ភ្នំពេញ: រដូវកាលចូលឆ្នាំចិន-វៀតណាម កាន់តែខិតមកដល់ហើយ។ រីឯតាមដងផ្លូវមួយចំនួនក៏មានអ្នកលក់ដើមផ្កាអង្គាសីលជាច្រើនជាប់ៗគ្នា ដែលអ្នកខ្លះយកមកដោយផ្ទាល់ និងខ្លះទៀតទិញបន្តពីឈ្មួញកណ្តាល។
ថ្ងៃទី 9 កុម្ភៈ 2013
ដោយ: វឿន សាវុធ
CEN
ចំណែកប្រជាជនដែលមានជំនឿទៅលើដើមផ្កាអង្គាសីលនេះ ក៏បានដណ្តើមគ្នាទិញយ៉ាងច្រើនកកកុញ នាំឲ្យកកស្ទះចរាចរណ៍ថែមទៀតផង។ ចុះដើមផ្កាអង្គាសីលទាំងនោះមានអត្ថន័យយ៉ាងណាក្នុងក្រអៅបេះដូងនៃជនជាតិចិន?

ប្រជាជនចិនជាច្រើននាក់ដែលឈរទិញដើមផ្កាអង្គាសីលនៅម្តុំវត្តសំពៅមាស បានប្រាប់ឲ្យដឹងថា ពួកគេមិនដឹងថាដើមផ្កាអង្គាសីល មានអត្ថន័យយ៉ាងណាខ្លះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ដើមផ្កាអង្គាសីលទាំងនោះអាចនាំលាភសំណាង និងសេចក្តីសុខដល់ក្រុមគ្រួសារពួកគេ ជាពិសេសរកស៊ីមានបានទៅតាមនោះដែរ។
អ្នកស្រី គឹមលាន អាយុ៣៨ឆ្នាំ ជាអាជីវករលក់គ្រឿងកាឡៃនៅផ្សារអូរឡាំពិក បាននិយាយថា “អត់ដឹងថាវាមានន័យម៉េចទេ តែខ្ញុំគិតថាផ្កាទាំងហ្នឹងមានអី ដាក់ទៅរកស៊ីមានបានសុខសប្បាយដែរតើ!។

ស្រដៀងគ្នានេះដែរ អ្នកស្រី ជីវ ហ្គិច អាយុ៤២ឆ្នាំ បាននិយាយថា “ខ្ញុំអត់ដឹងថាមានន័យម៉េចផង ឃើញគេដាក់ក៏ដាក់នឹងគេដែរទៅ”។
គាត់បន្តថា “ខ្ញុំមកទិញផ្កាអង្គាសីលហ្នឹងរាល់តែឆ្នាំ។ មកពីដាក់អាហ្នឹងទៅល្អ បើសិនជាថ្ងៃចូលឆ្នាំវារីកស្រុះល្អ បានន័យថាយើងរកស៊ីមានបាន ត្រជាក់ត្រជុំតាមហ្នឹងដែរ”។
ចំពោះអាជីវករ សៅ គឹមសាន អាយុ៤៤ឆ្នាំ បានប្រកបមុខរបរលក់ដើមផ្កាអង្គាសីលនេះ រយៈពេល៥ឆ្នាំកន្លងមកហើយ បានរៀបរាប់ឲ្យដឹងថា គាត់បានយកផ្កាអង្គាសីលទាំងនេះមកពីស្រែអំបិលដោយខ្លួនឯងផ្ទាល់ចំនួន៨០ ទៅ១០០បាច់ធំៗជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃលក់ចេញវិញចាប់ពី១០ដុល្លារឡើង និងអាស្រ័យទៅលើបាច់តូច និងបាច់ធំ។ ទន្ទឹមនឹងនេះដែរ ដើមផ្កាអង្គាសីលគឺមានផ្កាល្អជាងរាល់ឆ្នាំទៅទៀត។
គាត់បាននិយាយថា “ផ្កាអង្គាសីលឆ្នាំនេះល្អៗជាងឆ្នាំមុនៗ ហើយតម្លៃវាមានពី១០ដុល្លារឡើង អាស្រ័យលើផ្កាល្អ មិនល្អ”។

ទាក់ទិននឹងជំនឿទៅលើដើមផ្កាអង្គាសីលនេះដែរ លោក ចាំង ឈើលី ជាអ្នកទទួលខុសត្រូវទូទៅនៅមជ្ឈមណ្ឌលមហាធម៌មេត្រី-កម្ពុជា និងជាអ្នកគ្រប់គ្រងសាសនាចិននៅកម្ពុជា បានឲ្យដឹងថា ដើមផ្កាអង្គាសីលនេះមិនមែនតំណាងឲ្យការរកស៊ីមានបាននោះទេ។ ក៏ប៉ុន្តែមានផ្កាមួយទៀតឈ្មោះ “ផ្កាមុហន” ទើបតំណាងឲ្យការរកស៊ីមានបាន។
គាត់បាននិយាយថា “ផ្កាអង្គាសីលនេះដែរ នៅរដូវធា្លក់ព្រិល ឬជារដូវរងា គឺវារីកកាន់ តែស្គុសស្គាយ បានន័យថាកាលណាកាន់តែត្រជាក់ផ្កាអង្គាសីលនេះកាន់តែល្អ ស្រស់ស្អាតថែមទៀតផង។ រីឯមូលហេតុដែលនាំឲ្យប្រជាជនចិននិយមដាក់ដើមផ្កាអង្គាសីលនៅពេលចូលឆ្នាំចិននោះ គឺថាជាផ្កាមួយតំណាងឲ្យភាពតស៊ូមោះមុត និងមានស្មារតីហានក្លា អង់អាចណាស់ ទៅវិញទេ”។
គាត់និយាយបន្តថា មួយវិញទៀត នៅក្នុងប្រពៃណីជនជាតិចិន ដើមផ្កាអង្គាសីល ដើមផ្កាមុហន និងដើមស្រល់ នៅពេលរដូវរងាចូលមកដល់ វាកាន់តែរីកល្អនៅពេល អាកាសធាតុកាន់តែត្រជាក់។
គាត់បាននិយាយថា “ដូច្នេះដើមផ្កាអង្គាសីលនេះ គឺតំណាងឲ្យស្មារតីរបស់អម្បូរចិន មួយប្រភេទគឺ “ជនជាតិហាន” ពីព្រោះថានៅក្នុងចំណោមជនជាតិចិនទាំងអស់មានតែ ជនជាតិហាននេះទេដែលមានប្រជាជនច្រើនជាងគេ។ បើកាលពីមុន ប្រជាជនចិន មានបែងចែកជាជនជាតិហាន ជនជាតិផ្សេងទៀត ក៏ប៉ុន្តែនាពេលបច្ចុប្បន្នគេលែងបែងចែកដូចមុនទៀតហើយ គឺគេច្របាច់បញ្ចូលគ្នាតែមួយ”។
ប្រភពខាងលើបន្ថែមថា លើសនេះទៀត ផ្កាអង្គាសីលនេះ កាលណារីកកាន់តែស្គុសស្គាយ រីឯក្លិនរបស់វាកាន់តែក្រអូប និងជាពិសេសតំណាងឲ្យជនជាតិហានដែលមានស្មារតីតស៊ូ ទោះបីមានភាពត្រជាក់យ៉ាងណាក៏ដោយតែងតែឈានទៅមុខជានិច្ច។ ចំណែកនៅក្នុងចម្រៀងជាតិរបស់ជនជាតិចិនផងដែរ ក៏យកផ្កាអង្គាសីលនេះមកតំណាងដូចគ្នា។
អ្នកទទួលខុសត្រូវទូទៅនៅមជ្ឈមណ្ឌលមហាធម៌មេត្រី-កម្ពុជា និងជាអ្នកគ្រប់គ្រងសាសនាចិននៅកម្ពុជា បានបន្ថែមទៀតថា ផ្កាអង្គាសីលនេះដែរ គឺមាន២ពណ៌ ដែលមានពណ៌លឿង និងពណ៌ផ្កាឈូក។ ចំពោះការទិញដើមផ្កាអង្គាសីលមកដាក់តាំងនៅផ្ទះពេលចូលឆ្នាំចិននោះ គឺមិនមានការបែងចែកមួយណាល្អ ឬមិនល្អនោះទេ គ្រាន់តែថាជ្រើសរើសយកដើមផ្កាអង្គាសីលណាមួយដែលមានមែក និងផ្កាច្រើន នោះទើបជាការល្អ និងតំណាងឲ្យត្រជាក់ត្រជុំហើយ៕ S
I live in Vietnam in 1976 and I know some about ផ្កាអង្គាសីល.
Normally this flower is bloomming at the month of Chinese new year. A long time ago when people saw the bloomming of this flower came at th new year like that, they considered this flower came to welcome the new year. And the Vietnamese people consider and call it “Bong Bai”. Bong means Flower, Mai means Lucky. So, Bong Mai means ” Lucky Flower”. So this is the custom they always bring this flower home every new year day for the lucky time.