ភ្នំពេញៈ នៅក្នុងឆ្នាំ២០១២នេះ តារាចម្រៀងតារាសម្តែងប្រុសស្រីជាច្រើនដួងបានដើរដល់ផ្លូវបែកជាពីរ តើមានអ្នកសិល្បៈណាខ្លះ ហើយពួកគេបែកបាក់ដោយសារអ្វី? ភ្នំពេញ ប៉ុស្តិ៍ នឹងលាតត្រដាងនៅខាងក្រោមនេះ៖
Friday, 28 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

អ្នកសិល្បៈស្រស់ស្អាតសាច់សខ្ចីដែលជួបចំណងស្នេហ៍បែកបាក់ក្នុងឆ្នាំ២០១២។ រូបថត លីណា/ម៉េងស្រ៊ុន
ឱក សុគន្ធកញ្ញា អស់និស្ស័យពី រ៉េត ធីដូណា
ស្នេហាមានអាយុកាល៨៤ខែស្មើនឹង៧ឆ្នាំរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសនាង ឱក សុគន្ធកញ្ញា បានធ្លាក់មកដល់ចំណុចសូន្យនៅដំណាច់ឆ្នាំ២០១២នេះ ក្រោយពេលតារាស្រីទើបឡើងសម្រស់រូបនេះសម្រេចបញ្ចប់ចំណងស្នេហ៍មួយនេះជាមួយតន្ត្រីករមាឌធំលោក រ៉េត ធីដូណា។
ឱក សុគន្ធកញ្ញា និង រ៉េត ធីដូណា បានផ្តើមស្នេហ៍ដំបូងក្នុងឆ្នាំ២០០៥ ខណៈដែលពួកគេស្ថិតនៅក្រោមដំបូលផលិតកម្មយូធូតែមួយ ហើយពេលនោះ សុគន្ធកញ្ញា មានសម្រស់មិនគួរដាក់ភ្នែកមើលឡើយ ហើយទ្រព្យធននៅពេលនោះនាងក៏មិនមានអ្វីអស្ចារ្យដែរ អាចនិយាយបានថា រ៉េត ធីដូណា និង សុគន្ធកញ្ញា ស័ក្តិសមនឹងគ្នា។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ពិសេសក្រោយពេល សុគន្ធកញ្ញា ចូលផលិតកម្មរស្មីហង្សមាស សម្រស់របស់នាងបានវិវត្តក្លាយជាសត្វហង្ស ស៊ីដាច់ រ៉េត ធីដូណា ។ ដូច្នេះស្នេហាពួកគេត្រូវបានបញ្ចប់ ប៉ុន្តែមូលហេតុចម្បងនៃការផ្តាច់ស្នេហ៍នេះមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់នៅឡើយ។
អឿន ដាលីស បាយបាយបុរសអូស្ត្រាលី
ក្រោយចាកចេញពីប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១១ ដើម្បីទៅរៀនមុខជំនាញមើលថែកូននៅអូស្ត្រាលីក្រោមការជួយទំនុកបម្រុងរបស់បងស្រីនោះ អឿន ដាលីស ដែលមិនធ្លាប់ធ្លាក់ចូលទៅក្នុងអន្លង់រឿងអាស្រូវស្នេហាក៏បានផ្តើមស្នេហាឆ្លងទ្វីបជាមួយនឹងបុរសអាណិកជន វីរៈ ហ្សេម តែក្រោយពេល អឿន ដាលីស មកដល់កម្ពុជាមិនបានប៉ុន្មានខែផងស្នេហាមួយនេះក៏បានបាក់បែកទៅវិញ។
ការបាក់បែកស្នេហាដ៏ក្មេងខ្ចីមួយនេះ ត្រូវបានគេសង្ស័យថាអាចបណ្តាលមកពីមានជនទី៣ចូលខ្លួនជ្រៀតជ្រែក។ ប៉ុន្តែបើតាមប្រភពពីអ្នកកៀកកិតនឹងពិធីការិនីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រូបនេះបានឲ្យដឹងថា ស្នេហាមួយនេះអាចនឹងឈានដល់ការបាក់បែកដោយសារតែភ្លើងប្រចណ្ឌខណៈដែលការវិលត្រឡប់របស់អឿន ដាលីស នាងហាក់ហ៊ានសិចស៊ីបញ្ចេញលើលេចក្រោមជាងមុន ធ្វើឲ្យ វីរៈ ហ្សេម ខឹង និងនិយាយហួងហែងពេក។ ដូច្នេះស្នេហាមិនទាន់ស៊ុបស្រួលមួយនេះក៏បាក់បែកតែម្តង។
ស្វែង សុជាតា ចង់ស៊ីសាច់ គង់ សុផារ៉ា
បន្ទាប់ពីធ្លាយចំណងស្នេហ៍ផ្អែមល្ហែមបានបន្តិចតារាសម្តែងនាង ស្វែង សុជាតា និងលោកគង់ សុផារ៉ា ក៏បានបញ្ចប់វិញភ្លាមៗជាមួយនឹងរឿងអាស្រូវបរិហារកេរ្តិ៍មួលបង្កាច់គ្នាយ៉ាងអាម៉ាស់ ខណៈតារាសម្តែង ស្វែង សុជាតា សុខចិត្តទម្លាក់កូនចេញ។
ឆ្លើយតបនឹងការបរិហារកេរ្តិ៍របស់អតីតគូស្នេហ៍ ភ្លាមនោះ ស្វែង សុជាតា ក៏គ្រោងនឹងដាក់ពាក្យបណ្តឹងភ្លាមដែរ ប៉ុន្តែលោក គង់ សុផារ៉ា ក៏ចេញមុខសន្យាថានឹងធ្វើការសុំទោសនាងជាសាធារណៈចំពោះការកាឡៃរឿងបង្ខូចកេរ្តិ៍ឈ្មោះនាង ប៉ុន្តែមកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញការសុំទោសរបស់លោកសុផារ៉ា នៅឡើយ។ ដូច្នេះហើយបានជា ស្វែង សុជាតា ក្តៅស្លឹកត្រចៀក ហើយបានទាមទារឲ្យលោក សុផារ៉ា ធ្វើតាមការសន្យា។ នាងបានដាក់ពេលកំណត់ឲ្យលោក សុផារ៉ាសុំទោសនាងជាសាធារណៈ បើមិនដូច្នេះទេ នាងនឹងប្តឹងហើយនឹងធ្វើឲ្យមន្ត្រីក្រសួងមហាផ្ទៃលោក គង់ សុផារ៉ា ខ្មាសគេនៅតុលាការ។ ប៉ុន្តែមកទល់នឹងពេលនេះ ដំណើររឿងមិនទាន់បញ្ចប់នៅឡើយទេ។
ប៊ុន ផៃលីន ផ្តាច់ស្នេហ៍មន្ត្រីប៉ូលិសចំណាស់
តារាចម្រៀងយកសម្រស់ដើមទ្រូងដ៏សិចស៊ី និងគល់ភ្លៅសម៉ដ្ឋខ្ចីធ្វើជាចំណីអារម្មណ៍សិល្បៈនាង ប៊ុន ផៃលីន បានផ្តាច់ចំណងស្នេហ៍មន្ត្រីប៉ូលិសមានអំណាចទ្រព្យម្នាក់កាលពីពាក់កណ្តាលឆ្នាំនេះ ដោយសារស្នេហាមួយនេះ ជួបឧបសគ្គជាច្រើនដោយបូករួមទាំងការគំរាមសម្លាប់ពីសំណាក់ប្រពន្ធដើមរបស់មន្ត្រីប៉ូលិសវ័យជ្រេម្នាក់នោះផងដែរ។
អ្នកចម្រៀងសិចស៊ីរូបនេះធ្លាប់និយាយថា មានតាៗតាមស្នេហ៍ច្រើន តែនាងប្រកែក ព្រោះនាងធ្លាប់ជួបស្នេហាបែបនេះ ជាច្រើនលើកមកហើយ គឺសុទ្ធតែមិនអាចរស់នៅជាមួយគ្នាដោយងាយស្រួលបាន ព្រោះភាគច្រើនបុរសទាំងនោះសុទ្ធតែមានប្រពន្ធកូនរួចហើយពិសេសនោះគឺគេសុខចិត្តជះលុយដើម្បីក្រុងនាងទុកឆីតែម្នាក់ឯងនោះ។ ប៉ុន្តែក្រោយពេលបែកបាក់បុរសមន្ត្រីប៉ូលិសម្នាក់នោះមិនបានប៉ុន្មានផង ប៊ុន ផៃលីន ដែលធ្លាប់ប្រាប់ថា រាងចាលជាមួយបុរសប្តីគេហើយនោះ ក៏បានភ្ជាប់ទំនាក់ទំនងជាមួយនឹងបុរសចំណាស់ជាមន្ត្រីប៉ូលិសម្នាក់ទៀតភ្លេចអស់ភាពភ័យខ្លាចប្រពន្ធគេគំរាមសម្លាប់ដោយគ្រាន់តែបុរសនោះជះលុយទិញកាដូរថយន្តតម្លៃជាង២ម៉ឺនដុល្លារ និងការឧបត្ថម្ភមួយចំនួននោះ។
មាស សម្ផស្ស រួចផុតពីក្រញាំភ្លើងប្រចណ្ឌប្រុសកូរ៉េ
ក្រោយអះអាងធ្លាប់អស់សង្ឃឹមនឹងរឿងរ៉ាវស្នេហាចំនួន៣លើករួចមកហើយនោះ តារាសម្តែងមុខស្រស់នាង មាស សម្ផស្ស ក៏បានភ្ជាប់ចំណងស្នេហ៍ក្រោមដំបូលតែមួយជាមួយនឹងបុរសកូរ៉េខាងត្បូងម្នាក់ឈ្មោះ គីម ហើយនាងអះអាងថា ស្នេហាមួយនេះ នាងនឹងប្រឹងថែទាំមិនឲ្យស្វិតស្រពោនដូចស្នេហាគ្រាមុនឡើយ។
ជាការពិត ដើម្បីភាពផ្អែមល្ហែមនៃចំណងស្នេហ៍មួយនេះ មាស សម្ផស្ស ក៏សុខចិត្តចំណាយពេលវេលាតិចបំផុតនៅក្នុងសិល្បៈ ព្រោះមិនចង់ឲ្យលោកគីម ជាគូស្នេហ៍មានអារម្មណ៍មិនសូវសប្បាយចិត្តដោយសារតែនាងដឹងថា គូស្នេហ៍របស់នាងជាមនុស្សប្រច័ណ្ឌ និងមានការសង្ស័យចំពោះនាងច្រើនប៉ុន្តែទឹកបាក់ទំនប់មិនអាចទប់បានឡើយ ចុងក្រោយពួកគេក៏អស់និស្ស័យស្នេហ៍ត្រឹមនេះ។ គេបានដឹងថា ស្នេហាមួយចប់គ្នាដោយសារតែរឿងលុយកាក់ និងលោក គីម មានចិត្តមិនស្មោះ៕
ហេតុតែគេ មានរបស់
កុំបារបីគេរងចាំច្រើន