អាជ្ញាធរ​បន្ត​ទប់​ស្កាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​រំលោភ​បំពាន

មន្រ្តី​សា​លា​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​៩​ ត្រូវ​បង្កើន​កិច្ច​ប្រតិបត្តិ​ការ​ចុះ​ដក​ហូត​សំភារៈ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំ​ជក់​ នៅ​តាម​តំបន់​គោល​ដៅ​របស់​ខ្លួន​ថែម​ទៀត​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រំលោភ​បំពាន​លើ​អនុក្រឹត្យ​ស្តី​ពី​«ការ​ហាម​ឃាត់​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​របស់រាជ​​រដ្ឋាភិបាល​កម្ពុជា»។​

Tuesday, 09 October 2012
ឃួន​ លក្ខិណា​
ភ្នំពេញ ប៉ុស្តិ៍

លោក​ ទូច​ សា​រ៉ុម ​អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ ក្នុង​អង្គ​សិក្ខា​សា​លា​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​សា​លា​រាជធានី​ កាល​ពី​ថ្ងៃទី​៩​ ខែ​តុលា​ថា​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​ពាក់​ពន្ធ័​នា​នា​ ទើប​ធ្វើ​ឲ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សំគាល់​ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ ស្តី​ពី​ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បា​រី​។​

លោក​បន្ត​ថា​ សាលា​រាជធានី​បាន​ចូល​រួម​ចំណែក​អនុវត្ត​អនុក្រឹត្យ​នេះ​ ដោយ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ថ្នាំ​ជក់​ និង​អ្នក​ពាក់​ពន្ធ័​ ​ ឲ្យ​បញ្ឈប់​រាល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​បាន​មុន​ខែ​សីហា​ ឆ្នាំ​២០១១​ បើ​ពុំ​ដូច្នេះ​ទេ​ និង​ចាត់​វិធានការ​ត្រួត​ពិនិត្យ​ដក​ហូត​សំភារៈ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំ​ជក់​។​

លោក​បញ្ជាក់​ថា​៖«​ កន្លង​មក​សា​លា​ខណ្ឌ​ មួយ​ចំនួន​ បាន​អនុវត្ត​តាម​ការ​ជូន​ដំណឹង​របស់​សា​លា​រាជធានី​ ដោយ​ទទួល​បាន​ប្រសិទ្ធ​ភាព​ ប៉ុន្តែ​នៅ​មាន​សា​លា​ខណ្ឌ​ខ្លះ​ទៀត​ កំពុង​ត្រៀម​ប្រតិបត្តិ​ការ​លើ​ការ​ងារ​នេះ​ ដូច្នេះ​ខ្ញុំ​សង្ឈឹម​ថា​ តាម​រយៈ​សិក្ខា​សា​លា​ថ្ងៃ​នេះ​ និង​ពន្យល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​អនុក្រិត្យ​នេះ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​»​។​

សូមបញ្ជាក់ថា​​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​វិធាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំ​ជក់​ កាល​ពី​ថ្ងៃទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​។​

What Next?

Recent Articles