ភ្នំពេញ: នៅសល់តែប្រហែលជា១០ថ្ងៃទៀតទេ ថ្ងៃឆ្លងឆ្នាំសកល នឹងឈានចូលមកដល់ហើយ ដែលពេលនោះបុគ្គលិកអង្គការ ក្រុមហ៊ុន មន្ត្រីរាជការ ឬមិត្តៗយុវវ័យ តែងតែជួបជុំគ្រួសារ ក៏ដូចជាមិត្តភ័ក្ដិបង្ករបរិយាកាសរីករាយទាំងអស់គ្នា។
ថ្ងៃទី 23 ធ្នូ 2012
ដោយ: វឿន សារុធ
CEN
ទន្ទឹមនឹងនោះ គេក៏មានដំណើរកម្សាន្តទៅរមណីយដ្ឋានជិតឆ្ងាយផ្សេងៗ។ បើយើងក្រឡេកមលើទៅតារាល្បីៗរបស់ប្រទេសកម្ពុជាយើងវិញ នឹងមានគម្រោងរៀងៗខ្លួនមកបង្ហាញប្រិយមិត្ត នៅថ្ងៃឆ្លងឆ្នាំសកលដែរទេ?
តារាសម្តែង ទម្រង់មុខកូនខ្មែរ ដែលងាយនឹងរកប្រាក់បានច្រើនក្នុងអំឡុងពេលដ៏ខ្លីនោះ កញ្ញា នី មុនី្ននាថ បានប្រាប់មកភ្នាក់ងារយកព័ត៌មាន CEN ឲ្យដឹងថា “សម្រាប់ខ្ញុំនៅថ្ងៃឆ្លងឆ្នាំថ្មីនេះ ពុំមានគម្រោងទៅណាទេ ដោយជាប់រវល់ធ្វើជាពិធីការិនីមួយ នៅសណ្ឋាគារអ៊ីនធឺខនទីណង់តាល់ ដែលគេបានរៀបចំពិធីជប់លៀងនៅទីនោះ។ ក្នុងនោះដែរខ្ញុំមិនមានអ្វីជូនដល់ប្រិយមិត្តទស្សនិជន នៅថ្ងៃឆ្លងឆ្នាំ ក៏ដូចជាថ្ងៃទិវាសិទ្ធិនារីនោះទេ មានតែជូនពរដល់ពួកគាត់ឲ្យជួបតែសំណាងល្អទទួលបាននូវអ្វីដែលថ្មីៗ និងសម្រេចរាល់បំណងប្រាថ្នារៀងខ្លួន”។
មិនខុសគ្នាដែរ អ្នកស្រី មាស សុខសោភា ជាតារាចម្រៀងជាប់ចំណាត់ថ្នាក់លេខ១ប្រចាំនៅកម្ពុជា ដែលមានសំឡេងពីរោះគ្មានគូប្រជែងបាននោះ បានប្រាប់ឲ្យដឹងថា “នៅថ្ងៃឆ្លងឆ្នាំថ្មីនេះខ្ញុំអត់បានទៅណាទេ ព្រោះជាប់រវល់ច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីនៅកោះពេជ្រ ហើយនៅពេលហ្នឹងខ្ញុំយកបទចម្រៀងថ្មីៗទៅច្រៀងនឹងសម្តែងជូនដល់មហាជនបានឃើញ និងស្តាប់ ដូចជាបទ “ញញឹម” បទ“ខ្មាស់គេប៉ុនណា បើសិនអូនបែកពីបង” និងបទចម្រៀងជាច្រើនទៀត តែខ្ញំលមិនអាចប្រាប់មុនបានទេ”។
ចំណែកឯ តារាសម្តែងពោរពេញទៅដោយទឹកភ្នែកមិនចេះរីងស្ងួត លោក យ៉ែម សំអូន បាននិយាយប្រាប់ទាំងភាពរីករាយថា “ខ្ញុំទើបតែបញ្ចប់ការសម្តែងជាមួយ កញ្ញា សារ៉ាយ សក្ខណា ក្នុងរយៈពេលថ្មីៗនេះដែរ ហើយក្នុងឱកាសឆ្លងឆ្នាំសកលនេះ ខ្ញុំមានគម្រោងចេញទៅសម្តែងនៅតាមបណ្តាខេត្តច្រើនដូចជា ទៅកំពង់សោម បាត់ដំបង ប៉ោយប៉ែត និងសៀមរាម (បើនិយាយពីសៀមរាមនេះ ប្រហែលជាខ្ញុំទៅបីដងក្នុងចុងខែ១២នេះ) ។ ខ្ញុំទៅសម្តែងផង ចូលរួមកម្មវិធីប្រគំតន្ត្រីផង និងទៅច្រៀងជាលក្ខណៈជនផងដែរ”។
តារាសម្តែងពោរពេញទៅដោយទឹកភ្នែកមិនចេះរីងស្ងួតរូបនេះ បានបន្តថា “ចំណែកគម្រោងចេញទៅសម្តែងនៅក្រៅប្រទេសវិញ ខ្ញុំអត់ទាន់បានគ្រោងនៅឡើយទេ ដោយសារជាប់មមាញឹកការងារនៅក្នុងស្រុកច្រើនពេក ហើយខ្ញុំមានថតស្បត់ពាណិជ្ជកម្មសុរាទើបនឹងចេញថ្មីនៅដើមឆ្នាំថ្មី២០១៣ខាងមុខនេះ ថែមទាំងមានដើរបង្ហាញម៉ូដផ្សេងៗ ជាច្រើនទៀត លើសនេះខ្ញុំនឹងចេញទៅសម្តែងនៅប៉ុស្តិ៍ទូរទស្សន៍ CTN នៅល្ងាចថ្ងៃនេះទៀតផង”៕






