ទទ្ទឹមនឹងការជូនប្អូនស្រីនាង ឈួន ស្រីម៉ៅ ឡើងយន្តហោះបោះពួយឆ្លងទ្វីបឆ្ពោះទៅកាន់ប្រទេសមហាអំណាចអាមេរិក កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈនោះ ស្រាប់តែតារាចម្រៀងរៀមច្បងត្រកូលឈួន អ្នកនាង ឈួន សុវណ្ណឆៃ បានផ្ទុះកំហឹងយ៉ាងក្តៅគគុក ទៅនឹងព័ត៌មានដែលថា ប្អូនស្រីនាងចេញទៅច្រៀងនៅអាមេរិកលើកនេះ គឺដើម្បីគេចវេសពីចំណងស្នេហ៍ត្រីកោណ ប្រពន្ធដើមមន្រ្តីមានអំណាចតាមរកមុខ។
Thursday, 07 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
បងស្រីបង្កើតរបស់ ឈួន ស្រីម៉ៅ អ្នកនាង ឈួន សុវណ្ណឆៃ បានឲ្យថា ស្រីម៉ៅ ចេញដំណើរទៅច្រៀងនៅអាមេរិកលើកនេះ នាងចេញទាំងអារម្មណ៍មិនជ្រះស្រឡះសោះ ខណៈមានចំហាយក្លិនមួយ តាមរំខានដំណើរនាង ហើយក្លិននោះមិនត្រឹមតែប៉ះពាល់អារម្មណ៍នាងតែម្នាក់ឯកនោះទេ នោះថែមទាំងធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសគ្រួសារទាំងមូលទៀតផង។
អ្នកនាងឈួន សុវណ្ណឆៃ បានឲ្យដឹងបន្តថា ស្រីម៉ៅ ត្រូវម្ចាស់ស្ប៉នស័រធានាទៅច្រៀងនៅប្រទសអាមេរិករយៈពេល៣ខែ តែខណៈពេលដែលនាងជិតចេញទៅក៏មានព័ត៌មានផ្ទុះចេញមកថា ស្រីម៉ៅ ចេញទៅច្រៀងនៅអាមេរិកយ៉ាងប្រញាប់ប្រញាល់នេះ ដើម្បីគេចពីចំណងស្នេហ៍ត្រីកោណជាមួយមន្រ្តីមានទ្រព្យ និងមានអំណាចម្នាក់ ខណៈត្រូវប្រពន្ធដើមមន្រ្តីនោះតាមរកមុខ។
