ថ្ងៃទី 23 កក្កដា 2012
ដោយ: រតនា
CEN
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ជម្រាបតំណាង UNODC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ នាទីស្តីការគណៈរដ្ឋមន្ត្រី ថា បញ្ហាថ្មីមួយនៅកម្ពុជា ដែលអាជ្ញាធរបានអនុវត្តច្បាប់បានជោគជ័យនោះ គឺបានបង្ក្រាបសារធាតុគីមីផ្សំគ្រឿងញៀន កាលពីពេលកន្លងទៅនេះ បានចំនួនរាប់សិបតោន។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា សារធាតុគីមីផ្សំ មានទម្ងន់លានគ្រាប់ឯណោះ ហើយព្រឹត្តិការណ៍នៃការចាប់គ្រឿងគីមីផ្សំ ផលិតជាគ្រឿងញៀននេះ គឺជាបញ្ហាធំជាងឆ្នាំ២០០៧ ទៅទៀត ហើយលើកនេះ បើគិតជាសរុប សារជាតិគីមីដែលពួកឧក្រិដ្ឋជននាំចូលនោះ មានទម្ងន់ជិត ៣០ តោន និងមានការដឹកជញ្ជូនជាប្រព័ន្ធអន្តរជាតិចូលមកកម្ពុជា ហើយកម្ពុជាខ្លួនឯង បានធ្វើការទប់ស្កាត់ទាន់ពេលវេលា នូវសារធាតុគីមីផ្សំគ្រឿងញៀននេះ ដែលពួកឈ្មួញនាំចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាម ចូលប្រទេសកម្ពុជា ដល់កំពង់ផែក្រុងព្រះសីហនុ។
លោក កែ គឹមយាន បានមានប្រសាសន៍បន្តទៀតថា ពួកឈ្មួញមួយចំនួនទៀត ដែលជាក្រុមឧក្រិដ្ឋជន បានបង្វែរការដឹកជញ្ជូនសារធាតុគីមីផ្សំគ្រឿងញៀន ទៅប្រទេសសិង្ហបុរី ហើយនាំចូលប្រទេសវៀតណាម និងបន្តចូលមកប្រទេសកម្ពុជា ដើម្បីប៉ុនប៉ងផលិតគ្រឿងញៀន ដែលជាការបំលែងទិស តែទីបំផុតគេមកជួបគ្នានៅកម្ពុជា ហើយត្រូវបានបង្ក្រាប។
នៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូ UNODC លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យមានកិច្ចសហការជាមួយប្រទេសនៅក្នុងតំបន់ និងប្រទេសដៃគូ និងការផ្តល់ព័ត៌មានរហ័សទាន់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ការនាំចូល ការផលិតគ្រឿងញៀនឲ្យបានទាន់ពេល៕ K