ពលរដ្ឋ​មួយ​ចំនួន​ទៅ​អុជ​ធូប​បន់ស្រន់​កន្លែង​ឆ្អឹង​សាកសព​នៅ​សៀមរាប

ថ្វីត្បិត​តែ​ការ​សម្លាប់​រង្គាល​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ជាង ១​លាន​នាក់​ដោយ​របប​ខ្មែរ​ក្រហម​បាន​កន្លង​ហួស​ទៅ​ជាង ៣០​ឆ្នាំ​ហើយ​ក្ដី ក៏​ប៉ុន្តែ​វា​នៅតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​រន្ធត់ និង​ភ្ញាក់​ផ្អើល​ជា​ថ្មី បន្ទាប់​ពី​គេ​បាន​ប្រទះ​ឃើញ​ឆ្អឹង​សាកសព​មនុស្ស​រាប់​រយ​នាក់ ដែល​កប់​នៅ​ក្នុង​រណ្ដៅ​រួម​តែមួយ កាល​ពី​ពេល​ថ្មីៗ។

ដោយ ហង្ស សាវយុត
2012-08-09
​វិទ្យុ​អាស៊ីសេរី

៧-សីហា-២០១២៖ ឆ្អឹង​សាកសព​មួយ​ចំនួន​ដែល​គ្រឿងចក្រ​កាយ​ដី​បាន​ជីក​ចំ នៅ​ជើង​ភ្នំ​ទ្រង់​បាត្រ នៃ​ភូមិ​ដូរ្យតន្ត្រី ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។

៧-សីហា-២០១២៖ ឆ្អឹង​សាកសព​មួយ​ចំនួន​ដែល​គ្រឿងចក្រ​កាយ​ដី​បាន​ជីក​ចំ នៅ​ជើង​ភ្នំ​ទ្រង់​បាត្រ នៃ​ភូមិ​ដូរ្យតន្ត្រី ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។
RFA/Hang Savyouth

ការ​ជួបប្រទះ​ឆ្អឹង​សាកសព​មនុស្ស​ជាច្រើន​ដែល​កប់​ក្នុង​រណ្ដៅ​ជ្រៅ នៅ​ឯ​ជើង​ភ្នំ​ទ្រង់​បាត្រ នៃ​ស្រុក​ក្រឡាញ់ នោះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​បាត់បង់​សាច់ញាតិ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ ដើម្បី​ពិនិត្យ​ភិន​ភាគ​ក្រែង​បាន​ស្គាល់​ថា គឺ​ជា​សាច់ញាតិ​របស់​ពួកគេ។

ក្លិន​ធូប និង​ផ្សែង​ហុយ​ទ្រលោម​ដែល​មាន​ទាំង​ការ​ដាក់​សែន​នំចំណី​ផ្លែឈើ ដើម្បី​ឧទ្ទិស​ទៅដល់​វិញ្ញាណ​អ្នក​ស្លាប់ ព្រម​ជាមួយ​នឹង​ការ​បន្លឺ​ពាក្យ​បួងសួង សូម​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​អ្នក​ស្លាប់​ទាំងអស់ បាន​ទៅ​កាន់​ភព​ថ្មី​កុំ​ឱ្យ​នៅ​វិលវល់​ត​ទៅ​ទៀត កំពុង​កើត​មាន​រយៈពេល ៣-​៤​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ នៅ​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ភាគ​ខាងត្បូង​ពី​ជើង​ភ្នំ​ទ្រង់​បាត្រ នៃ​ភូមិ​ដូរ្យតន្ត្រី ឃុំ​កំពង់ថ្កូវ។

ទី​នោះ​គឺ​ជា​កន្លែង​ដែល​បង្កើត​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​ធ្វើ​ឱ្យ​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​មាន​ការ​សោកសៅ​ជា​ថ្មី ចាប់​តាំង​តែ​ពី​គេ​បាន​ប្រទះ​ឃើញ​ឆ្អឹង​សាកសព​មនុស្ស​រាប់​រយ​នាក់ ដែល​កប់​ជ្រៅ​ក្នុង​រណ្ដៅ​រួម​តែមួយ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា កន្លង​ទៅ។

មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​សុទ្ធតែ​ជា​អ្នក​បាន​បាត់បង់​សាច់ញាតិ​របស់​គេ​ជា​យូរ​មក​ហើយ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កន្លែង​រណ្ដៅ​សាកសព​ទាំង​នោះ ដើម្បី​ស្វែង​រក​ភិនភាគ​ខ្លះៗ​នៃ​សាច់​ញាតិ​របស់​គេ ក្រែង​លោ​បាន​ជួប​ប្រទះ​ទៅ​លើ​ការ​ចំណាំ​អ្វី​មួយ។

បុរស​ឈ្មោះ ហង្ស សំអុល គឺជា​អ្នក​ដែល​កំពុង​ប្រចាំ​ការ​ការពារ​ឆ្អឹង និង​រណ្ដៅ​សព​នៅ​ទីនោះ។ គាត់​បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ការ​ជីក​យក​អាចម៍ដី​ទៅ​លក់​ហើយ​ប្រទះ​ឃើញ​ឆ្អឹង​សាកសព​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​នោះ​មក គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ដែល​ខ្លះ​មកពី​តំបន់​ឆ្ងាយ និង​ខ្លះ​ទៀត​ជា​អ្នកស្រុក​ជិតៗ បាន​ស្កាត់​មក​ពិនិត្យ​ដើម្បី​ស្វែងរក​ភិនភាគ​នៃ​សាច់ញាតិ​របស់​ពួកគេ ដែល​បាន​បាត់​ជាយូរមកហើយ ក្រែង​ប្រទះឃើញ។ បុរស​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទោះ​យ៉ាងណា អ្នក​ដែល​ខំ​ស្កាត់​ទៅ​ពិនិត្យ​ឆ្អឹង​សាកសព​ជាច្រើន​នាក់ បាន​បង្ហាញ​ក្ដី​អស់​សង្ឃឹម ដោយសារ​តែ​គេ​បាន​ឃើញ​ត្រឹមតែ​ឃើញ​ឆ្អឹង​មនុស្ស ដែល​គេ​ប្រមូល​ទុក​នៅ​លើ​កូន​ខ្ទម​ប្រក់​ស័ង្កសី​ដ៏​តូច​មួយ ដែល​មិន​មាន​ភិនភាគ​អ្វី​ឱ្យ​សំគាល់​បាន​ថា ជា​សាច់ញាតិ​របស់​គេ​នោះ​ឡើយ។

លោក ហង្ស សំអុល៖ «មាន​ច្រើន ខ្លះ​មក​ពី​ឆ្ងាយ​ក្រែង​ជួប ម៉ែ ឪ បង ប្អូន​គេ។ គេ​មាន​ធូប មាន​ទៀន មាន​ផ្លែឈើ​យក​មក​ដាក់​តម្កល់​ទុក​នៅ​មុខ​សព​ទៅ​វិញ ដូច​មិន​ទាន់​អស់​ចិត្ត​ទេ។ ខ្លះ​គេ​មក​មាន ២​ដង ៣​ដង មក​អុជ​ធូប​ទៀត ផ្សង​ក្រែង​លោ ប៉ះ ម៉ែ ឪ បង ប្អូន របស់​គេ។ មក​ស្ទាប​មើល​ទៅ​គេ​ទៅ​វិញ​បាត់​ទៅ»

បើ​ទោះបីជា​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​មក​ពិនិត្យ​ឆ្អឹង​សាកសព​ទាំង​នោះ ហើយ​មិន​អាច​សំគាល់​ភិនភាគ​ថា៖ ជា​សាច់​ញាតិ​របស់​ពួកគេ​ក៏ដោយ ក៏​ពួកគេ​បាន​សំដែង​ការ​ក្ដុកក្ដួល និង​ស្រណោះ​ដល់​សាកសព​ទាំង​អស់ ព្រម​ទាំង​បាន​អុជ​ធូប​ឧទ្ទិស​ដល់​ព្រលឹង​អ្នក​ស្លាប់​ទាំង​នោះ​ផង​ដែរ។

ស្ត្រី​ឈ្មោះ លឹម សុខឡេ ដែល​មកពី​ភូមិ​ភ្នំតូច នៃ​ឃុំ​តាអាន គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត ដែល​បាន​ទៅ​អុជ​ធូប​ឧទ្ទិស​នៅ​ចំពោះ​មុខ​ឆ្អឹង​សាកសព​ដែល​គេ​ទើបតែ​កាយ​ចេញ​ពី​ក្នុង​រណ្ដៅ​នោះ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​បាត់បង់​សាច់ញាតិ​ចំនួន ៦​នាក់ នៅ​ក្នុង​របប​ខ្មែរក្រហម ក៏​ប៉ុន្តែ​គាត់​ដឹង​ថា សាច់​ញាតិ​របស់​គាត់​មិន​មែន​ពួក​ខ្មែរ​ក្រហម​សម្លាប់​នៅ​ទី​នេះ​ទេ។ ទោះ​យ៉ាង​ណា គឺ​គាត់​អុជ​ធូប​ឧទ្ទិស​ឱ្យ​ឆ្អឹង​សាកសព​ទាំង​នោះ ដើម្បី​រំលឹក​ទៅ​ដល់​សាច់ញាតិ​របស់​គាត់​ដែល​ស្លាប់​ដោយ​មិន​ទាន់​ដឹង​កន្លែង​នៅ​ឡើយ។

ស្ត្រី​ឈ្មោះ លឹម សុខឡេ៖ «ខ្ញុំ​អុជ​ធូប​ឧទ្ទិស​កុសល​ទៅ​ឱ្យ​ចាប់​ភព កុំ​ឱ្យ​វិលវល់​នៅ​កន្លែង​នេះ​ទៀត ទៅ​រក​ភព​ថ្មី។ ច្រើន​ណាស់​យក​មក​វាយ (សម្លាប់) នៅ​កន្លែង​នេះ តែ​មិន​ដឹង​កន្លែង​ណា​ខ្លះ​ទេ សឹងតែ​ពេញ ១​ភ្នំ​នេះ។ ជំនាន់ ប៉ុល ពត បាត់បង់​គ្រួសារ បងថ្លៃ​ខ្ញុំ​អស់​មួយ​ពូជ ៥-​៦​នាក់ ទៅ​ទាំង​អស់ មិន​ដឹង​គេ​ដឹក​យក​ទៅ​វាយចោល​ឯណា»

រហូត​មក​ដល់​ពេល​នេះ នៅ​កន្លែង​រណ្ដៅ​ដែល​គេ​ប្រទះ​ឃើញ​ឆ្អឹង​សាកសព​មនុស្ស​រាប់​រយ​ក្នុង​ស្រុក​ក្រឡាញ់ គឺ​គេ​នៅ​តែ​អាច​កាយ​រក​ឃើញ​ឆ្អឹង​ជា​បន្ត​ទៅទៀត។ ឆ្អឹង​សាកសព​ទាំង​នោះ​ខ្លះ​មាន​ទំហំ​ដូច​ជា​ក្មេង​តូចៗ និង​ស្ត្រី ដោយ​ក្រណាត់​ខោ អាវ​ជាប់​នឹង​សាកសព​ខ្លះ​បាន​រហែក​ដាច់ តែ​មិន​ទាន់​រលួយ​អស់​នៅ​ឡើយ។

អាជ្ញាធរ​មូលដ្ឋាន​ទីនោះ​បាន​សន្និដ្ឋាន​ថា ឆ្អឹង​សាកសព​មនុស្ស​រាប់​រយ​នាក់​នោះ គេ​គ្មាន​សង្ស័យ​ទៅលើ​អំពើ​ឧក្រិដ្ឋកម្ម​ណា​មួយ​ផ្សេងទៀត ក្រៅតែ​ពី​អំពើ​សម្លាប់រង្គាល​របស់​ពួក​ខ្មែរក្រហម ចាប់​ពី​ឆ្នាំ​១៩៧៥ ទៅ​ដល់​ចុង​ឆ្នាំ​១៩៧៨ នោះ​ឡើយ។

លោក អ៊ាន ឃុន ជា​អភិបាល​ស្រុក​ក្រឡាញ់ បាន​មាន​ប្រសាសន៍​ថា តាម​ការស្រាវជ្រាវ​លោក​សន្និដ្ឋាន​ថា សាកសព​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​រណ្ដៅ​នោះ គឺ​ត្រូវ​ពួក​ខ្មែរ​ក្រហម​សម្លាប់​នៅ​ក្នុង​របប​ដែល​ពួកគេ​កាន់​អំណាច កាល​ពី​ជាង​៣០ ឆ្នាំ​មុន។

លោក អ៊ាន ឃុន៖ «ដោយសារ​សាកសព​នោះ លលាដ៍ក្បាល​យើង​ឃើញ​ក្រណាត់​រុំ​មុខ​នៅ​ជាប់​នៅ​ឡើយ ហើយ​មួយ​ទៀត​តាមខ្ញុំ​ស្ដាប់​បាន​ពី​ប្រជាជន​នៅ​ភូមិ​នោះ​គឺ​សាកសព​នោះ​មាន ២​ជាន់ ឬ​ក៏​៣​ជាន់។ ដែល​សម្លាប់​មុន​នោះ គេ​យក​ដុំ​ថ្ម​ធំៗ​សង្កត់​ពីលើ រួច​ទៅ​សម្លាប់​ម្ដង​ទៀត​ទម្លាក់​ទៅ​ក្នុង​នោះ​ទៅ​យក​ដុំ​ថ្ម​សង្កត់​ម្ដង​ទៀត ហើយ​គេ​បាន​ដឹង​ថា អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ក្រោយ​នេះ គឺ​ជា​ប្រជាជន​នៅ​ក្នុង​ឃុំ​កំពង់​ថ្កូវ​នេះ។ បង​ប្អូន​របស់​គេ​ទៅ​យក​ធ្វើបុណ្យ​ម្ដង​ហើយ នៅ​ឆ្នាំ​១៩៨០»

ការ​អះអាង​នេះ​ស្រប​គ្នា​ទៅ​នឹង​គ្រួសារ​មួយ​ដែល​អះអាង​ថា សាច់ញាតិ​របស់​គេ​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់​នៅ​ទីនោះ។

លោក ឆោម គ្រី រស់នៅ​ភូមិ​គោកដូង នៃ​កំពង់ថ្កូវ។ គាត់​គឺជា​អ្នក​បាត់បង់​សាច់ញាតិ​ម្នាក់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​អាច​ស្វែងរក​រណ្ដៅ​កប់​សាកសព​សាច់​ញាតិ​របស់​គាត់​ឃើញ។ លោក​បាន​ចង្អុល​ប្រាប់​មនុស្ស​ជា​ច្រើន​ថា កាល​ពី​អំឡុង​ឆ្នាំ​១៩៨១ គឺ​គាត់​បាន​ទៅ​គាស់​យក​សាកសព​សាច់ញាតិ​របស់​គាត់​ជាច្រើន​នាក់ ដែល​ពួក​ខ្មែរក្រហម​សម្លាប់​នៅ​ចម្ងាយ​ប្រហែល​ជា ១០​ម៉ែត្រ​ពី​កន្លែង​ដែល​គេ​ទើបតែ​ប្រទះ​ឃើញ​រណ្ដៅ​សាកសព​រួម​នេះ។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ស្រាវជ្រាវ​ពី​របប​ខ្មែរ​ក្រហម​បាន​ឱ្យ​ដឹង​ថា តំបន់​ភ្នំ​ទ្រង់​បាត្រ ក្នុង​ស្រុក​ក្រឡាញ់ គឺ​ជា​អតីត​គុក​សម្លាប់​មនុស្ស​ដ៏​ធំ​មួយ​នៅ​ក្នុង​របប​ខ្មែរក្រហម។ ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៨ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥ រហូត​ដល់​ចុង​ឆ្នាំ​១៩៧៨ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៣​ម៉ឺន ៥​ពាន់​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ និង​នៅ​ខេត្ត​សៀមរាប ត្រូវ​ពួក​ខ្មែរ​ក្រហម​ចាប់​ខ្លួន​យក​ទៅ​សម្លាប់​នៅ​ជើង​ភ្នំ​ទ្រង់​បាត្រ។

បច្ចុប្បន្ន​អាជ្ញាធរ​ស្រុក​ក្រឡាញ់ បាន​ផ្អាក​មិន​ឱ្យ​គាស់​យក​ឆ្អឹង​សាកសព​ដែល​នៅ​ក្នុង​រណ្ដៅ​រួម​នោះ​ចេញ​មក​ក្រៅ​ទៀត​ទេ។ ការ​ផ្អាក​នេះ គឺ​ដើម្បី​រង​ចាំ​មន្ត្រី​ថ្នាក់​លើ​ណែនាំ​ឱ្យ​ធ្វើអ្វី​ខ្លះ​សម្រាប់​ជា​ការ​ចាត់ចែង​ដ៏​សមគួរ​ទៅ​លើ​សាកសព​មនុស្ស​ជាច្រើន​​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​មួយ​ចំនួន​ទៅ​អុជ​ធូប​បន់ស្រន់​កន្លែង​ឆ្អឹង​សាកសព​នៅ​សៀមរាប"

  1. សៀងផ្អាប់ says:

    របបប៉ិនសាហាវហ្នឹងហើយនៅមានអ្នកគាំទ្រទៀត
    ជាពិសេសក្រុមជនភៀសខ្លួន