សៀមរាប: មានការផ្ដួចផ្ដើមឡើងពីលោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើឱ្យគម្រោងលើកកម្ពស់ជីវភាពសហគមន៍ព្រៃឈើត្បែងលិច ទទួលបានជោគជ័យ ហើយប្រជាជនក្នុងសហគមន៍មួយនេះ ក៏បានពង្រីក ហើយដឹកនាំដោយខ្លួនឯង ដើម្បីរំដោះខ្លួនចេញពីភាពក្រីក្របានយ៉ាងគាប់ប្រសើរបំផុត។
ថ្ងៃទី 26 ធ្នូ 2012
ដោយ: បាយ័ន
CEN

លោក ច័ន្ទ សារុន (សញ្ញាព្រួញ) ពេលចុះពិនិត្យស្រូវនៅសហគមន៍ព្រៃឈើត្បែងលិច ដែលទទួលបានទិន្នផលពី៣តោនកន្លះ ទៅ៤តោនក្នុងមួយហិកតា។ (រូបថត៖សហគមន៍)
គម្រោងលើកកម្ពស់ជីវភាពក្នុងសហគមន៍ព្រៃឈើត្បែងលិច ក្រៅពីផ្ដួចផ្ដើមនៅគម្រោងនេះ លោកបណ្ឌិត ច័ន្ទ សារុន ក៏ជាអ្នកជួយថវិកាបង្កើតនៅគម្រោងនេះផងដែរ។
លោក ទៀវ ប៉ូជុន អ្នកសម្របសម្រួលអភិវឌ្ឍន៍គម្រោង នៅសហគមន៍ត្បែងលិច ស្ថិតក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី បានឱ្យដឹងថា គម្រោងដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងតាំងពីខែមេសា ឆ្នាំ២០១១ ហើយបញ្ចប់ទៅវិញនៅខែធ្នូ ឆ្នាំ២០១២។
លោក ទៀវ ប៉ូជុន បានបញ្ជាក់ឱ្យដឹងដែរថា ភូមិត្បែងលិច ដែលទទួលបានពីគម្រោងនេះ គឺមានប្រជាពលរដ្ឋចំនួន ១៨០គ្រួសារ ដែលមុនបង្កើតគម្រោងគឺពួកគាត់មានភាពលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្ដែក្រោយពីលោកបណ្ឌិត ច័ន្ទ សារុន បង្កើតនៅគម្រោងថ្មីមួយនេះ ហើយបញ្ចប់នៅចុងឆ្នាំ២០១២ ប្រជាជនក្នុងភូមិត្បែងលិច ក៏បានពង្រឹងខ្លួនតពី គម្រោង ដែលបច្ចុប្បន្នទទួលបានជោគជ័យ និងធ្វើជាគំរូ ក្នុងភាពរីកចំរើនក្នុងជីវភាពគ្រួសារ របស់ពួកគាត់ថែមទៀតផង។
លោក ទៀវ ប៉ូជុន ដែលជាអតីតអនុប្រធានមន្ទីរកសិកម្ម ខេត្ដសៀមរាបផងដែរ បានឱ្យដឹងផងដែរថា គម្រោងសហគមន៍ព្រៃឈើត្បែងលិច ដែលបង្កើតឡើងរួចហើយនោះ គឺផ្ដោតសំខាន់លើការចិញ្ចឹមត្រី, ចិញ្ចឹមមាន់, ចិញ្ចឹមជ្រូក, បន្លែ និងធ្វើស្រូវ ប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ(ប.វ.ស)។ គោលបំណងនេះដែរ ក៏បានឱ្យឃើញពីការពង្រឹងសមត្ថភាពសមាជិកសហគមន៍ទាំងអស់ បច្ចេកទេស ប្រពលវប្ប កម្មដំណាំស្រូវ ប.វ.ស។ ផ្ដល់បច្ចេកទេសចិញ្ចឹមសត្វ តាមបែបប្រពលវប្បកម្ម ដោយកែលំអរពូជសត្វ, ដាំដំណាំចិញ្ចឹមសត្វ, ចិញ្ចឹមសត្វមិនលែង(ក្នុងទ្រុង), ចាក់ថ្នាំការពារ និងការថែទាំងតាមបច្ចេកទេស។ ជំរុញកសិករឱ្យចេះរៀបចំធ្វើផែនការណ៍ ផលិតកម្មតាមតម្រូវការទីផ្សារ។ ជំរុញកសិករឱ្យអនុវត្ដដាំដំណាំឆ្លាស់, ដើម្បីកែលំអរគុណភាពដីផង និងការបង្កើនប្រាក់ចំណូល ក្នុងគ្រួសារផង និងជំរុញឱ្យសហគមន៍ចេះអភិវឌ្ឍន៍ខ្លួនឯងប្រកបដោយនិរន្ដភាព ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គម។
លោក ទៀវ ប៉ូជុន បានឱ្យដឹងទៀតថា ភាពជាក់ស្ដែងប្រជាកសិករនៅភូមិត្បែងលិចទាំងអស់ ដែលកន្លងមកធ្លាប់តែធ្វើស្រូវ(ប.វ.ស) ក្នុងមួយហិកតា បានបរិមាណស្រូវតែ១,២តោន តែឥឡូវក្រោយពីបញ្ជ្រាបគម្រោងចូលធ្វើឱ្យពួកគាត់ កែប្រែស្រូវពី៣តោនកន្លះ ទៅ៤តោន ក្នុងមួយហិកតា។ លោកបន្ដថា ក្រៅពីពង្រីកខ្លួនតពីគម្រោងក្នុងភូមិត្បែងលិច ធ្វើឱ្យពួកគាត់ឥឡូវមានមាន់លក់ មានស្រូវលក់ មាន ត្រីលក់ មានកូនត្រីចែករំលែក និងលក់បានកម្រៃគួរឱ្យគាប់ប្រសើរ ដើម្បីចិញ្ចឹមខ្លួន និងគ្រួសាររបស់ពួកគាត់ ដើម្បីឈាន ទៅរំដោះភាពក្រីក្រ បានមួយកំរិតធំ។ លោកបន្ដថា ជាមួយគ្នានោះធ្វើឱ្យប្រជាជននៅក្នុងសហគមន៍ព្រៃឈើត្បែងលិច មានការវិវត្ដន៍ខ្លួន និងធ្វើឱ្យពួកគាត់ចាកផុតពីការចំណាកស្រុកថែមទៀតផង។
លោក ទៀវ ប៉ូជុន បានបញ្ជាក់ថា លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅកាន់សហគមន៍ព្រៃឈើ ព្រៃក្បាលបី ស្ថិតនៅភូមិព្រៃក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្ដកំពង់ធំ ហើយលោករដ្ឋមន្ដ្រីក៏បានផ្ដល់អនុសាសន៍ដល់ ថ្នាក់ដឹកនាំក្នុងសហគមន៍ក៏ដូចជា ជំនាញរបស់ខេត្ដ ដើម្បីឱ្យសហគមន៍មួយនេះ ចុះមកដកស្រង់បទពិសោធន៍នៅសហគមន៍ព្រៃឈើត្បែងលិច ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។
បន្ទាប់ពីទទួលអនុសាសន៍របស់លោក ច័ន្ទ សារុន រួចហើយ គឺនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ គេបានឃើញលោក តិប ញាតា នាយខណ្ឌរដ្ឋបានព្រៃឈើកំពង់ធំ និងលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្ដកំពង់ធំ បានដឹកនាំកសិករចំនួន២០នាក់ ពីសហគមន៍ព្រៃឈើព្រៃក្បាលបី មកយកបទពិសោធន៍នៅសហគមន៍ព្រៃឈើត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី។
ជាមួយគ្នានោះ បន្ទាប់ពីទទួលបានបទពិសោធន៍ពីសហគមន៍ព្រៃឈើត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី គឺសហគមន៍ព្រៃឈើ ព្រៃក្បាលបី របស់ឃុំទីពោ ស្រុកសន្ទុក ខេត្ដកំពង់ធំ កំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងដើម្បីរំដោះខ្លួន ជាបណ្ដើរៗ ឱ្យទទួលបានលទ្ធផលល្អប្រសើរនៅពេលអនាគត ដូចសហគមន៍ព្រៃឈើត្បែងលិច។
សូមបញ្ជាក់ដែរថា គម្រោងលើកកម្ពស់ជីវភាព គម្រោងព្រៃឈើ ព្រៃក្បាលបី ឃុំទីពោ ស្រុកសន្ទុក គឺផ្ដល់ថវិកាពីលោក ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចគម្រោងនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ផងដែរ ហើយគម្រោងលើកកម្ពស់ជីវភាពរបស់សហគមន៍ព្រៃឈើ ព្រៃក្បាលបី ភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្ដកំពង់ធំ និង បានបញ្ចប់គម្រោងនៅចុងខែធ្នូ ឆ្នាំ២០១៣ខាងមុខ។
បើតាមលទ្ធផលរំពឹងទុកគម្រោងលើកកម្ពស់ជីវភាព នៃសហគមន៍ទាំងពីរ និងធ្វើឱ្យកសិករទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសកសិកម្មល្អៗសំរាប់ធ្វើប្រព័ន្ធកសិកម្មចម្រុះ។ កសិករ និងទទួលបានទិន្នផលស្រូវកើនឡើងតាមរយៈ ការធ្វើប្រពលវប្បកម្មដំណាំស្រូវ និងផ្លាស់ប្ដូរមកប្រើប្រាស់ពូជស្រូវល្អសុទ្ធ (ពូជស្រូវ១០មុខ)។ កសិករបង្ហាញទាំងអស់ និង ក្លាយជាកសិករគំរូ តាមបច្ចេកទេស និងជំនាញច្បាស់លាស់ ក្នុងការធ្វើប្រពលវប្បកម្មសំរាប់ផ្សព្វផ្សាយដល់កសិករដ៏ទៃទៀត។ កាត់បន្ថយការកាប់ឈើធ្វើអុស តាមរយៈការប្រើប្រាស់ថាមពលពីឡជីវឧស្ម័ន។ សមាជិកសហគមន៍ទាំងអស់និងទទួលបានការលើកទឹកចិត្ដឱ្យបន្ដការពារ និងគ្រប់គ្រងព្រៃឈើ ឱ្យបានគង់វង់សំរាប់លំនឹង និងបរិស្ថាន និងជម្រកសត្វព្រៃ ក៏ដូចជាចំណូលបន្ថែមតាមរយៈបង្កើតតំបន់បរិស្ថានទេសចរណ៍។
ជាមួយគ្នានោះលោក ទៀវ ប៉ូជុន បានបន្ថែមថា កន្លងមកនៅសហគមន៍ព្រៃឈើត្បែងលិច ដែលកន្លងមកធ្លាប់តែមកទិញបន្លែនៅខេត្ដសៀមរាប ឥឡូវអ្នកខេត្ដសៀមរាប ទៅទិញបន្លែនៅឯសហគមន៍ព្រៃឈើត្បែងលិចវិញម្ដង ហើយពួកគាត់រកបន្លែលក់ឱ្យអ្នកក្រុងសៀមរាប មិនបានថែមទៀតផង ព្រោះតែគេយល់ថាបន្លែនៅទីនោះមិនប្រើជីគីមី ធ្វើឱ្យមានគុណភាពល្អ៕
