ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីម្សិលមិញ បានប្រកាសពីស្ថិតិសរុបរបស់ខ្លួន គិតមកដល់ពេលនេះ ពីចំនួនគ្រឿងញៀនដែលរឹបអូសយកបាន ក្នុងព្រះរាជាណាចក្រកម្ពុជា ជាតួលេខ ដែលខុសយ៉ាងច្បាស់ បើធៀបនឹងរបាយការណ៍រឹបអូសលើកមុន និងបើធៀបនឹងតួលេខរបស់នាយកដ្ឋានប្រឆាំងគ្រឿងញៀនដទៃទៀត។
Thursday, 27 September 2012
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
យោងតាមរបាយការណ៍ ដែលចេញផ្សាយនៅក្នុងកិច្ចប្រជុំ រវាងមន្រ្តីរដ្ឋាភិបាល ស្តីពីការអនុម័តផែនការប្រឆាំងគ្រឿងញៀនរយៈពេល ៥ ឆ្នាំ បានឲ្យដឹងថា មានការកើនឡើងនៃការរឹបអូសថ្នាំមេតំហ្វេតាមីនទឹកកកជាង ១០ ភាគរយ ប៉ុន្តែមានការធ្លាក់ចុះ ៧៥ ភាគរយ នៃថ្នាំមេតំហ្វេតាមីនប្រភេទគ្រាប់។
របាយការណ៍ក៏បានកត់ សម្គាល់លើការធ្លាក់ចុះខ្លាំង នៃថ្នាំហេរ៉ូអ៊ីន កញ្ឆា និងអ៊ិចស្តាស៊ីដែលរឹបអូសបានផងដែរ។
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា៖ «យើងមានលទ្ធផលផ្លែផ្កាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើង បានបន្តប្រតិបតិ្តការនៅទូទាំងប្រទេស»។
ទោះជាយ៉ាងណា យោងតាមរបាយការណ៍នគរបាលលើការបង្ក្រាបគ្រឿងញៀននីមួយៗ និងស្ថិតិ ដែលបានផ្តល់ដោយអង្គភាពប្រឆាំងគ្រឿងញៀននៃក្រសួង មហាផ្ទៃ របាយការណ៍ថ្នាក់ជាតិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានការខ្វះចន្លោះករណីធំៗមួយចំនួន។
ឧទាហរណ៍ យោងតាមរបាយការណ៍អាជ្ញាធរកម្ពុជារឹបអូសបានប្រេងម្រះព្រៅតែ២,៨ គីឡូក្រាមប៉ុណ្ណោះតាំងពីខែមករាមក។ ប៉ុន្តែ កាលពីខែមុន នគរបាលរឹបអូសប្រេងម្រះព្រៅជាង៤០០០ គីឡូក្រាម នៅខេត្តពោធិ៍សាត់ បន្ថែមពីលើប្រេងម្រះព្រៅ ៣០០០ លីត្រ ដែលរឹបអូសយកបាន ក្នុងការបង្ក្រាបជាច្រើន ជុំវិញរាជធានីភ្នំពេញ កាលពីខែឧសភា។
តាមពិត លោកឧត្តមសេនីយ៍ ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ ដែលមិនបានចូលរួមក្នុងកិច្ចប្រជុំ កាលពីម្សិលមិញ បានថ្លែងថា តួលេខសរុបនៃប្រេងម្រះព្រៅ ដែលរឹបអូសយកបានគឺមានចំនួនច្រើនជាងនេះទៅទៀត។
លោកបញ្ជាក់ ថា៖ «ក្នុងរបាយការណ៍រយៈពេល ៩ ខែ នៅនាយកដ្ឋានខ្ញុំ ពីខេត្តក្រុងទាំង ២៤ យើងរឹបអូសថ្នាំញៀនខុសច្បាប់សរុប ៦០ គីឡូក្រាម និងប្រេងម្រះព្រៅ ៨ តោន និងរឹបអូសបានសារធាតុគីមី៤៩តោនដែលប្រើដើម្បីផលិតថ្នាំញៀនខុស ច្បាប់»។
របាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងផងដែរថា អាជ្ញាធររឹបអូសយកបានថ្នាំយ៉ាម៉ា ប្រភេទអំហ្វេតាមីនប្រហែល ៤៧០០០ គ្រាប់ប៉ុណ្ណោះ។ ក៏ប៉ុន្តែកាលពីខែមុន នគរបាលប្រឆាំងគ្រឿងញៀន បានរាយការណ៍ថា ក្នុងការបង្ក្រាបតែមួយគត់ គឺលើលោក ច័ន្ទ រិទ្ធីឌី អតីតឧត្តមសេនីយ៍ផ្កាយពីរ នគរបាលរឹបអូសបានជាង៨៥០០០ គ្រាប់។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា៖ «ខ្ញុំគិតថា របាយការណ៍អាចមិនពេញលេញ។ ជាធម្មតា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គួរមានតួលេខច្រើនជាងអ្វីដែលលោកខៀវ សាម៉នបានធ្វើ ប្រហែលរបាយការណ៍មិនបានបញ្ជូនទៅឲ្យអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀននៅឡើយទេ»។ លោកបានសម្តែងចម្ងល់ថា តើស្ថិតិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាស្ថិតិ«ផ្លូវការ ឬក្រៅផ្លូវការ?»៕ TK
រាយការណ៍បន្ថែម ដោយ STUART WHITE
