បារាំង​បង្កើន​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម រហូតដ​ល់ ៥០ ម៉ឺន​អឺរ៉ូ នៅ​ឆ្នាំ​២០១៣

ភ្នំពេញ: រដ្ឋាភិបាល​ប្រទេស​បារាំង បានសម្រេច​បង្កើន​ប្រាក់​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម ចាប់ពី ៣០ ម៉ឺន​អឺរ៉ូ កាលពី​ឆ្នាំ​កន្លងមក ទៅដល់ ៥០ ម៉ឺន​អឺរ៉ូ នៅ​ឆ្នាំ​២០១៣​។ នេះ​បើ​តាម​លោក សែ​ក្ស ម៉ូ​ស្ទុយ​រ៉ា ( Serge Mostura ) ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​កម្ពុជា​។​

ថ្ងៃទី 5 កុម្ភៈ 2013
ដោយ: រតនា
CEN

​លោក សែ​ក្ស ម៉ូ​ស្ទុយ​រ៉ា ដែល​មិន​ទាន់​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​ក្លាយជា​ឯកអគ្គរដ្ឋទូត​បារាំង ពេញសិទ្ធិ ប្រចាំ​កម្ពុជា បាន​ថ្លែង​ចំពោះ​មុខ​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ស្ថានទូត​បារាំង ប្រចាំ​រាជធានី​ភ្នំពេញ ជុំវិញ​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ នៅ​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី​បារាំង Jean Marc Ayrault​។ លោកនាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព សម្តេច​ព្រះមហាវីរក្សត្រ​។​

​លោក សែ​ក្ស ម៉ូ​ស្ទុយ​រ៉ា បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី​បារាំង Ayrault បាន​ជួប​ជាមួយនឹង​អ្នកពាក់ព័ន្ធ​នៅ​សាលាក្តី​ខ្មែរក្រហម រួមមាន ចៅក្រម ជាដើម ដើម្បី​ពិភាក្សា នៅក្នុង​ស្ថានទូត​បារាំង​។ លោក​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​របស់​បារាំង ក្នុង​សាលាក្តី​ខ្មែរក្រហម និង​ការ​មិន​ឲ្យមាន​នីរ​ទណ្ឌ​ភាព នៃ​ការ​រួច​ទោស លើ​បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ នៅក្នុង​របប​ខ្មែរក្រហម​។​

​លោក សែ​ក្ស ម៉ូ​ស្ទុយ​រ៉ា បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី​បារាំង បាន​គូស​បញ្ជាក់​អំពី​ការបង្កើន​ប្រាក់​ជំនួយ​របស់​បារាំង ដល់​សាលាក្តី​ខ្មែរក្រហម ដោយ​កើន​ពី ៣០ ម៉ឺន​អឺរ៉ូ ទៅដល់ ៥០ ម៉ឺន​អឺរ៉ូ នៅ​ឆ្នាំ​២០១៣​។​

​លោក សែ​ក្ស ម៉ូ​ស្ទុយ​រ៉ា ក៏​បាន​បន្ថែមថា ក្នុង​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​បារាំង Jean Marc Ayrault កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៣​កុម្ភៈ ឆ្នាំ​២០១៣ ក៏បាន​លើកឡើង​អំពី​បញ្ហា​កង្វះ​ថវិកា សម្រាប់​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ​។ ម្យ៉ាងទៀត ថវិកា​សម្រាប់​ដំណើរការ​សាលាក្តី​ខ្មែរក្រហម ក៏​ត្រូវ​បាន​គេ​លើកឡើង  នៅក្នុង​កិច្ចប្រជុំ​រវាង​ប្រទេស​ផ្តល់​ជំនួយ​ផងដែរ​។​

​យ៉ាងណា​ក៏ដោយ លោក​ឯកអគ្គរដ្ឋទូត​បារាំង មិនទាន់​ថ្វាយ​សារតាំង សែ​ក្ស ម៉ូ​ស្ទុយ​រ៉ា ក៏​បាន​គូសបញ្ជាក់ថា ការផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​សាលាក្តី​ខ្មែរក្រហម ពិសេស​ខាង​ភាគី​ជាតិ នាពេលនេះ គឺ​ត្រូវការ​ពេលវេលា ហើយ​អ្នក​ផ្តល់​ជំនួយ និង​អ្នក​ទទួល​ជំនួយ ត្រូវ​ធ្វើការ​រួមគ្នា លើ​បញ្ហា​នេះ​។​

​សូម​រម្លឹកថា មកដល់ពេលនេះ ភាគី​កម្ពុជា នៅតែ​ប្រឈម​នឹង​កង្វះ​ថវិកា ដោយ​ប្រាក់​ខែ​​នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ មិនទាន់​បើក​នៅឡើយ​។ រីឯ​ប្រាក់ខែ​នៅ​ខែ​មករា ឆ្នាំ​២០១៣ ក៏​បុគ្គល​ជាតិ​មាន​ចំនួន​ជិត ៣០០ នាក់ មិន​ទាន់​ទទួល​ដែរ​។ មូលហេតុ មក​ពី​គម្រោង​ថវិកា​ជំនួយ សម្រាប់​ដំណើរការ​សាលាក្តី​ខ្មែរក្រហម ទាំង​ភាគី​ជាតិ និង​ទាំង​ភាគី​អន្តរជាតិ សម្រាប់​ឆ្នាំ​២០១៣ ដែល​មាន​សរុប​ប្រមាណ ៤០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ភាគី​ជាតិ​មាន​ចំនួន ៩,៥ លាន​ដុល្លារ​អាមេរិក មិនទាន់​ត្រូវបាន​ប្រទេស​ម្ចាស់​ជំនួយ ប្រជុំ​អនុម័ត នៅឡើយ​ទេ​៕​

What Next?

Recent Articles