WHO ស្នើសុំ​ឲ្យ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​បំបាត់​ការ​ឃោសនា​ថ្នាំ​ជក់

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​មើល​ឃើញ​ថា ការ​រំលោភ​លើ​បញ្ញត្តិ​ដែល​នៅ​ជា​ធរមាន ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន។

ដោយ សុ ជីវី
2012-10-09
​វិទ្យុ​អាស៊ីសេរី

លោក ភីធឺ វ៉ាន់ម៉ារេន (Pieter Van Maaren) តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់ នា​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២។

លោក ភីធឺ វ៉ាន់ម៉ារេន (Pieter Van Maaren) តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់ នា​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២។ RFA/Sochivy

ប្រការ​នេះ​ជំរុញ​អោយ​អង្គការ​សុខភាព​ពិភពលោក បើក​វគ្គ​សិក្សា​អប់រំ​មន្ត្រី​មក​ពី​តាម​បណ្ដា​ខណ្ឌ​ចំនួន៩ ក្នុង​រាជធានី​ភ្នំពេញ ពី​បទដ្ឋាន​ច្បាប់​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំ​ជក់ និង​បាន​ទទូច​អោយ​មន្ត្រី​ពាក់ព័ន្ធ​ចូល​រួម​ទប់​ស្កាត់។

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ដឹកនាំ​មួយ​ចំនួន​របស់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ តុលា ដើម្បី​សុំ​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​បំបាត់​ការ​ឃោសនា​នានា ពាក់ព័ន្ធ​ដល់​ឧស្សាហកម្ម​ថ្នាំ​ជក់។

តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា លោក ភីធឺ វ៉ាន់ម៉ារេន (Pieter Van Maaren) មាន​ប្រសាសន៍​ថា ការ​រំលោភ​ទៅ​លើ​បញ្ញត្តិ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​បារី នៅ​បន្ត​កើត​មាន​នៅ​ពាសពេញ​ពិភពលោក។ លោក ភីធឺ បន្ត​ថា ក្នុង​ពេល​នេះ​ឧស្សាហកម្ម​ថ្នាំ​ជក់​កំពុង​ស្វះ​ស្វែង​បង្កើន​អោយ​មាន​ការ​ប្រើប្រាស់​អោយ​បាន​កាន់​តែ​ច្រើន​នូវ​ផលិត​ផល​ថ្នាំ​ជក់ ដែល​បង្ក​អោយ​មាន​ទំនាស់​ផល​ប្រយោជន៍​រវាង​សមត្ថកិច្ច​ដែល​អ្នក​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ និង​ឧស្សាហកម្ម​ថ្នាំ​ជក់។

លោក ភីធឺ វ៉ាន់ម៉ារេន៖ «ក្នុង​នាម​អង្គការ​សុខភាព​ពិភពលោក និង​ក្នុង​នាម​ផល​ប្រយោជន៍​សាធារណៈ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​យ៉ាង​មុត​មាំ​ដល់​អ្នក​ទាំង​អស់​គ្នា ដែល​មាន​វត្តមាន​នៅ​ទីនេះ នៅ​ថ្ងៃ​នេះ អោយ​នៅ​ឆ្ងាយ​ពី​ភាព​ជា​ដៃគូ និង​ជំនួប​ជាមួយ​នឹង​ឧស្សាហកម្ម​ថ្នាំ​ជក់។ ក្នុង​ករណី​ដែល​មិន​ជា​ជៀស​បាន នៅ​ពេល​មាន​ទំនាក់​ទំនង​ជាមួយ​ឧស្សាហកម្ម​ថ្នាំ​ជក់ ឬ​ជាមួយ​អ្នក​ដែល​ធ្វើ​ការងារ​ដើម្បី​ផល​ប្រយោជន៍​ថ្នាំ​ជក់ ត្រូវ​តែ​អោយ​មាន​ទំនួល​ខុស​ត្រូវ និង​តម្លាភាព»

លោក ភីធឺ វ៉ាន់ម៉ារេន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់ ដោយ​មាន​ការ​ចូល​រួម​ពី​អភិបាល អភិបាលរង​ខណ្ឌ និង​អធិការ អធិការរង នគរបាល មក​ពី​ខណ្ឌ​ទាំង៩។

រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​មួយ កាល​ពី​ឆ្នាំ​២០១១ ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំ​ជក់។ មាត្រា៦ នៃ​អនុក្រឹត្យ​បាន​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​គ្រប់​ទម្រង់​ទាំង​អស់ ទោះ​ជា​រូបភាព​ណា​ក៏ដោយ មាន​ដូច​ជា ការ​ផ្សាយ​តាម​ផ្ទាំង​រូបភាព បដា ប៉ាណូ ឆត្រ យានយន្ត​ចល័ត ប័ណ្ណ​ផ្សព្វផ្សាយ និង​សម្ភារៈ​ផ្សេងៗ។ល។ ការ​ប្រព្រឹត្ត​ល្មើស នឹង​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ ដក​ហូត​សម្ភារៈ​ផ្សព្វផ្សាយ ផ្អាក​អាជីវកម្ម​បណ្ដោះ​អាសន្ន និង​បិទ​អាជីវកម្ម​ក្នុង​ករណី​មិន​រៀង​ចាល។

អភិបាលរង​រាជធានី​ភ្នំពេញ អ្នកស្រី ទូច សារ៉ុម មាន​ប្រសាសន៍​ថា ការ​ប្រព្រឹត្ត​ល្មើស​នៅ​បន្ត​កើត​មាន​តាម​ទម្រង់​មួយ​ចំនួន ហើយ​សកម្មភាព​ត្រួត​ពិនិត្យ​ក៏​ត្រូវ​បាន​រឹត​បន្តឹង៖ «នៅ​មាន​ទម្រង់​ខ្លះ នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​នៅ​មាន​សេសសល់​មួយ​ចំនួន​តូច មាន​ជាអាទិ៍ ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​រយៈ​ផ្ទាំង​រូបភាព ឆត្រ និង​លើ​ទូ​លក់​បារី​តែ​ម្តង។ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ថ្នាំ​ជក់ និង​អ្នក​ពាក់ព័ន្ធ​អោយ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី និង​ចេញ​លិខិត​ប្រគល់​ភារកិច្ច​ទៅ​ខណ្ឌ​ទាំង៩ អោយ​ដក​ហូត​សម្ភារៈ​ផ្សាយ​ពាណិជ្ជកម្ម ដែល​បំពាន​ទៅ​នឹង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល»

របាយការណ៍​វិទ្យាស្ថាន​ស្ថិតិ អោយ​ដឹង​ថា នៅ​ឆ្នាំ​២០១១ ពលរដ្ឋ​កម្ពុជា​ពេញ​វ័យ​ប្រមាណ ២លាន​នាក់ ប្រើប្រាស់​ផលិត​ផល​ថ្នាំ​ជក់ ក្នុង​នោះ​មាន ១,៤លាន​នាក់ ជក់​បារី និង​ជាង​កន្លះ​លាន​នាក់​ទៀត ចុក​ថ្នាំ​ជក់។ ចំណែក​អត្រា​មរណៈ​ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក ក្នុង​ឆ្នាំ​២០១១ បង្ហាញ​ថា នៅ​កម្ពុជា មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១សែន​នាក់ បាន​ស្លាប់​ដោយ​សារ​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "WHO ស្នើសុំ​ឲ្យ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​បំបាត់​ការ​ឃោសនា​ថ្នាំ​ជក់"

  1. Smoking issues says:

    If there are a lot of issues arising out of smoking cigarettes, why the Government does not stop the tobacco/cigarettes business? Why need to allow the kind of business when at the same time the Government wastes money and time to educate people not to smoke and to cure sick people for smoking cigarettes?

    How much Tax revenues does the Government get from tobacco and cigarettes? Comparing to the time and expense wasted on smoking issues, is it worth allowing the cigarettes business?