តុលាការ​កំពូល​​​​ជម្រះ​រឿង​ក្តី​លោក​ ហេង ឈាង​ និង​ភរិយា ​ថ្ងៃ​សុក្រ​នេះ

ភ្នំពេញៈលោក ឡុង ដារ៉ា ​មេធាវី​ការពារ​ក្ដី​លោក​ឧកញ៉ា​ កុក អាន ​បាន​ឲ្យ​ដឹង​ថា តុលាការ​កំពូល​នឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​សារ​ទុក្ខ​ព្រហ្ម​ទណ្ឌ​របស់​លោក​ ហេង ឈាង អតីត​អគ្គ​នាយក​ក្រុម​ហ៊ុន Brothers Co, LTD ​និង​ភរិយា​របស់​លោក​គឺ​អ្នក​ស្រី​ ទេព កូលាប ​សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​(PPIU)​នៅ​ថ្ងៃទី​២៨​កញ្ញា​២០១២​ ​នេះ។

Thursday, 27 September 2012
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

លោកហេង ឈាងអតីត​អគ្គ​នាយក​ក្រុម​ហ៊ុន Brothers Co, LTD។ រូបថតហេង ជីវ័ន

លោកហេង ឈាងអតីត​អគ្គ​នាយក​ក្រុម​ហ៊ុន Brothers Co, LTD។ រូបថតហេង ជីវ័ន

លោក​មេធាវី​បាន​បាន​បញ្ជាក់​ថា សវនាការ​លើ​បណ្ដឹង​សារ​ទុក្ខ​​ព្រហ្ម​ទណ្ឌ​របស់​លោក​​ ហេង ឈាង និង​អ្នក​ស្រី​ ទេព កូលាបនេះ ​នឹង​ត្រូវ​​ធ្វើ​ដោយ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ដែល​ដឹក​នាំ​ដោយ​​ឯក​ឧត្ដម​ ឃឹម ប៉ុណ្ណ​ ​ដែល​ជា​អនុ​ប្រធាន​តុលាការ​កំពូល​ និង តំណាង​មហា​អយ្យការ ​​ឯក​ឧត្ដម​ ឈួន ចាន់​ថា។

លោក ​ឡុង ដារ៉ាបានថ្លែងថា៖«ខ្ញុំ​មាន​ភស្តុ​តាង​និង​ឯកសារ​រឹង​មាំ​​នៅ​ក្នុង​ករណី​នេះ។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​កំពូល​​នឹង​​រក​យុត្តិ​ធម៌​ដល់​កូន​ក្ដី​ខ្ញុំ​ ហើយ​នឹង​តម្កល់​ការ​សមេ្រច​ចិត្ត​របស់​តុលាការ​ជាន់​ក្រោម​»។

លោក​ ឡុង ដារ៉ាបាន​បន្ថែម​ថា កូន​ក្ដី​លោក​ គឺ​លោ​កឧកញ៉ា​ កុក​អាន​ ​សមា​ជិក​ព្រឹទ្ធសភា​ ​នឹង​ចូល​រួម​នៅ​ក្នុង​សវនាការ​ចុង​ក្រោយ​របស់​តុលាការ​កំពូល​នៅ ព្រឹក​ថ្ងៃ​សុក្រ​នេះ។

លោក អ៊ន ហ៊ីង ​មេ​ធាវី​ការ​ពារ​ក្ដី​លោក ហេង ឈាង ​និង​អ្នក​ស្រី ទេព កូលាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កូន​ក្តី​របស់​លោក​​ទាំង​ពីរ ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​ពួក​គាត់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែរ។

លោក​មេធាវី​ អ៊ន ហ៊ីង ​បាន​មាន​ប្រសាសន៍​ថា៖«កូន​ក្ដី​ខ្ញុំ​គឺ​លោក​ ហេង ឈាង និង​អ្នក​ស្រី ទេព កូលាប ​ត្រូវ​បាន​​តុលាការ​ជាន់​ទាប​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​សារ​តែ​មាន​របាយ​ការណ៍​លម្អៀង​ដែល​ធ្វើ​​ឡើង​ដោយ​លោក​ កាក់ កី នាយក​ក្រុម​ហ៊ុន​​ Morison & Accessories ។ ខ្ញុំ​សង្ឃឹម​ថា ក្នុង​សវនាការ​ចុង​ក្រោយពួកគាត់​​នៅ​ថ្ងៃ​សុក្រ​​នេះ​ តុលាការ​កំពូល​នឹង​រក​ការពិត​ និង​យុត្តិ​ធម៌​ឲ្យ​​ពួកគាត់»។

លោក​បន្ថែម​ថា៖ «យោង​តាម​ភស្តុ​តាងជាក់​ស្ដែង និង​លិខិត​បញ្ជាក់​ថ្មី​បំផុត​​​របស់​ក្រុម​ប្រឹក្សាជាតិ ​គណ​នេយ្យ​​​ និង ​ឯក​សារ​ពាក់​ព័ន្ធទាំង​អស់​ដែល​កូន​ក្ដី​ខ្ញុំ​បាន​ដាក់​ជូន​តុលាការ ប្រសិន​បើ​តុលាការ​កំពូល បាន​អាន និង ពិនិត្យ​ដោយ​ម៉ត់​ចត់ និង យក​មក ពិចារណា​នោះ តុលាការ​កំពូល​នឹង​យល់​ឃើញ​ថា កូន​ក្ដី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​ពួកគាត់​នោះ​ឡើយ​»។

លោក ហេង ឈាង បាន​និយាយ​ថា៖​«តុលាការ​ថ្នាក់​ក្រោម​ទាំង​ពីរ សំអាង​លើ​របាយ​ការណ៍​មិន​ពេញ​លេញ​របស់​លោក​កាក់ កី បាន​សម្រេច​ផ្តន្ទា​ទោស ខ្ញុំ​បាទ និង ភរិយា​ឲ្យ​ជាប់​ពន្ធនាគារ ម្នាក់ៗ​ចំនួន​បីឆ្នាំ និង បង្គាប់​ឲ្យ​ភាគី​ខ្ញុំ​បាទ សង​ប្រាក់​ជាង ៥៨ លាន​ដុល្លារ​ទៅ​ភាគី​លោក​ឧកញ្ញ៉ា កុក អាន ដែល​តាម​ការ​ពិត ភាគី​លោក​ ឧកញ្ញ៉ា កុក អាន មិន​បាន​បាត់​បង់​ប្រាក់ សូម្បី​តែ​មួយ​ដុល្លារ ដូច​មាន​បញ្ជាក់​ក្នុង​លិខិត លេខ UCB12/ចុះ ថ្ងៃទី ២២ ខែ កក្កដា ២០១២ របស់​ធនាគារ UCB ស្រាប់»។

«បច្ចុប្បន្ន​នេះ ខ្ញុំ​បាទ និង​ភរិយា​បាន​ជាប់​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ មក​ហើយ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​បាទ​បាន​ទទួល​រង​គ្រោះ យ៉ាង​អនោចអាធម បាត់​បង់​កិត្តិយស ប្រាក់​កាស ព្រាត់​ប្រាស់ និរាស​គ្រួសារ ជា​ពិសេស​កូន​តូចៗ ដែល​មិន​ទាន់​ដឹង​ក្តី»។

«ខ្ញុំ​សង្ឍឹម​ថា ក្រោយ​ពី​បាន​ទទួល​លិខិត​របស់ ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​នេះ​ហើយ តុលាការ​កំពូល​នឹង​មាន មូល​ដ្ឋាន​ច្បាស់​លាស់ ក្នុង​ការ​សម្រេច​សេចក្តី ហើយ​ភាគី ខ្ញុំ​បាទ​នឹង​ទទួល​បាន​ភាព​យុត្តិធម៌ ក្នុង​នាម​ ជាអ្នក វិនិយោគ ជា​ពាណិជ្ជករ និង ជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ប្រទេស ដែល​ប្រកាន់ នូវ នីតិរដ្ឋ និង កំពុង​មាន​ការ​រីក​ច្រើន ស្ទើរ​គ្រប់​វិស័យ»។

គួរ​បញ្ជាក់​ថា លោក​ហេង ឈាង និង ​អ្នកស្រី ទេព កូលាប ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​បទ​រំលោភ​សេចក្តី​ទុក​ចិត្ត ក្នុង​ថ្នាក់​អភិបាល និង ត្រូវ​បាន​ប្តឹង​ដោយ លោក​ឧកញ្ញ៉ា កុក អាន​ ​អគ្គ​នាយក​ក្រុម​ហ៊ុន Brothers Co, LTD និង ជា​សមាជិក​ព្រឹទ្ធ​សភា។ ពួក​គាត់​ត្រូវ​បាន​ចាប់ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ព្រៃស នៅថ្ងៃទី ១៨ មិថុនា ឆ្នាំ ២០១១។​

កាល​ពី​ថ្ងៃទី​១២​មីនា​២០១២ សាលា​ឧទ្ធរណ៍​បាន​កាត់​ទោស​លោក ហេង ឈាង និង​អ្នកស្រី ទេព កូលាប ​ឲ្យ​ជាប់​ពន្ធ​នាគារ​ម្នាក់ៗ​រយៈពេល​៣​ឆ្នាំ​ និង​បង់​ប្រាក់​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​ដល់​លោក​សមា​ជិក​ព្រឹទ្ធ​សភា​ឧកញ៉ា​ កុក អាន​ ដែល​ជា​ដើម​បណ្ដឹង​។

What Next?

Recent Articles

2 Responses to "តុលាការ​កំពូល​​​​ជម្រះ​រឿង​ក្តី​លោក​ ហេង ឈាង​ និង​ភរិយា ​ថ្ងៃ​សុក្រ​នេះ"

  1. . says:

    រឿងក្តីនេះមានលក្ខណៈចំលែកៗណាស់
    ចោទប្រកាន់បទកេងបន្លំទឹកប្រាក់ ៥៨ លានដុល្លា ហើយកាត់ទោសអោយជាប់ទោស ៣ ឆ្នាំនិងសងជំងឺចិត្តតែ ៥ ម៉ឹនដុល្លា [តិចជាង ០.១ ភាគរយ] បើមានទោសពិតប្រាកដ ។ ដើមបណ្តឹងសុខចិត្តអោយតែឈ្នះក្តី ទោះជាបាត់បង់ធនធាន – តើគួរអោយជឿបានទេ?

    រឿងក្តីនេះនឹងឆ្លុះបញ្ចាំងពីតថៈភាពក្នុងសង្គមបច្ចុប្បន្នរវាង ប្រព័ន្ធតុលាការ-ជញ្ជិងយុត្តិធ៏ម និង កូនក្តីដែលមានអំណាច និង ទឹកលុយ…

    គួរតែសុំអោយក្រុមហ៊ុនថតកុនរឿង ប៉ាវចិន បញ្ចូលវគ្គមួយឈុតនេះក្នុងរឿងភាគផង……

  2. តាមដំណើររឿន ហាក់ដូចជាការចោទប្រកាន់របស់ដើមបណ្តឹងដូចជាគ្មានមូលដ្ឋានច្បាស់លាស់សោះ ចុះហេតុអ្វីហ៊ានដាក់ពាក្យបណ្តឹង ? ឬអាងមានលុយ និងបុណ្យស័ក្តិ ធ្វើអ្វីក៏កើតនោះ​ ឬការប្តឹងផ្តល់ជាកំសាន្តរបស់ខ្លួន ? សូមទោស ខ្ញុំដូចជារាងឆ្ងល់បន្តិច ។