ពលរដ្ឋខ្មែរមកពីខេត្តទាំង៧នៃភាគឦសានរបស់ប្រទេសថៃ កាលពីម្សិលមិញ បានប្រមូលផ្ដុំគ្នាឈរនៅខាងមុខអគាររដ្ឋសភាថៃ ក្នុងទីក្រុងបាងកក ព្យាយាមដាក់ញាតិប្រឆាំងផែនការទិញអគ្គិសនីដែលមានប្រភពពីទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីក្នុងប្រទេសលាវ ដោយ ប្រទេសនេះ ។ ប៉ុន្តែញាតិដែលមានស្នាមមេដៃចំនួន៨រយនោះត្រូវបានច្រានមកវិញ។
Tuesday 18 September 2012
សារព័ត៌មានសេរី
លោក មាឃ មាន អ្នកសម្របសម្រួលបណ្ដាញការពារទន្លេកម្ពុជា NGO 3S បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ” គ្មានអ្នកណាជួបយើងទេ ។ភាគច្រើនយើងចង់ឲ្យរដ្ឋាភិបាលថៃបញ្ឈប់គម្រោងសង់ទំនប់សាយ៉ាប៊ូរីដោយក្រុមហ៊ុន Ch Karnchang និងឲ្យថៃ បញ្ឈប់ការទិញថាមពលអគ្គិសនីពីទំនប់នេះ “។
យ៉ាងណាក៏ដោយ អំឡុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ ក្នុងទីក្រុងភ្នំពេញកាលពីសប្ដាហ៏មុន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលរបស់លាវលោក ស៊ូលីវង្ស ដារាវង្ស បានថ្លែងថា ” យើងកំពុងតែព្យាយាមដំណើរការ ពីព្រោះវាជាឱកាសសម្រាប់យើង ហើយយើងនឹងធ្វើវាឲ្យមាននិរន្តរភាព ។ ប្រសិនបើគម្រោងមាននិរន្តរភាព ពួកគេគ្មានហេតុផលអ្វី ដែលត្រូវជំទាស់នោះទេ….”។
ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីដែលស្ថិតនៅភាគខាងត្បូងប្រទេសឡាវ គ្រោងនឹងចំណាយទឹកប្រាក់សាងសង់ប្រមាណ៣៨០០លានដុល្លារដោយក្រុមហ៊ុនថៃឈ្មោះ Ch Karnchang ដោយគេរំពឹងថានឹងទទួលបានថាមពល ១២៦០មេហ្គាវ៉ាត់ ហើយថាមពល៩០ភាគរយដែលគេគ្រោងលក់ទៅឲ្យប្រទេសថៃក្នុងតម្លៃថោកនោះ កំពុងរងការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការបរិស្ថាន និងប្រទេសដែលអាចរងផលប៉ះពាល់ គឺកម្ពុជា និងវៀតណាម៕
