ភ្នំពេញ: បន្ទាប់ពីកិច្ចប្រជុំ រវាងតំណាងអាជ្ញាធរសាលារាជធានីភ្នំពេញ និងមេដឹកនាំសម្ព័ន្ធសហជីពកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ អាជ្ញាធរបានអនុញ្ញាតឲ្យសហជីពកម្មករ ជួបជុំធ្វើបាតុកម្ម និងដើរហែក្បួន អហិង្សា ទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ និយោជិត ចំនួន ១៥០ ដុល្លារ ក្នុងមួយខែ។ ពិធីជួបនោះ នឹងមានកម្មករប្រមាណ ២៥០ នាក់ ធ្វើឡើងនៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២ ហើយតំណាង ២០ នាក់ នឹងដើរហែក្បួន យកញត្តិ ទៅដាក់នៅរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន។
ថ្ងៃទី 25 ធ្នូ 2012
ដោយ: លី សិលា
CEN
តាមរយៈកិច្ចប្រជុំនោះ លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានព្រមានថា “ម្ចាស់សំណើ ត្រូវធានាថា មិនយកកម្មវិធីនេះ ធ្វើសកម្មភាពបំរើឲ្យឆន្ទៈនយោបាយរបស់គណបក្សណាមួយ ឬធ្វើការវាយប្រហារដល់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និងឥស្សរជនជាន់ខ្ពស់ណាម្នាក់ឡើយ។ ប្រសិនបើមិនគោរពតាមការសន្យា សមត្ថកិច្ច នឹងចាត់វិធានការតាមច្បាប់ និងមិនអនុញ្ញាតឲ្យប្រារព្ធពិធីរបៀបនេះទៀតទេ នៅពេលក្រោយ”។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន លោក ឈុន សំអូន មន្ត្រីសហជីព និងលោក រ៉ុង បញ្ញា មន្ត្រីសហជីព នៃសម្ព័ន្ធសហជីពកម្ពុជា បានសរសេរលិខិតរួមគ្នាមួយច្បាប់ គោរពជូនលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីការរៀបចំបាតុកម្មអហឹង្សា ទាមទារដំឡើងប្រាក់ឈ្នូលអប្បបរមា ជូនកម្មករ និយោជិត។
ក្នុងលិខិតនោះ បង្ហាញថា សម្ពន្ធ័សហជីពកម្ពុជា នឹងរៀបចំបាតុកម្មអហឹង្សាមួយ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ៨:៣០ នាទី ព្រឹក នៅសួនច្បារមុខតុលាការកំពូល ( អតីតមន្ទីរដ្ឋសភាចាស់ )។
លិខិតបន្តថា ការរៀបចំបាតុកម្មអហឹង្សានេះ ក្នុងគោបំណងទាមទារឲ្យមានការដំឡើងប្រាក់ឈ្នូលអប្បបរមា ជូនកម្មករនិយោជិត រហូតដល់ចំនូន ១៥០ ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០១៣។ បច្ចុប្បន្នកម្មករ-កម្មការិនី មានបញ្ហាប្រឈមយ៉ាងច្រើន លើជីវភាពរស់នៅ ថ្លៃទឹក ភ្លើង និងថ្លៃឈ្នូលផ្ទះ រួមទាំងការចំណាយផ្សេងៗ។ លើសពីនេះ បានធ្វើឲ្យកម្មករថមថយកម្លាំង បណ្តាលឲ្យកម្មករនិយោជិតដូលសន្លប់បន្តបន្ទាប់ ក្នុងរយ:ពេល ២ ឬ ៣ ឆ្នាំចុងក្រោយនេះ។
លិខិតដដែល បន្តថា បាតុកម្មអហឹង្សា នឹងមានការអញ្ជើញចូលរួមពីកម្មករ-កម្មការិនី សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងសមាជិកសមាជិកាសម្ព័ន្ធសហជីពកម្ពុជា យ៉ាងតិចបំផុតចំនួន ២៥០ នាក់ (ពីរយហាសិបនាក់)។ បន្ទាប់ពីប្រមមូលផ្តុំ និងដង្ហែក្បូន ចេញពីសួនច្បារមុខតុលាការកំពូល ដើម្បីដាក់ញត្តិជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឆ្ពោះទៅរដ្ឋសភាជាតិ ប្រគល់ញត្តិជូនអ្នកតំណាងរាស្ត្រ ហើយកម្មវិធីនេះ នឹងបញ្ចប់ត្រឹមម៉ោង ១១ និង ៣០នាទី រំសាយនៅមុខរដ្ឋសភា។
ជាការកត់សម្គាល់ នៅពេលបច្ចុប្បន្ននេះ កម្មករកាត់ដេរ ប្រមាណ ៤ សែននាក់ ទទួលបានប្រាក់ខែគោល ចំនួន ៦១ ដុល្លារ ក្នុងមួយខែ៕