កុមារ​ជិត​១០០​នាក់​ចូល​រួម​វគ្គ​សិក្សា​អប់រំ​ផ្លូវ​ចិត្ត​​នៅ​ខេត្ត​បាត់ដំបង

កុមារ​សិស្សានុសិស្ស​ប្រមាណ​ជិត ១០០​នាក់ មក​ពី​សាលារៀន​ផ្សេងៗ​គ្នា​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​ទទួល​ការ​អប់រំ​ផ្លូវ​ចិត្ត​តាម​វិធីសាស្ត្រ​នៃ​ការ​បដិបត្តិ​ធម៌​អានាបាណស្សតិកម្មដ្ឋាន។

ដោយ កែវពេជ្រ មេត្តា
2013-01-03
វិទ្យុ​អាស៊ីសេរី

២៣-ធ្នូ-២០១២៖ កុមារ​សិស្សានុសិស្ស​អង្គុយ​សមាធិ​ក្នុង​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា ស្ថិត​នៅ​ភ្នំ​ទ្រុងមាន់ ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ (RFA/Keopech Metta)

កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា​ស្ថិត​នៅ​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

តើ​ការ​អប់រំ​ផ្លូវ​ចិត្ត​តាម​វិធី​បដិបត្តិ​ធម៌​នេះ​មាន​សារសំខាន់​បែប​ណា? ហើយ​ថា តើ​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​កុមារ​យ៉ាង​ណា​ខ្លះ​ដែរ?

ការ​អប់រំ​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​បំផុត​សម្រាប់​ជួយ​ដល់​មនុស្ស​គ្រប់​វ័យ ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​ផង​ឲ្យ​មាន​ជីវិត​រស់​នៅ​ប្រកប​ដោយ​សីលធម៌​ល្អ និង​មាន​សុខ​សន្តិភាព​ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ​តូច និង​សង្គម​ជាតិ។

ដោយ​យល់​ឃើញ​យ៉ាង​ដូច្នោះ​ហើយ ទើប​សព្វ​ថ្ងៃ​នេះ​គេ​ឃើញ​មាន​ការ​បើក​វគ្គ​សិក្សា​អប់រំ​ផ្លូវ​ចិត្ត​តាម​វិធីសាស្ត្រ​ផ្សេងៗ រហូត​នៅ​តាម​កន្លែង​ខ្លះ​គេ​បាន​បង្កើត​ឲ្យ​មាន​ធម្ម​សិក្សា​សម្រាប់​ជួយ​អប់រំ​ផ្លូវ​ចិត្ត​កុមារ​ផង​ដែរ។

តួយ៉ាង​ដូច​ជា​ថ្មីៗ​នេះ​មាន​ការ​បើក​វគ្គ​ធម្ម​សិក្សា​មួយ​សម្រាប់​កុមារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភ្នំ​ទ្រុងមាន់ ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។
នៅ​ក្នុង​ធម្ម​សិក្សា​នោះ ជា​សំខាន់​គឺ​គេ​ឲ្យ​កុមារ​ផ្ដោត​ទៅ​លើ​ការ​បដិបត្តិ​ធម៌​អានាបាណស្សតិ​កម្មដ្ឋាន ឬ​ធ្វើ​សមាធិ ដោយ​ពិនិត្យ​ខ្យល់​ដង្ហើម​ចេញ​ចូល ដែល​គេ​យល់​ថា ជា​វិធីសាស្ត្រ​អប់រំ​មួយ​ដ៏​ល្អ​ប្រពៃ​ក្នុង​ការ​បង្ហាត់​កុមារ​ឲ្យ​ចេះ​ប្រមូល​ផ្ដុំ​ចិត្ត​ឲ្យ​មូល ឬ​ចិត្ត​ស្ងប់​រម្ងាប់​ល្អ​បរិសុទ្ធ មិន​ប្រឡាក់ប្រឡូស​នូវ​គ្រឿង​សៅហ្មង​ផ្សេងៗ​ជាដើម។ ក្រៅ​ពី​នេះ​ទៀត គេ​បាន​អប់រំ​ណែនាំ​ឲ្យ​កុមារ​រៀន​អនុវត្ត​សីល ៥ ឬ​សិក្ខាបទ ៥ ពីព្រោះ​សីល ៥ នោះ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ចំរើន​កម្មដ្ឋាន​របស់​កុមារ។

នៅ​ក្នុង​ធម្មសាល ឬ​បន្ទប់​បង្រៀន​ធម៌​នៃ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា ដែល​មាន​ទំហំ​ធំ​ទូលាយ​ល្មម និង​នៅ​ជាប់​នឹង​ជើង​ភ្នំ គេ​ឃើញ​កុមារ​ទាំង​ប្រុស​ទាំង​ស្រី ក្នុង​ពេល​នោះ​ដែល​មាន​អាយុ​ចន្លោះ​ពី ៨​ឆ្នាំ ដល់ ១៥​ឆ្នាំ កំពុង​តែ​ត្រងត្រាប់​ធ្វើ​ការ​បដិបត្តិ​ធម៌​តាម​ការ​ណែនាំ​របស់​គ្រូ​ក្នុង​សំឡេង​ខ្សែ​អាត់ គឺ​លោក​សត្យា​នារាយ័នហ្គោឥនកា ដែល​ជា​គ្រូ​វិបស្សនា​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ពិភពលោក។

លោក​បាន​បង្រៀន​ធម៌​អប់រំ​កុមារ​នេះ​ជា​ភាសា​អង់គ្លេស ហើយ​និង​មាន​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ ដោយ​គ្រូ​ជំនួយ​របស់​លោក​ប្រចាំ​ប្រទេស​កម្ពុជា។

លោក កួច សុងហាក់ គ្រូ​ជំនួយ​របស់​លោក​គ្រូ​ហ្គោឥនកា និង​ជា​អាចារ្យ​ប្រចាំ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា បាន​មាន​ប្រសាសន៍​ការ​អប់រំ​កុមារ​តាម​វិធី​ធ្វើ​សមាធិ ឬ​បដិបត្តិ​ធម៌​អានាបាណស្សតិ​កម្មដ្ឋាន​នេះ គឺ​មាន​ប្រយោជន៍​បំផុត​ដែល​អាច​ជួយ​បណ្ដុះ​គំនិត​កុមារ​តាំង​ពី​ក្មេង​វ័យ​ឲ្យ​មាន​គ្រឹះ​សីលធម៌​ល្អ​មាំមួន​នៅ​ក្នុង​ខ្លួន។ ដោយហេតុ​ថា កាល​ណា​កុមារ​ចេះ​អប់រំ​ផ្លូវ​ចិត្ត​បាន​ល្អ គឺ​គេ​អាច​ធ្វើ​ជា​ម្ចាស់​ត្រួតត្រា​លើ​ចិត្ត​របស់​គេ​បាន​ស្ងប់ ហើយ​អាច​ជួយ​ឲ្យ​គេ​ចេះ​ប្រព្រឹត្ត​នូវ​អំពើ​ជា​កុសល​ល្អ។

លោក កួច សុងហាក់៖ «តាម​ឱវាទ​របស់​លោក​គ្រូ ហ្គោឥនកា ជា​អាចារ្យ​ប្រមុខ​នៅ​ប្រទេស​ឥណ្ឌា គឺ​លោក​ចង់​ផ្ចុងផ្ដើម​កូន​សិស្ស​ដែល​ជា​សសរ​របស់​សង្គម ដែល​ជា​អ្នក​ទទួល​ប្រយោជន៍​ទទួល​តំណ​ពី​មនុស្ស​ពេញ​វ័យ ដូច្នេះ​ធម្ម​សិក្សា​កុមារ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ធម៌​បរិសុទ្ធ​ឲ្យ​ក្មេងៗ»

នៅ​ក្នុង​កម្មវិធី​សិក្សា​ធម៌​នៅ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា ខេត្ត​បាត់ដំបង នោះ ក្រៅ​ពី​មាន​ការ​បង្ហាត់បង្ហាញ​ឲ្យ​កុមារ​បាន​រៀន​ធ្វើ​សមាធិ ឬ​ចម្រើន​កម្មដ្ឋាន​អប់រំ​ចិត្ត ក្នុង​នោះ​គេ​ក៏​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ដែរ ដូច​ជា​ការ​លេង​ល្បែង​កម្សាន្ត ការ​និទាន​រឿង​ផ្សេងៗ​ឲ្យ​កុមារ​ស្ដាប់​ជា​ដើម។ រី​ឯ​ការ​និទាន​រឿង​នោះ គេ​លើក​យក​តែ​រឿង​ណា​ដែល​និយាយ​ទាក់ទង​ទៅ​នឹង​ការ​អប់រំ​ទូន្មាន​ផ្នែក​សីលធម៌​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស។

ក្រោយ​ពី​វគ្គ​ធម្ម​សិក្សា​បាន​បញ្ចប់ គេ​ក៏​ឲ្យ​កុមារ​រៀន​បញ្ចេញ​មតិ​យោបល់​ផង​ដែរ ដើម្បី​ឲ្យ​ដឹង​ថា តើ​ការ​យល់​ដឹង​របស់​គេ​នៅ​ក្នុង​ការ​ហាត់​រៀន​ធ្វើ​សមាធិ ឬ​បដិបត្តិ​ធម៌​អានាបាណស្សតិ​កម្មដ្ឋាន​នោះ មាន​ប្រយោជន៍​ដល់​ខ្លួន​គេ ឬ​យ៉ាង​ណា?

ចំពោះ​ការ​ផ្ដល់​ឲ្យ​កុមារ​ចេះ​បញ្ចេញ​មតិ​ក្ដី និង​ការ​ណែនាំ​ឲ្យ​គេ​រៀន​ធ្វើ​សមាធិ​ក្តី គេ​ឃើញ​កុមារ​ជា​ច្រើន​នាក់​បាន​ចាប់​អារម្មណ៍ ដោយ​គេ​បាន​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា កម្មវិធី​អប់រំ​នោះ​ជា​កម្មវិធី​ល្អ ពីព្រោះ​បាន​ធ្វើ​ឲ្យ​គេ​ចេះ​ពី​របៀប​ត្រួតត្រា​លើ​ចិត្ត​ខ្លួន​ឯង ដែល​ជា​បទពិសោធន៍​ថ្មី​មួយ​នៅ​ក្នុង​ជីវិត​របស់​គេ​ពុំ​ធ្លាប់​មាន​ពី​មុន។

ក្នុង​ចំណោម​កុមារ​ដែល​បាន​ចូល​រួម​ក្នុង​ធម្ម​សិក្សា​នោះ កុមារី​មួយ​រូប​ឈ្មោះ បញ្ញា វត្តី ដែល​ជា​សិស្ស​មក​ពី​សាលារៀន​មួយ​ក្នុង​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា នាង​ធ្លាប់​បាន​មក​ចូល​រួម​ក្នុង​ធម្ម​សិក្សា​អប់រំ​ចិត្ត​នៅ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ រួម​ទាំង​លើក​នេះ​ផង។

កុមារី​ដដែល​បាន​បន្ត​ថា ប្រការ​ដែល​នាង​ចូល​ចិត្ត​មក​រៀន​ធម៌​នៅ​ទី​នេះ ពីព្រោះ​នាង​បាន​ទទួល​ផលប្រយោជន៍​ជា​ច្រើន ដូច​ជា​មាន​ការ​ចងចាំ​ក្នុង​ការ​ទន្ទេញ​មេរៀន​ជា​ដើម៖ «វា​អត់​ងាយ​ភ្លេច​ទេ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់ ហើយ​ចិត្ត​អត់​រញ៉េរញ៉ៃ អត់​ច្របូក​ច្របល់»

ក្រៅ​ពី​នេះ​មាន​កុមារ​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា ប្រការ​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​ការ​អប់រំ​ធម៌​អានាបាណស្សតិ​កម្មដ្ឋាន​ជួយ​ឲ្យ​គេ​រៀន​នៅ​សាលា​ចំណេះ​ទូទៅ​បាន​ពូកែ​ជាង​មុន។

កុមារា​មួយ​រូប​ឈ្មោះ វិទូ ជា​សិស្ស​អនុវិទ្យាល័យ​មួយ​នៅ​ខេត្ត​បាត់ដំបង ដែល​បាន​ចូល​រួម​នៅ​ក្នុង​ធម្មសិក្សា​នោះ​បាន​បញ្ជាក់​ថា គេ​បាន​មក​ចូល​រួម​រៀន​ធម៌​នៅ​ទី​នេះ​ជិត ២០​ដង​រួច​មក​ហើយ ហើយ​គេ​បាន​ឃើញ​ថា បាន​ជួយ​ឲ្យ​គេ​ក្លាយ​ពី​សិស្ស​ដែល​រៀន​ខ្សោយ​ទៅ​ជា​សិស្ស​រៀន​បាន​ពិន្ទុ​ល្អ៖ «មក​ពី​ខ្ញុំ​ធ្វើ​អានាបាណ​រាល់​អាទិត្យ មួយ​អាទិត្យ​អង្គុយ​ធម៌​ប្រហែល​ម្ដង ពីរ​ដង ហើយ​ម្ដង​ពី​នាទី។ …​លើក​ក្រោយ​ខ្ញុំ​ចង់​មក​ទៀត»

ក្រៅ​ពី​កុមារ​ដែល​បាន​ទទួល​ការ​អប់រំ​ផ្លូវ​ចិត្ត​តាម​រយៈ​បដិបត្តិ​ធម៌​អានាបាណស្សតិ​កម្មដ្ឋាន ដែល​ពោល​សរសើរ​ថា ជា​កម្មវិធី​ផ្ដល់​ផល​ប្រយោជន៍​ល្អ​ដល់​គេ​នោះ ក្នុង​នោះ​គេ​ឃើញ​មាតា​បិតា​មួយ​ចំនួន​ដែល​បាន​យក​កូន​ទៅ​រៀន​ធម៌​នៅ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា​នោះ ក៏​បាន​បញ្ជាក់​ប្រាប់​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​ថា ជា​កម្មវិធី​មួយ​ជួយ​អប់រំ​ឲ្យ​កុមារ​ចេះ​ដឹង​ខុស​ត្រូវ ចេះ​គោរព​គុណ​ម៉ែ​ឪ និង​ចាស់​ទុំ។

ក្នុង​ចំណោម​ឪពុក​ម្ដាយ​កុមារ អ្នកស្រី ឈុន ចិន្ដាសោភា ដែល​ជា​មន្ដ្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​យក​កូន​ប្រុស កូន​ស្រី​គាត់​ចំនួន​ពីរ​នាក់ ឲ្យ​មក​រៀន​បដិបត្តិ​ធម៌​ដើម្បី​អប់រំ​ចិត្ដ ប៉ុន្តែ​ដោយសារ​តែ​គាត់​ទើប​តែ​យក​កូន​មក​រៀន​ជា​លើក​ដំបូង​នោះ ដូច្នេះ​មិន​ទាន់​ដឹង​ទេ​ថា តើ​លទ្ធផល​យ៉ាង​ណា​នោះ។

អ្នកស្រី​បាន​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​កម្មវិធី​អប់រំ​កុមារ​តាម​របៀប​ឲ្យ​គេ​រៀន​ត្រួតត្រា​ចិត្ត ដែល​ហៅ​ថា ធម៌​សមាធិ ឬ​អានាបាណស្សតិ​កម្មដ្ឋាន​នោះ គឺ​ជា​វិធីសាស្ត្រ​មួយ​ជួយ​បណ្ដុះ​សីលធម៌ ឬ​គុណធម៌​ល្អ​ដល់​កុមារ៖ «ការ​បង្រៀន​ក្មេង​អប់រំ​ឲ្យ​វា​ចេះ​សីល​ទាំង ៥ មិន​ភ ភូត​កុហក មិន​ទៅ​ផឹក​គ្រឿង​ស្រវឹង ឬ​ក៏​អី។ អប់រំ​ក្មេង​ឲ្យ​ដើរ​តាម​គន្លង​មាគ៌ា​ធម៌​ដ៏​ល្អ​នោះ ជា​ការ​ប្រសើរ​ណាស់»

លោក កួច សុងហាក់ គ្រូ​ជំនួយ​របស់​លោកគ្រូ​ហ្គោឥនកា និង​ជា​អាចារ្យ​ប្រចាំ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា កម្មវិធី​ធម្ម​សិក្សា​សម្រាប់​កុមារ​ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​លោក​គ្រូ​អាចារ្យ​ប្រមុខ​ហ្គោឥនកា​នោះ គឺ​មាន​កុមារ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​សកល​លោក ក៏​បាន​ហាត់​រៀន​តាម​កម្មវិធី​នេះ​ដូច​គ្នា​ដែរ ដូច​ជា​ប្រទេស​នៅ​តំបន់​អាមេរិកឡាទីន នៅ​ប្រទេស​ថៃ ប្រទេស​អេស្ប៉ាញ ប្រទេស​ស្វីស អាហ្វ្រិក​ខាង​ត្បូង ។ល។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​មួយ​ឆ្នាំៗ មាន​កុមារ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ចំនួន ៥​ម៉ឺន​នាក់ បាន​ទៅ​ចូល​រួម​បដិបត្តិ​ធម៌​អានាបាណស្សតិ​កម្មដ្ឋាន​ដើម្បី​អប់រំ​ចិត្ត​របស់​គេ។

គណៈកម្មការ​រៀបចំ​វគ្គ​កុមារ​នៃ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១២ នេះ មាន​កុមារ​មក​រៀន​បដិបត្តិ​ធម៌​អានាបាណស្សតិ​កម្មដ្ឋាន ឬ​ធម៌​អប់រំ​ចិត្ត ចំនួន​ប្រមាណ​ជិត ១.០០០​នាក់។

គណៈកម្មការ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ គេ​ក៏​នឹង​បង្កើត​ឲ្យ​មាន​វគ្គ​ធម្មសិក្ស​សម្រាប់​កុមារ​ដែរ ដែល​មាន​ទាំង​អស់​ចំនួន ៦​វគ្គ គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ថ្ងៃ​ទី​១៩ ខែ​ឧសភា ថ្ងៃ​ទី​១៦ ខែ​មិថុនា ថ្ងៃ​ទី​២៦ ខែ​កញ្ញា ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ហើយ​និង​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ ការ​បង្រៀន​ធម៌​សម្រាប់​កុមារ​នេះ គឺ​បើក​បង្រៀន​ចំនួន​មួយ​ថ្ងៃ និង​នៅ​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​កុមារ​នៅ​សាល​រៀន​រដ្ឋ។

សម្រាប់​ការ​ទាក់ទង​ក្នុង​វគ្គ​ធម្មសិក្សា​កុមារ​នេះ គឺ​គេ​អាច​ទាក់ទង​មក​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា តាម​រយៈ​ទូរស័ព្ទ​លេខ 097 6604525 និង​មួយ​ខ្សែ​ទៀត​គឺ 097 9048976៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កុមារ​ជិត​១០០​នាក់​ចូល​រួម​វគ្គ​សិក្សា​អប់រំ​ផ្លូវ​ចិត្ត​​នៅ​ខេត្ត​បាត់ដំបង"

  1. Sokha says:

    សូមគោរពចូលមកវិទ្យុអាស៊ីសេរី RFA

    ខ្ញុំយល់ថា នេះជាកម្មវិធីល្អមួយ សម្រាប់អប់រំកូនខ្មែរឱ្យមានស្មារតីនឹងន ចេះរស់នៅក្នុងសង្គមបានសុខនឹងគ្នា។

    តើកម្មវិធីនេះអាចមាននៅភ្នំពេញឬទេ? ខ្ញុំចង់ឱ្យកុមារ យុវជននៅភ្នំពេញបានចូលរួមផង។

    សូមអរគុណ