សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ និងបុរីកីឡា បានចាប់ផ្ដើមកក្រើកសាជាថ្មី ពីរសប្ដាហ៍បន្ទាប់ពីសមាជិកសកម្មរបស់ពួកគេត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់មិនសមទំនងពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុន។
Monday, 17 September 2012
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សមាជិកនៃសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងប្ដីរបស់គាត់ លោក លួស សាខន បាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់ស្រះចក ហើយត្រូវបានជនស៊ីវិលមួយក្រុមមានគ្នាជាង១០នាក់ ចាប់បញ្ចូលទៅក្នុងរថយន្តពណ៌សគ្មានស្លាកលេខ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាល២ ដោយគ្មានបង្ហាញឬអានដីការបង្គាប់ឲ្យនាំខ្លួនអ្វីទាំងអស់។ ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនរបស់គាត់ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ«ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស» ប៉ុន្តែក្នុងបទចោទដូចគ្នានេះ ប្ដីរបស់គាត់ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ ក្រោមការឃ្លាំមើល និងត្រួតពិនិត្យតាមផ្លូវតុលាការ ។
មួយថ្ងៃបន្ទាប់ពីការឃុំខ្លួនស្ត្រីក្នុងសហគមន៍បឹងកក់ តុលាការក៏បានសម្រេចឃុំខ្លួនអ្នកស្រី ទឹម សាក់មុន្នី ដែលរស់នៅក្រោមកាំជណ្ដើរនៃអគារផ្ទះល្វែងបុរីកីឡាជាបណ្ដោះអាសន្ន នៅគុកព្រៃសផងដែរ បើទោះជារកមិនឃើញនូវបទល្មើសដូចការចោទប្រកាន់របស់អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ក្ដីដោយតុលាការបានបង្វែរបទចោទមកលើអ្នកស្រីពីបទ«ប្រកាសបំភ្លៃការពិត»។
«ដោះលែងជីដូន អ្នកម្ដាយ ប្រពន្ធ…សមាជិករបស់យើងខ្ញុំវិញមក ពួកគាត់គ្មានកំហុសទេ» នេះជាសម្រែកទាមទាររបស់ក្រុមអ្នកភូមិ ខណៈពួកគេបាននាំគ្នាដើរក្បួនតវ៉ាសាជាថ្មីកាត់តាមមហាវិថីនានាក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញ ដើម្បីនាំញ្ញតិទៅដាក់នៅស្ថានទូតអាមេរិក អង់គ្លេស និងបារាំងប្រចាំកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យជួយដោះលែងសមាជិកសកម្មរបស់ពួកគេ។
ក្នុងការដើរក្បួនតវ៉ានេះ គេសង្កេតឃើញក្រុមអ្នកតវ៉ាជាង១០០នាក់ មកពីសហគមន៍ទាំងពីរ បាននាំគ្នាទូលសបុក្រមាន់ដែលមានតែពងខ្វះមេក្រាប ខ្លះកាន់ផ្កាឈូក ផ្ទាំងគំនូព្រះពុទ្ធត្រាស់ដឹង និងរូបជញ្ជីងយុត្តិធម៌ដែលមានបិទរូបថតអ្នកស្រីយ៉ោម បុប្ផានិងពាក្យថាដោះលែងនៅអមសងខាងនៃរូប ចំណែកម្ខាងទៀតនៃកូនថ្លឹង មានសរសេរពាក្យថា បោះព្រំ១២,៤៤ហិកតា និងផ្ដល់កម្មសិទិ្ធគ្រប់គ្រួសារ ហើយខ្លះទៀតកាន់បដាតូចៗ ទាមទារឲ្យដោះលែងអ្នកម្តាយនិងជីដូនរបស់ពួកគេ។


Blessed to the poors who want to be justice. God will bless to those who seek for help.
May God of the universal be with them and rescue them from the wicked bussiness who love to cheat people.
JPEG image (.jpg)