អ្នកវិទ្យាសាស្ត្រ រកឃើញ ពស់ប្រភេទថ្មី នៅតំបន់ ភ្នំក្រវាញ ដាក់ឈ្មោះថា “ពស់កម្ពុជា”

តាមរយៈនៃ ការស្រាវជ្រាវ នាពេល កន្លងមក ក្រុមអ្នក ស្រាវជ្រាវ និង អ្នកវិទ្យាសាស្ត្រ បានរកឃើញ ប្រភេទសត្វ និង រុក្ខជាតិថ្មីៗ ជាច្រើន ដែលទាមទារ ឱ្យពួកគេត្រូវតែ យកចិត្ត ទុកដាក់ ក្នុងការ ស្រាវជ្រាវ បន្តទៀត ជាពិសេស ពួកគេបានរក ឃើញ ប្រភេទ ពស់មួយ បែប ហើយដាក់ ឈ្មោះថា ពស់កម្ពុជា ។

Written by ភ្នំពេញដេលីញូវ
Thursday, 16 August 2012

តំបន់ជួរភ្នំក្រវាញ ដែលស្ថិតនៅ ភាគខាងលិចនៃ ប្រទេសកម្ពុជា ត្រូវបានគេចាត់ ទុកថាជា តំបន់ដែល មាននៅ សេសសល់ ព្រៃឈើ និងសត្វព្រៃ យ៉ាងច្រើននៅ ឡើយ ហើយតំបន់នេះ ក៏បានក្លាយ ទៅជាកន្លែង ស្រាវជ្រាវ អភិរក្សរបស់ អ្នកស្រាវជ្រាវ និង អ្នកវិទ្យាសាស្ត្រ នៅលើ ពិភពលោក ។ តាមរយៈនៃ ការស្រាវជ្រាវ នាពេល កន្លងមក ក្រុមអ្នក ស្រាវជ្រាវ និង អ្នកវិទ្យាសាស្ត្រ បានរកឃើញ ប្រភេទសត្វ និង រុក្ខជាតិថ្មីៗ ជាច្រើន ដែលទាមទារ ឱ្យពួកគេត្រូវតែ យកចិត្ត ទុកដាក់ ក្នុងការ ស្រាវជ្រាវ បន្តទៀត ជាពិសេស ពួកគេបានរក ឃើញប្រភេទ ពស់ មួយបែប ហើយដាក់ ឈ្មោះថា ពស់កម្ពុជា ។

 

 

លោក នាង ធី ប្រធាន គម្រោងក្រុម អភិរក្សដំរីកម្ពុជា នៃអង្គការសត្វ និង រុក្ខជាតិ អន្តរជាតិ បានឱ្យដឹងថា នៅពេលថ្មីៗនេះ អង្គការអភិរក្សសត្វ និង រុក្ខជាតិ បានកំណត់ឈ្មោះ ឱ្យពស់ មួយប្រភេទ ដែលយើងបាន រកឃើញ នាពេល កន្លងមក ដែលមាន ភាពចម្លែក ហើយ មានរស់នៅតែ ក្នុងប្រទេសកម្ពុជា យើងប៉ុណ្ណោះ ដែលគេឱ្យ ឈ្មោះថា “កម្ពុជា” ក្រោយពីក្រុម អ្នកស្រាវជ្រាវ បានរក វាឃើញ កាលពី ខែមករា ឆ្នាំ ២០១១ មក ហើយ ធ្វើការផ្ទៀងផ្ទាត់ ពស់ប្រភេទនេះ ពុំឃើញមាន នៅប្រទេស ណា ឡើយ គឺមាននៅតែ ក្នុងប្រទេស កម្ពុជា យើងមួយ ប៉ុណ្ណោះ ។ ឈ្មោះនេះ ត្រូវបានគេ ដាក់ឱ្យវា ដោយសារតែ គេបានរកឃើញ វានៅក្នុង ប្រទេសកម្ពុជា យើងតែម្តង ហើយម៉្យាងទៀត ឈ្មោះនេះគឺក្រុមអ្នក វិទ្យាសាស្ត្រ របស់យើង ចង់ឱ្យគេស្គាល់ ប្រទេសយើង ផងថាជា ប្រទេស ដែលសម្បូរ ទៅដោយ សត្វប្រភេទប្លែកៗ និង រុក្ខជាតិប្លែកៗ ដែលគេមិន ទាន់រកឃើញ ឬ ប្រទេស ដទៃគ្មាន ។

 

 

ពស់ “កម្ពុជា” នេះមានពណ៌ ក្រហមបង្កង់ៗស ប្រវែង ៣៦០ មិល្លីម៉ែត្រ ទំហំប្រមាណ ប៉ុនកូនដៃ គឺប៉ុនពស់ រំកាច់មាស ។ វាជាពស់ មួយប្រភេទ មានអម្បូរជាមួយ ពស់រំកាច់មាស ដែរ ។ វាត្រូវបាន អ្នកវិទ្យាសាស្ត្រ រកឃើញនៅ ភ្នំសំកុស ក្នុងដែនជម្រក សត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ កាលពីខែមករា ឆ្នាំ ២០១១ ។ ក្រោយពីផ្ញើ ឯកសារទៅ ប្រទេស ញ្ញូវហ្សេឡែន រួចមក ទើបគេសម្រេច ដាក់ឈ្មោះឱ្យ ពស់នេះថា “កម្ពុជា” ផ្សាយជា ផ្លូវការ ពាសពេញ ពិភពលោក កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១២ ។ ពេលនេះ អ្នកវិទ្យាសាស្ត្រ រក វាឃើញ តែមួយគត់ តាមពិតវាមាន ច្រើនទៀត វា អាចមាន សម្បុរខុសគ្នា ក៏ថាបាន ឬ អាចថាយើង រកវាមិនទាន់ ឃើញទៀត ក៏ថាបានដែរ ព្រោះអម្បូរពស់ រំកាច់មាសនេះ រស់នៅក្នុងដី ហើយអ្នកវិទ្យាសាស្ត្រ គិតថា ពស់ដ៏កម្រនេះ នៅមានច្រើនទៀត មិនមានតែ មួយ នេះទេ បើមានតែ មួយនេះ វាផុតពូជតាំងពី យូរណាស់ មកហើយ ព្រោះវារស់នៅ ក្នុងដីពេល យើងដើររកវាគឺ ជួបដោយចៃដន្យ ប៉ុណ្ណោះ ។ ពស់ “កម្ពុជា” នេះគ្មាន ពិសឡើយ ។ ខ្មែរយើងតែង គិតថា ពស់រំកាច់មាស មានពិស តាមពិត ពស់រំកាច់មាស ដែលអម្បូរ ជា មួយគ្នានេះក៏ គ្មានពិសដែរ ។

យោងតាម គេហទំព័ររបស់ អង្គការរុក្ខជាតិ និង សត្វព្រៃ អន្តរជាតិ បានបង្ហាញថា ពស់ “កម្ពុជា” នេះជា ប្រភេទពស់ មួយប្រភេទ ដែលកំពុងតែរង ការវិនាស ដែលជាពិសេស គឺដោយសារ ការបំផ្លាញដែន ជម្រកធម្មជាតិ របស់វា ។ ចាប់តាំង ពីឆ្នាំ ២០០០ មក ក្រុមអ្នក វិទ្យាសាស្ត្រ ដែលមានលោក នាង ធី ជាអ្នកស្រាវជ្រាវ ផ្ទាល់ផងនោះ បានរកឃើញ ប្រភេទរុក្ខជាតិ ថ្មីៗ និង ប្រភេទសត្វថ្មីៗ ជាច្រើនដូចជា សត្វកង្កែប សត្វល្មូន ដែលមានសរុប ចំនួន ១៥ ប្រភេទ តុកកែ មួយប្រភេទ ពស់បួន ប្រភេទ ថ្លែនពីរប្រភេទ ក្រៅពីនេះ មានការ ស្រាវជ្រាវរក ឃើញមាន រុក្ខជាតិ ប្រភេទបំពង់ ស៊ីស្រមោច ផងដែរ ។

លោក នាង ធី ក៏បានឱ្យដឹងដែរថា ក្រៅពីការរកឃើញ នាពេល កន្លងមក លោកសង្ឃឹមថា នៅតំបន់ ភ្នំក្រវាញ ពិសេសនៅ តំបន់អភិរក្ស ភ្នំសំកុស នេះមាន ប្រភេទសត្វ និង រុក្ខជាតិប្លែកៗទៀត ដែលក្រុមអ្នក ស្រាវជ្រាវរបស់ លោកកំពុងតែ ស្រាវជ្រាវ និង រុករកបន្ថែម ទៀត ។ ជាមួយគ្នា នេះដែរ នៅជួរភ្នំក្រវាញ អង្គការ សត្វព្រៃ និង រុក្ខជាតិអន្តរជាតិ តាមរយៈរូបភាពពី កាមេរ៉ា ដែលដាក់ បង្កប់ក្នុងព្រៃ គេបានរកឃើញ វត្តមាន សត្វព្រៃកម្រ ជាច្រើនប្រភេទ ដែលស្ទើរតែ បាត់បង់ ទៅហើយ នោះនៅក្នុង កាមេរ៉ារបស់គេ ។ សត្វព្រៃទាំង នោះរួមមាន ដំរី កែះ សត្វខ្ទីង ឆ្កែព្រៃ ខ្លារខិន និង សត្វឆ្មាបា ដែលត្រូវបាន គេអះអាងថា រកឃើញនៅ តំបន់អភិរក្ស នាជួរភ្នំ ក្រវាញ ។

តាមរូបភាព ពីកាមេរ៉ា ដែលគេដាក់ បង្កប់ក្នុងព្រៃ គេបានរកឃើញ វត្តមានសត្វ ទាំងនេះកំពុង តែផឹកទឹក ។ ប្រភពដដែល បានឱ្យដឹងថា រូបភាពដែល ថតបាននេះ ជាខ្សែវីដេអូ ដែលគេប្រើប្រាស់ នូវបច្ចេកទេស ខ្ពស់ដែលមិន ប៉ះពាល់ ឬក៏រំខានដល់ ពពួកសត្វព្រៃកម្រ ទាំងអស់នេះដែរ ។ ប្រភព ដដែលនេះ បានអះអាង ទៀតថា ទីតាំង ដែលគេរក ឃើញវត្តមាន ពពួកសត្វ ទាំងនេះ ត្រូវបានគេទុក ជាសម្ងាត់ ដើម្បីការពារ ការរំខានដល់ ពពួកសត្វ ទាំងអស់នេះ ។ ការរកឃើញនេះ ត្រូវបានគេ ចាត់ ទុកថាជា ព័ស្តុតាង ដ៏សំខាន់ថ្មី មួយ ទៀត សម្រាប់បង្ហាញ វត្តមាននៃ សត្វកម្រៗ នានាដែល មានវត្តមាន នៅក្នុង ប្រទេសកម្ពុជា ហើយក៏ជា ព័ស្តុតាងបង្ហាញ នូវលំនឹង នៃធម្មជាតិ ទៀតផង៕

What Next?

Recent Articles

One Response to "អ្នកវិទ្យាសាស្ត្រ រកឃើញ ពស់ប្រភេទថ្មី នៅតំបន់ ភ្នំក្រវាញ ដាក់ឈ្មោះថា “ពស់កម្ពុជា”"

  1. មានធនធានជាច្រើនទៀត ដែលគេមិនទាន់រកអស់នៅតំបន់ជួរភ្នំ នៃព្រះរាជាណាចក្រកម្ពុជា។
    ពិតជាអស្ចារ្យណាស់ តំបន់ព្រៃនៃព្រះរាជាណាចក្រកម្ពុជា…