អាដហុក៖ ទំនាស់ដីធ្លី​កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាវ ហើយ​ការតវ៉ា​កាន់តែ​មាន​ចំនួន​កើនឡើង

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សមាគម​សិទ្ធិមនុស្ស អាដហុក បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ដីធ្លី បង្ហាញថា ឆ្នាំ​២០១១ ជា​ឆ្នាំ​មាន​កំណើន​ដ៏​ខ្ពស់ នៃ​ចំនួន​សម្បទាន​ដី​សេដ្ឋកិច្ច ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​។ រីឯ​ឆ្នាំ​២០១២ ទំនាស់​ដីធ្លី កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាវ ហើយ​ការតវ៉ា​កាន់តែ​មាន​ចំនួន​កើនឡើង​។ តាម​របាយការណ៍ មកទល់​នឹង​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់ ឬ​បម្រុង​ដី​យ៉ាងតិចណាស់​ជាង ២,៦ លាន​ហិកតា ទុកឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​។ ក្នុង​ឆ្នាំ​២០១២ អាដហុក ក៏​បាន​កត់ត្រា​ថា មាន​ប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​លំនៅដ្ឋាន និង​ដីធ្លី។ បើ​គិត​ត្រឹម​ថ្ងៃ​៣១​ធ្នូ ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ ៣៨ នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ និង ៥០ នាក់ កំពុង​រត់គេចខ្លួន​។​

ថ្ងៃ ព្រហស្បតិ៍ 14 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI

លោក ​ធន សារាយ ប្រធាន​សមាគម​អាដហុក ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ដីធ្លី (RFI/Menhour Ly)

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(03:51)

របាយការណ៍ ក្រោម​ចំណងជើង​ថា “​ផ្លូវ​របត់​? សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅដ្ឋាន និង​សិទ្ធិ​ធនធាន​ធម្មជាតិ នៅ​កម្ពុជា​” ត្រូវបាន​សមាគម អាដហុក បោះពុម្ព និង​ចែក​ផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​កុម្ភៈ ឆ្នាំ​២០១៣​។​
 
​របាយការណ៍ កម្រាស់ ៥៦ទំព័រ ជា​ភាសា​ខ្មែរ និង​អង់គ្លេស បង្ហាញថា មកទល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់ ឬ​បម្រុង​ដី​យ៉ាងតិចណាស់ ២.៦៥៧.៤៧៩ ហិកតា ទុកឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​។ ចំនួន​នេះ កើនឡើង ១៦,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១១​។​
 
​លោក ធន សារាយ ប្រធាន​សមាគម អាដហុក បាន​លើកឡើង​ថា បើទោះជា​មាន​សេចក្តីប្រកាស​ស្តីពី​ការ​ផ្អាក​បណ្តោះអាសន្ន​លើ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ក៏ដោយ ក៏​ក្នុង​ឆ្នាំ​២០១២​កន្លងមកនេះ រាជរដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ ចំនួន ៦៦ បម្រុង​ដី​ចំនួន ៣៨១.១២១ ហិកតា សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច​។​
 
​តាម​របាយការណ៍ សម្បទាន​ដី ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុនថ្មីៗ​នេះ ភាគច្រើន​ប៉ះពាល់​លើ​តំបន់​ការពារ​។​
 
​ក្នុង​ឆ្នាំ​២០១២ សមាគម អាដហុក ក៏​បាន​ទទួល​វិវាទ​ដីធ្លី ចំនួន ៧០ ករណី ប៉ះពាល់​ផ្ទៃដី​សរុប ជាង ១០១.៤០៨ ហិកតា និង​មាន​ប្រជាពលរដ្ឋ ១០.៦៨៩ គ្រួសារ​។ ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ដីធ្លី​ច្រើនជាងគេ មាន​នៅ​ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ធំ កោះកុង ក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្ត​សៀមរាប​។​
 
​ក្នុង​ឆ្នាំ​២០១២ អាដហុក ក៏​បាន​កត់ត្រា​ថា ប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​លំនៅដ្ឋាន និង​ដីធ្លី​។ ពោល​គឺ​កើន ១៤៤% បើ​ធៀប​នឹង​ឆ្នាំ​២០១១​។ គិត​ត្រឹម​ថ្ងៃ​៣១​ធ្នូ ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ ៣៨ នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ និង ៥០ នាក់ កំពុង​រត់គេចខ្លួន​។​
 
​រឿងក្តី​ល្បីៗ​មួយចំនួន ក៏​ត្រូវ​បាន​អាដហុក លើក​បង្ហាញ​ក្នុង​របាយការណ៍ ដែល​រួមមាន ការជំនុំជម្រះ​លោក​ម៉ម​សូណង់ដូ តំណាង​អ្នក​ភូមិ​បឹងកក់ បូរី​កីឡា និង​ករណី​ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ជាដើម​។​
 
​ក្នុង​ឆ្នាំ​២០១២ បុគ្គលិក​សិទ្ធិ​មនុស្ស ក៏​បាន​មើលឃើញ ការបង្ក្រាប​ទៅលើ​ការតវ៉ា​ដោយ​សន្តិវិធី និង​ការ​បៀតបៀន​ទៅលើ​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន និង​សិទ្ធិ​ដីធ្លី​ផងដែរ​។​
 
​នៅ​ឆ្នាំ​២០១២ អាដហុក បាន​កត់ត្រា​ថា រាជរដ្ឋាភិបាល បាន​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច ៣៨ កន្លែង គ្របដណ្តប់​លើ​ផ្ទី​ដី​ជាង ១ សែន​ហិកតា ដែល​ច្រើន​ជាង​ពីរដង បើ​ធៀប​នឹង​ឆ្នាំ​២០១១​។​
 
​ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ក៏​បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ចាត់តាំង​ក្រុមយុវជន ចុះ​វាស់វែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចែកជូន​ប្រជាពលរដ្ឋ ចាប់តាំងពី​ខែ​មិថុនា ឆ្នាំ​២០១២​។ តែ​លោក​ធន​សារាយ បាន​ទទូច​ឲ្យ​ក្រុមយុវជន​ទាំងនោះ វាស់វែង និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ ដែល​មាន​ទំនាស់ រួមទាំង​អ្នក​មាន​បញ្ហា​ដីធ្លី នៅ​ភ្នំពេញ ជាពិសេស​ជនជាតិដើម​ភាគតិច ក៏​គួរតែ​រដ្ឋាភិបាល ផ្តល់​កម្មសិទ្ធិ​ដីធ្លី ជា​សមូហភាព​ផងដែរ​៕​

—————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

11 Responses to "អាដហុក៖ ទំនាស់ដីធ្លី​កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាវ ហើយ​ការតវ៉ា​កាន់តែ​មាន​ចំនួន​កើនឡើង"

  1. nara says:

    បញ្ហារឿងដីធ្លីក្នុងស្រុកយើងមានភាពធ្ងន់ធ្ងរមកយូរហើយ

    ប៉ុន្តែប្រជាជនខ្មែរមិនហានចេញមកទាមទារភាពយុតិ្តធម៌

    ពីព្រោះរដ្ធាភិបាលនេះបានប្រើប្រាស់កម្លាំងសមត្ថកិច្ចបង្ក្រាបដល់ពលរដ្ធ

    ធ្វើឲ្យបានរងរបូសនិងបាត់បង់ជីវិត៕

  2. Khmer Family says:

    អ៊ើយ ជំនាញរកស៊ីរបស់គាត់! បើគាត់មិនសរសេរអវិជ្ជមានពីរាជរដ្ឋាភិបាលទេ គាត់បានលុយឯណា មកចិញ្ចឹមគ្រួសារគាត់និងបក្សពួកគាត់ ! អ្នកថា ចេះតែថា ដើម្បីបានលុយ ​ឯអ្នកធើ ក៏ចេះតែខំធើទៅ ហើយអស់លុយម៉ា គគោក ស្អប់ពួកអ្នក ធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់….ពួកអុចអាលសង្គម……….

  3. ហាហា says:

    អោយតែមានជំនាស់ដីធ្លីច្រើន​ អ្នកដែលមានជាងគេ គឺក្រុមលោកតុលារ​​ ខ្មែរទូទាំងលោកដឹងច្បាស់ថា​ លោកតុលាការជាទីគោរព លុយមិនគ្រប់ចាញ់

  4. ខ្មែរម្ចាស់ស្រុក says:

    ស្អប់ពួកអ្នក ធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់….(ជនជាតិយួនខុសច្បាប់ចូលស្រុកខ្មែរយ៉ាងអាណាធិប្បតេយ្យ)
    ស្អប់ពួកអ្នក ធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់…..(ប្លន់ដីពីប្រជាពលរដ្ឋខ្មែរយកទៅអោយក្រុមហ៊ុនបរទេស)
    ស្អប់ពួកអ្នក ធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់……(បណ្តេញខ្មែរចេញ   បណ្តោយអោយយួនចូល}

  5. បញ្ហាទំនាស់ដីធ្លី បន្តិច រឺ ប៉ុន្មានឆ្នាំយ៉ាងឆាប់ខាងមុខ នេះ និង មិនមានទំនាស់ទៀតទេ រវាង រដ្ឋ និង ប្រជាជន ក្រុមហ៊ុន និង ប្រជាជន ព្រោះ រដ្ឋាភិបាលបានរៀបចំ កំណែទំរង់ដីធ្លី នឹង វាស់វេង ដីកម្មសិទ្ធ ឌីធ្លីជូនប្រជាជន ក្រោយពី ផ្តល់កម្មសិទ្ធ ជូន ប្រជាជន រួចរាល់ ប្រជាជនមានប្លង់ ដីធ្លី ត្រឹម ត្រូវស្របច្បាប់កាន់កាប់ នោះ មិនមានអ្វីកើតឡើងទេ ម្យ៉ាងទៀត ការយកប៉ុន ដីស្រែ ចំការ រឺ ផ្ទះ វាមានភាពងាយស្រួល មន្រ្តី មិនអាច កេបន្លំ លើរដ្ឋបានឡើយ ។ ការកែទំរង់ ដីធ្លី និង ការរៀបចំដីធ្លី មុននឹង មានរបៀប និយាយរួម ដំណាក់ការលកំណែទំរង់គឺរមេងតែងតែ ជួបនូវបញ្ហា ដូច្នេះឯង ។ យើង ពិបាកថាណាស់ ជួនកាល ត្រឹម ត្រូវ ជួនកាល មិនត្រឹម ត្រូវ ចំពោះ អ្នកតវ៉ា រឿង ដីធ្លី ខ្លះ ដោយសារជឿគេ ខ្លេះ តវ៉ាត្រឹម ត្រូវ ដូច្នេះ ហើយបានជា រដ្ឋាភិបាល ខឹតខំ ដោះស្រាយ និង អោយ បញ្ហាទាំងឡាយ ផ្ទុះចេញអោយអស់ ថាតើបញ្ហាដីធ្លី មានប៉ុន្មាន ប្រភេទ នៃបញ្ហា ដើម្បី ងាយស្រួលដោះស្រាយ និង បំបាត់បញ្ហាជូន ប្រជាជន មិនអោយ កើតមាន ។

  6. Ratha says:

    បញ្ហាដីធ្លី បញ្ហាភាពក្រីក្រ បញ្ហាអំពើពុករលួយ សុទ្ធតែជាបញ្ហាដ៏ធំដុំ
    ដែលកើតមានឡើងជាយូរយារណាស់មកហើយ តែក៏មិនធ្លាប់ឃើញ
    រដ្ឋាភិបាលណា ពិសេសបំផុតរដ្ឋាភិបាលក្រោមការដឹកនាំរបស់ហ៊ុន សែន
    ប្រើប្រាស់អំណាចដែលខ្លួនមានមកដោះសករាយបញ្ហាទាំងនេះបន្ដិចសោះ
    ចង់សួរអស់លោកថា វាហេតុអី? វាមិនមើលមិនឃើញចឹងរឺ? រឺវាខ្វាក់?

  7. លោកធំ says:

    លោកអ្នកត្រូវតែគឹតពីសន្លឹកឆ្នោត របស់យើង!!!!!!!!!!

  8. Hu Chi Min says:

    Sok Xmer a na hean 1 anh !!!!! Pouk Hen Know Bong Min Ort ???? a Pa Pler !! yuk tang os !! Srok Xmer !!!!!

  9. Anonymous says:

    Crazy Khmer family, and mr. Used to work in NGO. Both of will become poor at poor. Ha

  10. ក្មេងកើតឆ្នាំ១៩៧៥ says:

    ម៉ែអើយអើយម៉ែកូនម៉ែស្រវាឆ្អឹងចោលសាច់ឈាមឯង។ថ្នាក់ថ្នមសាសន៍គេរឹបអូសបង
    ប្អូនវាយដំច្រំធាក់ដាក់គុកច្រវាក់ចោទថាប្រឆាំង។កូនម៉ែជួលដីឲ្យេ៩៩ឆ្នាំ។មួយហិចតាតែ
    ៥$។រិបអូសដីធ្លីបំផ្លាញលំនៅកូនចៅយំរកអាហារព្រាត់មេព្រាត់បាទួញសោកបោកប្រាណ។
    បំំប៉នថៅកែភ្លេចខ្មែរសាសន៍ឯងកោតស្រែងក្តែងៗថាអប្បគមន៍។

  11. យក្សមាឌល្អិត says:

    ឲ្យតែរបៀបនេះកើតឡើងកាន់តែខ្លាំង បដិវត្តន៏ដីធ្លីកាន់តែជិតផ្ទុះ! បើមានការរើបម្រាស់ក្នុងរឿង
    វិវាទដីធ្លីរវាងអ្នកមានលុយ និង អ្នកក្រកាន់តែខ្លាំងកាន់តែច្រើន អស្ថេរភាពសង្គមនឹងចូលខ្លួន
    មកជំនួសសន្តិភាពបច្ចុប្បន្ន។
    ឈាមខ្មែរពិតជាហូរជាថ្មីម្តងទៀតមិនខាន!។
    .
    សូមអាណិតរាស្រ្តខ្មែរទន់ខ្សោយផង បើផ្តល់សំណង គួរតែសមស្រប។