គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល = Comfrel) នៅថ្ងៃទី២៥ ខែធ្នូ ធ្វើសិក្ខាសាលាស្ដីពី “ពង្រឹងសំឡេងម្ចាស់ឆ្នោតក្នុងឃុំដាច់ស្រយាល និងឃុំជនជាតិដើមភាគតិច” ដើម្បីកំណត់តម្រូវការជាអាទិភាព និងទាមទារឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្រអាណត្តក្រោយៗ យកចិត្តទុកដាក់អនុវត្តន៍តម្រូវការរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានដោយជោគជ័យ។
ដោយ ទេព សុរ៉ាវី
2012-12-25
វិទ្យុអាស៊ីសេរី

ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយចូលរួមក្នុងសិក្ខាសាលាស្ដីពី “ពង្រឹងសំឡេងម្ចាស់ឆ្នោតក្នុងឃុំដាច់ស្រយាលនិងឃុំជនជាតិដើមភាគតិច” នៅសណ្ឋាការអ៊ីមផឺរៀល (Imperial Hotel) កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២។ RFA/Tep Soravy
ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅឃុំដាច់ស្រយាល និងឃុំជនជាតិដើមភាគតិច វាយតម្លៃក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនថាមិនបានអនុវត្ត ឬអនុវត្តមិនបានពេញលេញនូវវិស័យអាទិភាពរបស់ឃុំ-សង្កាត់។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ថ្លែងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ថាជាលទ្ធផលនៃគម្រោងពង្រឹងប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅឃុំដាច់ស្រយាល និងឃុំជនជាតិដើមភាគតិច រកឃើញវិស័យអាទិភាពចំនួន២១ ដែលអ្នកភូមិជាម្ចាស់ឆ្នោតបានលើកឡើងតាមការដាក់ពិន្ទុវាយតម្លៃលើក្រុមប្រឹក្សាឃុំ-សង្កាត់របស់ពួកគេនៅតាមមូលដ្ឋាន។
វិស័យអាទិភាពទាំងនោះរួមមាន ទី១ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព អណ្ដូងទឹក ឥណទានជនបទ ពេទ្យឆ្មប រថយន្តសង្គ្រោះ ម៉ូតូកង់បី គ្រូពេទ្យ និងបុគ្គលិកពេទ្យ។ ទី២ ការសាងសង់ផ្លូវ ជួសជុលផ្លូវ ដាក់លូ និងស្ពាន។ ទី៣ ការស្នើសុំម៉ាស៊ីនគោយន្ត វគ្គបណ្ដុះបណ្ដាលកសិកម្ម ពូជស្រូវ ឧបករណ៍កសិកម្ម។ ទី៤ ការសាងសង់សាលារៀន និងគ្រូបង្រៀន សាលាប្រជុំភូមិ សាងសង់ព្រះវិហារ និងសាលាឆាន់។ល។
ទោះជាយ៉ាងណា វិស័យអាទិភាពទាំងនោះមានពលរដ្ឋប្រមាណ ៦០% បានវាយតម្លៃថា ក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនមិនបានអនុវត្តន៍ ឬអនុវត្តន៍មិនពេញលេញ។ ក្រៅពីនេះ មានប្រមាណ ៣០% វាយតម្លៃថា ក្រុមប្រឹក្សាឃុំ-សង្កាត់បានអនុវត្តន៍ខ្លះៗ។
លោក គល់ បញ្ញា បញ្ជាក់ថា ចំពោះសេវាសំខាន់ៗមួយចំនួន រួមមានសេវាសុខភាព សេវាផ្តល់អត្តសញ្ញាណប័ណ្ណ ការដោះស្រាយទំនាស់ដីធ្លី ប្រជាពលរដ្ឋផ្តល់ពិន្ទុតិចតួចចំពោះការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងទាមទារឲ្យថ្នាក់ជាតិ ឬតំណាងរាស្ត្រ ជួយដោះស្រាយ។
លោក គល់ បញ្ញា៖ «ការដោះស្រាយនៅថ្នាក់មូលដ្ឋាន ប្រហែលវាមិនអាចដោះស្រាយបានទេ ដោយសារតែក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែប្រហែលជាត្រូវការឆ្លើយតបពីខាងគណបក្សនយោបាយដែរ ជាពិសេសពីរដ្ឋាភិបាលថ្នាក់ជាតិ ហើយនៅក្នុងសិក្ខាសាលានេះ យើងក៏ចង់ឲ្យតំណាងគណបក្សនយោបាយអ្នកដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោតនៅថ្នាក់ជាតិខាងមុខនេះ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហារបស់ប្រជាពលរដ្ឋដែលគេបានលើកឡើង»។
អង្គការខុមហ្វ្រែល បានជ្រើសរើស ១០០ឃុំ ក្នុងចំណោមជាង ១ពាន់ឃុំ-សង្កាត់ សម្រាប់អនុវត្តគម្រោងពង្រឹងពលរដ្ឋជាម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច។
លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (Adhoc) សន្និដ្ឋានថា លទ្ធផលវាយតម្លៃដែលអង្គការខុមហ្វ្រែល រកឃើញ មានភាពសុក្រឹតខ្ពស់អាចទទួលយកបាន។ លោកបន្តថា តាមការវាយតម្លៃនោះបង្ហាញថា ពលរដ្ឋជាម្ចាស់ឆ្នោតបានពេញចិត្តពេញថ្លើមចំពោះគោលនយោបាយឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ។ ប៉ុន្តែក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតរួច បានឆ្លើយតបតិចតួចតាមគោលនយោបាយរបស់ខ្លួន ដែលនេះបង្ហាញពីការបរាជ័យយ៉ាងធ្ងន់សម្រាប់អ្នកនយោបាយ៖ «ការរកឃើញរបស់អង្គការខុមហ្វ្រែល ជាឧបករណ៍មួយការពិតសម្រាប់អ្នកនយោបាយនៅក្នុងឱកាសនេះ ពេលដែលខ្លួនបានចាប់ផ្ដើមផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន ក្នុងការអនុវត្ត និងផែនការយន្តសាស្ត្រសម្រាប់អូសទាញសន្លឹកឆ្នោតនៅឆ្នាំ២០១៣»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បញ្ជាក់ថា លទ្ធផលវាយតម្លៃពីកង្វះខាតដែលគណបក្សនយោបាយមិនអាចអនុវត្តបាននៅថ្នាក់មូលដ្ឋាន អាចក្លាយជាសន្ទស្សន៍មួយវាស់វែងសម្រាប់ពលរដ្ឋជាម្ចាស់ឆ្នោតក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត និងអនុវត្តតាមការសន្យា។
ទោះជាយ៉ាងណា គណបក្សនយោបាយអាចយកតម្រូវការជាអាទិភាពដែលក្រុមប្រឹក្សាឃុំ-សង្កាត់គ្មានលទ្ធភាពដោះស្រាយ ដូចជាសេវាផ្តល់អត្តសញ្ញាណប័ណ្ណ ឬទំនាស់ដីធ្លីធ្វើជាកម្មវិធីគោលនយោបាយសម្រាប់ឃោសនាការបោះឆ្នោត ឬប្រកួតប្រជែងសន្យាថ្មី សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។