មេដឹកនាំ​ក្រុម​ហិណ្ឌូ​ឥណ្ឌា​បញ្ជាក់​ថា ប្រាសាទ​ដែល​ខ្លួន​សាងសង់​មិន​បាន​ចម្លង​ពី​អង្គរវត្ត​របស់​កម្ពុជា​ទេ

ទីបំផុត​មេដឹកនាំ​អង្គការ Mahavir Mandir Trust ​​ដែល​មាន​គម្រោង​សាងសង់​ប្រាសាទ​ហិណ្ឌូ​ថ្មី​មួយ​តាម​បែប​ប្រាសាទ​អង្គរវត្ត​នោះ បាន​បញ្ជាក់​ហើយ​នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ឥណ្ឌា​ថា ប្រាសាទ​ដែល​ក្រុម​ខ្លួន​គ្រោង​នឹង​សាងសង់​នៅ​រដ្ឋបៃហៀ​ មិន​បាន​ចម្លង​ទ្រង់ទ្រាយ​ដើម​ពី​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា​នោះ​ទេ។

សុក្រ 10 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា

ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា

អគ្គលេខាធិការ នៃ​អង្គការ Mahavir Mandir Trust ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​បណ្តាញ​ព័ត៌មាន​ឥណ្ឌា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា គម្រោង​សាងសង់​ប្រាសាទ​ហិណ្ឌូ​នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា​របស់​ក្រុម​ខ្លួន​នោះ មិន​មែន​បាន​ចម្លង​ទម្រង់​ដើម​ពី​ប្រាសាទ​អង្គរវត្ត​កម្ពុជា​នោះ​ទេ។ ព្រោះ​ប្រាសាទ​ថ្មី​នេះ​វា​មាន​ទំហំ​ធំ​ជាង​ប្រាសាទ​អង្គរវត្ត និង​សូម្បី​តែ​ប៉ម នៃ​ប្រាសាទ​ ក៏​ច្រើន​ជាង​ប្រាសាទ​អង្គរវត្ត​ដែរ។ ដោយ​បាន​បញ្ជាក់​ថា រចនាបទ និង​លក្ខណៈ​ផ្សេងៗ​ទៀត​របស់​ប្រាសាទ​ថ្មី​ដែល​គ្រោង​សាងសង់​នេះ គឺ​ចម្លង​ពី​ប្រាសាទ​នានា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ទៅ​វិញ​ទេ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អគ្គលេខាធិការ នៃ​អង្គការ​ហិណ្ឌូ​ឥណ្ឌា​មួយ​នេះ បាន​ទទួល​ស្គាល់​ថា ប្រាសាទ​ដែល​ក្រុម​ខ្លួន​គ្រោង​សាងសង់ ពិត​ជា​បាន​យក​គំរូ​តាម​ប្រាសាទ​អង្គរវត្ត​មែន។

សូម​រំលឹក​ថា អង្គការ​ហិណ្ឌូ​ដ៏​ធំ​ក្នុង​ប្រទេស​ឥណ្ឌា​មួយ​នេះ បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា ខ្លួន​មាន​គម្រោង​នឹង​ធ្វើ​ការ​សាងសង់​ប្រាសាទ​បែប​សាសនា​ហិណ្ឌូ​មួយ​ដែល​មាន​ទំហំ​ធំ​ជាង​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា នៅ​លើ​ផ្ទៃ​ដី​ទំហំ​៩ហិកតា ស្ថិត​ក្នុង​រដ្ឋ​បៃហៀ ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា ដោយ​ចំណាយ​រយៈ​ពេល​សាងសង់​រហូត​ដល់​ទៅ​៨ឆ្នាំ៕

What Next?

Recent Articles