន្យល់​អំពី​រឿង​នេះ។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ទម្រង់​នៃ​អំពើ​ហិង្សា​ណា​មួយ​ក៏​ដោយ ជា​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់ អ្នក​ប្រព្រឹត្តិ​ត្រូវ​មាន​ទោស។ លោក​បន្ត​ថា ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​សហជីព​ភាគ​ច្រើន សមត្ថកិច្ច​មិន​ដែល​រក​ឃើញ​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ឡើយ៖ «ករណី​នេះ​សុំ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់​វិធានការ​បន្ទាន់ ដើម្បី​ធ្វើ​ការ​តាម​ប្រព័ន្ធ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ឈាន​ទៅ​កាត់​បន្ថយ​អំពើ​ហិង្សា»

មន្ត្រី​សហជីព​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្ពុជា ស៊ីខាវឌូ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ ប្ដឹង​បុគ្គល​ឈ្មោះ តុប ស៊ីថា ជំនួយ​ការ​រោងចក្រ ហៃយ៉ុន ហ្គាមិន ខេមបូឌា ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា និង​គំរាម​កំហែង ដោយ​យោង​តាម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​កម្ពុជា​នា​ពេល​កន្លង​ទៅ មន្ត្រី​សហជីព​ជា​ច្រើន​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ និង​ជន​មិន​ស្គាល់​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​ស៊ីខាវឌូ ប្ដឹង​ជំនួយ​ការ​រោងចក្រ​ហៃយ៉ុន ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា"

  1. neay leur keur says:

    they come to make business in our country but they don’t care our people and laws because the laws are good for them but are bad our poor workers . . hars!ha!